មេដឹកនាំតៃវ៉ាន់ប្រាប់ចិនថាការប្រឈមមុខគ្នាដោយអាវុធមិនមែនជាជម្រើស

តៃវ៉ាន់៖ ប្រធានាធិបតីតៃវ៉ាន់លោកស្រី Tsai Ing-wen បានលើក ឡើង នៅថ្ងៃចន្ទ ទី១០ ខែតុលានេះថា ការគំរាមកំហែងរបស់ចិនតាម រយៈសកម្មភាពយោធាប្រឆាំងនឹងតៃវ៉ាន់គឺ «មិនមែនជាជម្រើសទេ» ហើយនឹងរុញច្រានភាគីទាំងពីរឱ្យកាន់តែឆ្ងាយពីគ្នា។ថ្លែងក្នុង ទិវា ជាតិ តៃវ៉ាន់ លោកស្រី Tsai បាននិយាយថា ប្រទេសចិនមិនគួរយល់ ច្រឡំលើការប្រកួតប្រជែងនៅក្នុងប្រព័ន្ធនយោបាយប្រជាធិបតេយ្យពហុបក្សរបស់តៃវ៉ាន់ថា ជាចំណុចខ្សោយ ហើយព្យាយាមបំបែក សង្គមតៃវ៉ាន់នោះទេ។

លោកស្រី Tsai បានសង្កត់ធ្ងន់ថា៖«ខ្ញុំចង់បញ្ជាក់ឱ្យច្បាស់លាស់ ចំពោះអាជ្ញាធរក្រុងប៉េកាំងថាការប្រឈមមុខដាក់គ្នាដោយប្រដាប់អាវុធគឺមិនមែនជាជម្រើសសម្រាប់ភាគីទាំងពីរទេ»។

លោកស្រីបានបន្ថែមថា៖ «ជម្រើសមានតែការគោរពលើការប្តេជ្ញា ចិត្តរបស់ប្រជាជនតៃវ៉ាន់ ចំពោះអធិបតេយ្យភាព លទ្ធិប្រជាធិប តេយ្យ និងសេរីភាពរបស់យើងប៉ុណ្ណោះ ទើបអាចមានមូលដ្ឋានគ្រឹះ សម្រាប់ការបន្តទំនាក់ទំនងឡើងវិញ នៅទូទាំងច្រកសមុទ្រតៃវ៉ាន់»។

សូមជម្រាបថា តៃវ៉ាន់កំពុងប្រារព្ធទិវាជាតិរបស់ខ្លួននៅថ្ងៃទី១០ ខែ តុលានេះ ដោយបានអញ្ជើញភ្ញៀវអន្តរជាតិមួយចំនួនចូលរួម អម ដោយពិធីផ្សេងៗ ក្នុងនោះក៏មានការបង្ហាញសព្វាវុធ ដូចជា យន្តហោះ ចម្បាំងផងដែរ។

បុណ្យជាតិតៃវ៉ាន់បានបង្ហាញពីការស៊ូទ្រាំរបស់តៃវ៉ាន់ ក្នុងនាមជា អង្គភាពនយោបាយឯករាជ្យមួយ តាមគោលការណ៍លទ្ធិប្រជាធិប តេយ្យ និងសេរីភាពសារព័ត៌មាន។ ក្រៅពីនេះ ថ្ងៃឈប់សម្រាក បុណ្យជាតិ ដែលត្រូវបានគេស្គាល់ និងហៅជាទូទៅថាជា «Double Ten» នៅតៃវ៉ាន់ ក៏បានរំលឹកឡើងវិញដល់ការបះបោរនៅឆ្នាំ១៩១១ ដោយកងទ័ពនៅក្នុងទីក្រុង Wuhan របស់ប្រទេសចិន ដែលបាន នាំឱ្យមានការដួលរលំនៃរាជវង្ស Qing។

នៅពេលមានសង្គ្រាមស៊ីវិលក្នុងឆ្នាំ១៩៤៩ បក្សកុម្មុយនិស្តចិន បានកម្ចាត់រដ្ឋាភិបាលជាតិនិយមចេញពីដីគោក ប៉ុន្តែនៅពេលនេះ ចិនដីគោកនៅតែបន្តទាមទារយកកោះតៃវ៉ាន់ ដើម្បីគ្រប់គ្រង។

សុន្ទរកថារបស់លោកស្រី Tsai បានផ្តោតជាសំខាន់លើភាព ជោគជ័យ របស់តៃវ៉ាន់ក្នុងការពង្រឹងបណ្តាញសន្តិសុខ សង្គម សម្រាប់មនុស្សវ័យចំណាស់ និងបន្តការរីកលូតលាស់សេដ្ឋកិច្ច ដោយផ្អែកលើបច្ចេកវិទ្យាជាន់ខ្ពស់របស់ខ្លួន ទោះបីជាមាន ការរាតត្បាតនៃជំងឺកូវីដ-១៩ក៏ដោយ។ប៉ុន្តែលោក ស្រី ក៏ បាន សង្កត់ធ្ងន់លើកិច្ចខិតខំប្រឹងប្រែងរបស់តៃវ៉ាន់ ដើម្បីការពារខ្លួន ពីការគំរាមកំហែងរបស់ចិនដីគោក តាមរយៈការបង្កើនការ នាំចូលផ្នែកសម្ភារៈពីបរទេស ការពង្រឹងឡើងវិញនៃ ឧស្សាហកម្ម អាវុធក្នុងស្រុកនិងការធ្វើឱ្យប្រសើរឡើងនូវការបណ្តុះបណ្តាលកងកម្លាំបម្រុង។លោកស្រី Tsai ក៏បានលើកឡើងពីកម្មវិធីអភិវឌ្ឍន៍ នាវាមុជទឹករបស់តៃវ៉ាន់ និងការផលិតនាវាចម្បាំងក្នុងស្រុក ដំបូងរបស់ខ្លួន ដែលចាត់ទុកថាជាភាពជោគជ័យរបស់តៃវ៉ាន់។

សង្គ្រាមរបស់រុស្ស៊ីលើអ៊ុយក្រែនបានទាញការចាប់អារម្មណ៍ឡើងវិញលើប្រទេសចិន និងវិធីសាស្រ្ត ដែលតៃវ៉ាន់អាចទប់ទល់នឹង សត្រូវដ៏ ធំរបស់ខ្លួន។ ចិន ដែលមានកងទ័ពដ៏ច្រើនបំផុតក្នុងពិភពលោក និងប្រមូលផ្តុំដោយអាវុធធំៗ ធៀបនឹងតៃវ៉ាន់។

កាលពីដើមខែសីហាកន្លងទៅ ចិនបានបើកធ្វើសមយុទ្ធយោធា គំរាមកំហែងជុំវិញដែនកោះប្រជាធិបតេយ្យមួយនេះ ដើម្បីជា ការឆ្លើយតបចំពោះដំណើរទស្សនកិច្ចទៅកាន់កោះនេះ ដោយ ប្រធានសភាអាមេរិក លោកស្រី Nancy Pelosi។

សកម្មភាពសមយុទ្ធនៅពេលនោះ រួមមាន ការបញ្ជូនកប៉ាល់ និងយន្តហោះឆ្លងកាត់ខ្សែពុះចែកនៃច្រកសមុទ្រតៃវ៉ាន់ ដែល ជាតំបន់ការពាររវាងភាគីទាំងសងខាង។

ប្រទេសចិនក៏បានបាញ់កាំជ្រួចមីស៊ីលយ៉ាងហោចណាស់ចំនួនបួនគ្រាប់ពីលើកោះតៃវ៉ាន់ដែលគ្រាប់មីស៊ីលខ្លះបានធ្លាក់នៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសជប៉ុន។

ទោះបីជាមានការគម្រាមកំហែងពីទីក្រុងប៉េកាំងក៏ដោយ ក៏សហរដ្ឋ អាមេរិក និងអ្នកការទូតបរទេសផ្សេងទៀត នៅតែបន្តទៅសួរ សុខ ទុក្ខតៃវ៉ាន់ ហើយការប្តេជ្ញាចិត្តរបស់ទីក្រុងវ៉ាស៊ីនតោនចំពោះវិស័យ ការពារជាតិរបស់កោះតៃវ៉ាន់ហាក់ដូចជារីកចម្រើនថែមទៀត៕ ដោយ៖ យ៉ាន អាន/ CPA

ads banner