គ្រួសារអតីតយុទ្ធជនពលីនៅឃុំសាលាវិស័យ បានទទួលខ្នងផ្ទះទី២១៥ អំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

ខេត្តកំពង់ធំ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ អញ្ចើញចុះប្រគល់ខ្នងផ្ទះទី២១៥ អមដោយអាជ្ញាធរ និងជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ជូនគ្រួសារអតីតយុទ្ធជនពលីនៅភូមិសាលាវិស័យ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្ត នៅរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ ។

លោកស្រី សុំ មុត អាយុ ៦១ឆ្នាំ ជាស្រ្តីមេម៉ាយ មានកូនក្នុងបន្ទុក៨នាក់ ភរិយាលោកអនុសេនីយ៍ទោ ឈឹម ខន មន្ត្រីនគរបាលបម្រើការងារនៅស្រុកប្រាសាទបល្ល័ង្ក ពលីជីវិតនៅឆ្នាំ១៩៩៣ នៅក្នុងសមរភូមិជីអោក ខេត្តព្រះវិហារ បច្ចុប្បន្នមានជំរកស្នាក់នៅមិនសមរម្យ ត្រូវបានក្រុមការងារគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ សាងសង់ផ្ទះជូន ដែលជាខ្នងទី២១៥ អំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត តាមរយៈឯកឧត្តមទេសរដ្ឋមន្រ្តី នាយឧត្ដមសេនីយ៍ គន់ គីម សាងសង់ខ្ពស់ផុតពីដី សសរបេតុង ឆ្អឹង ដែក រនាបក្តា ជញ្ជាំងស្មាតបត ដំបូលប្រក់ស័ង្កសីកិនភ្លីនិងជណ្ដើរកាច់ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន សំណូមពរគ្រួសារអតីតយុទ្ធជនពលី និងប្រជាពលរដ្ឋ អនុវត្តន៍នូវគោលនយោបាយភូមិ.ឃុំ មានសុវត្ថិភាព ចូលរួមលុបបំបាត់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នៅក្នុងមូលដ្ឋាន ដោយផ្តើមចេញពីយើងទាំងអស់គ្នា គ្មានអ្នកប្រព្រឹត្តល្បែងស៊ីសងខុសច្បាប់ និងត្រូវខិតខំដាំដំណាំ ចិញ្ចឹមសត្វ ប្រកបមុខរបររកទទួលទានដោយសុច្ចរិតទៀងត្រង់ អនុវត្តន៍វិធានការការពារទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ៣ការពារនិង៣កុំ របស់សម្តេចតេជោ ហ៊ុន សែន ។

ក្នុងពិធីប្រគល់ផ្ទះនេះ បានឧបត្ថម្ភអំណោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី អង្ករ ៥០គ.ក មី ២កេស ទឹកត្រី ទឹកស៊ីអ៊ីវ ២យួរ និងសម្ភារៈផ្ទះបាយមានដូចជា ឆ្នាំង ចាន ស្លាបព្រា ចានដែក និងសម្ភារៈផ្សេងៗទៀត ព្រមទាំងថវិកាមួយចំនួន លោកស្រី សុំ មុត ភរិយាអតីតយុទ្ធជនពលី បានអគុណ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ រួមទាំងគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ សូមបានជួបតែនិងពុទ្ធពរទាំងប្រាំប្រការ កុំបីឃ្លៀងឃ្លាតឡើយ និងបានប្តេជ្ញាចិត្តបន្តគាំទ្រសម្តេចតេជោហ៊ុន សែនលុះអវសាន្តជីវិត ៕
ដោយ ប៊ុន រដ្ឋា

ads banner