ភាពយន្តរបស់សមិទ្ធករបារាំងខ្មែរ ជូ ដាវី ទទួលបានពានរង្វាន់ «ភាពយន្តល្អបំផុត» ពីមហោស្រពភាពយន្តអន្ដរជាតិទីក្រុងអាថែន ប្រទេសក្រិក

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ខ្សែភាពយន្ត «Return to Seoul ត្រឡប់ទៅសេអ៊ូល» របស់សមិទ្ធករភាពយន្តកូនកាត់បារាំងខ្មែរ លោក ជូ ដាវី ទទួលបាន ពានរង្វាន់មាសជា «ភាពយន្តល្អបំផុត» ពីមហោស្រពភាពយន្ត អន្ដរជាតិ ទីក្រុងអាថែន ប្រទេសក្រិក លើកទី២៨។

នៅក្នុងពិធីប្រកាសពានរង្វាន់នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ នៅទីក្រុងអាថែនគណៈកម្មការនៃមហោស្រពភាពយន្តអន្ដរជាតិទីក្រុងអាថែនលើកទី២៨ បានថ្លែងសរសើរអំពីខ្សែភាពយន្ត «ត្រឡប់ទៅសេអ៊ូល» របស់លោក ជូ ដាវី ថាបានឆ្លុះបញ្ចាំងពី ទំនាក់ទំនង រវាងម្ដាយនិងកូន ដែលមានភាពស្ថិតស្ថិរជារៀងរហូត ខុសពីអត្ថិភាពនៃជីវិតដែលមានលក្ខណៈផុយស្រួយបំផុត ហើយចេះតែផ្លាស់ប្ដូរគ្រប់ពេលវេលាទាំងអស់។

លោក ជូ ដាវី គឺជាសមិទ្ធករភាពយន្តខ្មែរ ដែលកើតនិងធំដឹងក្ដី នៅ ប្រទេសបារាំង។ រឿង «ត្រឡប់ទៅសេអ៊ូល» ចេញផ្សាយ នៅ ឆ្នាំ២០២២ គឺជាខ្សែភាពយន្តខ្នាតវែងទី៣របស់លោក ជូ ដាវី បន្ទាប់ពីខ្សែភាពយន្តរឿង “កោះពេជ្រ” និង “ដំណេកមាស”។ ប៉ុន្តែខុសប្លែកពីខ្សែភាពយន្តរឿងកោះពេជ្រ និងដំណេកមាស ដែលលើកឡើងអំពីកម្ពុជា ខ្សែភាពយន្តរឿង «ត្រឡប់ទៅសេអ៊ូល» គឺជាខ្សែភាពយន្តកូរ៉េ ថតនៅប្រទេសកូរ៉េខាងត្បូង និងមានសាច់ រឿងដំណាលអំពីនារីដើមកំណើតជនជាតិកូរ៉េម្នាក់ឈ្មោះ Freddie ដែលត្រូវឪពុកម្ដាយរបស់ខ្លួនយកទៅដាក់នៅមជ្ឈមណ្ឌលកុមារកំព្រា ហើយក្រោយមកត្រូវគ្រួសារជនជាតិបារាំងយកទៅចិញ្ចឹម បីបាច់នៅប្រទេសបារាំង តាំងពីតូចរហូតដល់ធំដឹងក្ដី។

នៅក្នុងវ័យ២៥ឆ្នាំ នារីជនជាតិបារាំងដើមកំណើតកូរ៉េរូបនេះ បា ន ត្រឡប់ទៅកាន់ទីក្រុងសេអ៊ូលជាលើកដំបូង ហើយសម្រេច ចិត្ត ស្វែងរកឪពុកម្ដាយបង្កើតរបស់ខ្លួន។ នៅក្នុងដំណើរ ស្វែងរក ឪពុក ម្ដាយបង្កើតរបស់ខ្លួននេះ តួអង្គឯកស្រីបានជួបប្រទះនូវ រឿងរ៉ាវ ជាច្រើន ហើយរឿងរ៉ាវទាំងអស់នោះ បានផ្លាស់ប្ដូរនាងស្ទើរ តែ ទាំងស្រុង។

ក្នុងពេលប្រកាសផ្ដល់ពានរង្វាន់ «ខ្សែភាពយន្តល្អបំផុត» ដល់រឿង «ត្រឡប់ទៅសេអ៊ូល» របស់លោក ជូ ដាវី នោះគណៈកម្មការ វិនិច្ឆ័យ នៃមហោស្រពភាពយន្តអន្ដរជាតិទីក្រុងអាថែនលើកទី២៨ បាន លើក ជាសំណួរថា៖ «តើជីវិតរបស់អ្នកដែលគ្មានម្ដាយ នឹងទៅជា យ៉ាងណា? ចុះអ្នកដែលម្ដាយបង្កើតរបស់ខ្លួនបដិសេធ មិនព្រម ចិញ្ចឹមកូន? មិនព្រមទទួលស្គាល់កូន? មិនព្រមជួបមុខកូន? មិនចង់ស្គាល់សូម្បីតែកូនខ្លួនឯង? តើកូនដែលម្ដាយបដិសេធមិន ទទួលស្គាល់នោះ រស់នៅយ៉ាងណា? ដើរហើរយ៉ាងណា? និយាយ ស្ដីបែបណា? តើកូននោះរាំរែកយ៉ាងម៉េច? មានសម្ព័ន្ធផ្លូវភេទ ដូចម្ដេច? ចុះក្ដីស្រឡាញ់ និងភាពស្អប់ខ្ពើមវិញ? ខ្សែភាពយន្តនេះ បានបង្ហាញទស្សនិកជនថា អ្វីៗទាំងអស់អាចរលាយបាត់បានគ្រប់ ពេលវេលាទាំងអស់ ដោយគ្រាន់តែគេផ្ទាត់ម្រាមដៃតែបន្តិច ប៉ុណ្ណោះ»។

សមិទ្ធករភាពយន្ត លោក ជូ ដាវី ធ្លាប់បានបញ្ជាក់ថា លោកផលិត ខ្សែភាពយន្តនេះឡើងដោយទទួលបានគំនិតពីប្រវត្តិជីវិតពិតរបស់មិត្តភក្តិរបស់លោកម្នាក់ ដែលជាជនជាតិបារាំងមានដើមកំណើតមក ពីប្រទេសកូរ៉េខាងត្បូង។ មិត្តភក្តិរបស់លោក បាននាំលោកទៅជួប ជាមួយ ឪពុកបង្កើតរបស់នាងជាជនជាតិកូរ៉េ នៅឆ្នាំ២០១១។

ការជួបជុំគ្នាលើកដំបូងរវាងមិត្តភក្តិរបស់លោក ដាវី ជាមួយឪពុក បង្កើតជាលើកដំបូងនោះ ដិតជាប់នៅក្នុងដួងចិត្តរបស់លោក។ នោះក៏ព្រោះតែមិត្តភក្តិរបស់លោក ដ្បិតតែមានដើមកំណើតពី ឪពុកជនជាតិកូរ៉េមែនពិត តែមិនសូវយល់ដឹងពីវប្បធម៌កូរ៉េ ដោយសារតែមិត្តភក្តិរបស់លោកត្រូវបានគ្រួសារបារាំងយកទៅចិញ្ចឹមតាំងពីតូច។ ១០ឆ្នាំក្រោយមក ពោលគឺនៅចុងឆ្នាំ២០២១ លោក ជូ ដាវី បានចាប់ផ្ដើមថតកុនរឿង «ត្រឡប់ទៅសេអ៊ូល» នៅប្រទេស កូរ៉េ ខាងត្បូង និងរ៉ូម៉ានី ដោយប្រើពេលថតសរុបចំនួន៦សប្ដាហ៍។

បច្ចុប្បន្ននេះ ខ្សែភាពយន្តរឿង «ត្រឡប់ទៅសេអ៊ូល» របស់សមិទ្ធករ ភាពយន្តកូនកាត់បារាំងខ្មែរ ជូ ដាវី កំពុងតែចាក់បញ្ចាំងនៅតាម មហោស្រព ភាពយន្តជាច្រើននៅទូទាំងពិភពលោក ហើយលោក ជូ ដាវី ក៏នឹងធ្វើដំណើរទៅកាន់មហោស្រពទាំងនោះដើម្បីធ្វើបទ បង្ហាញ ពីខ្សែភាពយន្តរបស់ខ្លួនដោយផ្ទាល់ផងដែរ៕ ដោយ៖ កែវ កិរិយា

ads banner