សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន៖ មន្រ្តីរុស្ស៊ីថា ការវាយប្រហារថ្ងៃនេះ គឺជាយុទ្ធសាស្ត្រសង្គ្រាមថ្មី ខណៈអ៊ុយក្រែនព្រមានពីការសងសឹក
រុស្ស៊ី៖ អភិបាលតំបន់គ្រីមៀបានអះអាងនៅថ្ងៃចន្ទទី ១០ខែតុលា ឆ្នាំ២០២២នេះថា រុស្ស៊ីបានផ្លាស់ប្ដូរយុទ្ធសាស្រ្ត «ប្រតិបត្តិការ យោធាពិសេស» របស់ខ្លួន ក្នុងការវាយប្រហារអ៊ុយក្រែន។
លោកថ្លែងយ៉ាងដូច្នេះ បន្ទាប់ពីមានការរាយការណ៍ជាច្រើន ពី រលកនៃការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីលើតំបន់ និងទីក្រុង ជាច្រើននៅទូទាំងប្រទេសអ៊ុយក្រែន រួមទាំងកន្លែងដែល នៅឆ្ងាយ រាប់រយគីឡូម៉ែត្រពីសមរភូមិជួរមុខ។
ក្នុងសម្ដីដែលត្រូវបានចែកចាយតាមបណ្ដាញសារតេឡេក្រាម លោក Sergey Aksyonov បានអះអាងបន្ថែមថា៖ «ខ្ញុំបាន និយាយចាប់តាំងពីថ្ងៃដំបូងនៃប្រតិបត្តិការយោធាពិសេសថា ប្រសិន បើសកម្មភាពបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរបស់សត្រូវ ធ្វើឡើង ជារៀង រាល់ ថ្ងៃនោះ យើងនឹងបញ្ចប់អ្វីៗគ្រប់យ៉ាងឱ្យរួចរាល់នៅក្នុងខែ ឧសភា បាត់ហើយ ហើយរបបក្រុងកៀវនឹងត្រូវបរាជ័យ។ ខ្ញុំសង្ឃឹមថាពេលនេះ ល្បឿននៃប្រតិបត្តិការនឹងមិនថយ ចុះនោះ ទេ»។
ការអះអាងយ៉ាងដូច្នេះរបស់លោក Aksyonov គឺជាអ្វីដែលលោក ខាងលិចរួមទាំងអ៊ុយក្រែនខ្លួនឯងផ្ទាល់បានព្រមាននាពេលកន្លងមក ជាពិសេសនៅពេលដែលរុស្ស៊ីបាក់ទ័ពចាញ់នៅតំបន់ភាគខាងត្បូង និងភាគខាងកើតអ៊ុយក្រែនហើយជាគឺជាអ្វីដែលផ្ទុយពីការអះអាងនាពេលកន្លងមក របស់វិមានក្រឹមឡាំងដែលថាការវាយប្រហាររបស់ខ្លួន ធ្វើឡើងតែលើគោលដៅយោធារបស់អ៊ុយក្រែនប៉ុណ្ណោះ។
ជាមួយគ្នានេះផងដែរ នៅព្រឹកថ្ងៃចន្ទនេះ តំបន់និងទីក្រុងជា ច្រើន របស់អ៊ុយក្រែន រួមទាំងរដ្ឋធានីកៀវ ក្រុងអូដេសា និងក្រុងនីប៉ឺរ តំបន់ ខាកៀវ លីវ ហ្សាប៉ូរីចា ហ្សូម៊ី Khmelnytskyi សុទ្ធតែរកការ វាយ ប្រហារដោយមីស៊ីលពីអ៊ុយក្រែន ដែលធ្វើឱ្យខូចខាតហេដ្ឋា រចនា សម្ព័ន្ធស៊ីវិល រួមទាំងផ្លូវ ស្ថានីយរថភ្លើង ខណៈអគ្គិសនីនៅ តាម ទីក្រុង និងតំបន់មួយចំនួនត្រូវបានកាត់ផ្ដាច់ ដោយសារតែការវាយ ប្រហារ។ បើតាមខ្សែរវីដេអូជាច្រើន ដែលគេបង្ហោះចែកចាយនៅលើ បណ្ដាញសង្គមធ្វីតធ័រនិងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ បង្ហាញឱ្យឃើញ ពីពលរដ្ឋអ៊ុយក្រែនជាច្រើនកំពុងរត់ជ្រកកោននៅទីកន្លែងមានសុវត្ថិភាពខណៈរូបភាពថ្មីៗជាច្រើនបង្ហាញពីផ្សែងខ្មៅហុយទ្រលោមនៅលើបណ្ដាទីក្រុងផ្សេងៗ ដែលរងការវាយប្រហារ។
អ៊ុយក្រែនមិនទាន់បានបញ្ចេញចំនួនអ្នកស្លាប់ និងជនរងគ្រោះស៊ីវិល ដោយសារតែការវាយប្រហារដ៏ធំចុងក្រោយនេះនៅឡើយទេ ប៉ុន្តែ លោកប្រធានាធិបតីអ៊ុយក្រែន វ៉្លូឌីមៀរ ហ្សេលេនស្គី បានថ្លែងថ្កោល ទោសនៅលើបណ្ដាញសារតេឡេក្រាមថារុស្ស៊ីធ្វើសកម្មភាពភេរវកម្ម ដោយប្រើមីស៊ីល ដែលក្រុងមូស្គូទិញពីអ៊ីរ៉ង់។
គួរបញ្ជាក់ផងដែរថា ការវាយប្រហាររបស់រុស្ស៊ីធ្វើឡើងបន្ទាប់ពី ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បានចោទអ៊ុយក្រែន ថា ជាអ្នកនៅពីក្រោយការផ្ទុះលើស្ពាន ដែលភ្ជាប់ពីទឹកដីរបស់រុស្ស៊ី ទៅឧបទ្វីបគ្រីមៀ ដែលរុស្ស៊ីកាត់យកថាជារបស់ខ្លួន។ វាក៏កើតឡើងបន្ទាប់ពីលោក ពូទីន តែងតាំងលោក Sergei Surovikin ឱ្យធ្វើជាមេបញ្ជាការចំពោះប្រតិបត្តិការយោធា របស់ រុស្ស៊ីនៅអ៊ុយក្រែន។ មន្រ្តីរូបនេះ ត្រូវបានគេស្គាល់ថាប្រើយុទ្ធសាស្រ្ត យោធាដ៏ឃោឃៅនៅស៊ីរី កាលពីលោកធ្វើជាមេទ័ពរុស្ស៊ីនៅទីនោះ។ ចំពោះការវាយប្រហារចុងក្រោយ រុស្ស៊ីមិនទាន់ចេញសេចក្ដី ថ្លែងការណ៍ យ៉ាងណាជាផ្លូវការនោះទេ។
បើតាមយោធារបស់អ៊ុយក្រែននៅព្រឹកថ្ងៃចន្ទនេះ រុស្ស៊ីបានបាញ់ មីស៊ីលយ៉ាងហោចណាស់ ៧៥ គ្រាប់ ប៉ុន្តែ ៤១ គ្រាប់ក្នុង ចំណោម នោះ ត្រូវបានយោធាអ៊ុយក្រែនបាញ់ទម្លាក់។
ក្រសួងការពារជាតិអ៊ុយក្រែនអះអាងថា៖ «ខ្មាំងនឹងត្រូវទទួល ទោសសម្រាប់ការឈឺចាប់ និងសេចក្ដីស្លាប់ ដែលដាក់លើទឹក ដីរបស់យើង! យើងនឹងសងសឹក!»៕ ដោយ៖ ហួន ឌីណា