អ.ស.ប បើកកិច្ចពិភាក្សាស្តីពីបញ្ហាកាត់យកទឹកដីអ៊ុយក្រែន របស់រុស្ស៊ី
អ.ស.ប៖ មហាសន្និបាតអង្គការសហប្រជាជាតិ(អ.ស.ប) បើកកិច្ច ពិភាក្សា ដេញដោលនៅថ្ងៃចន្ទ ទី១០តុលា ឆ្នាំ២០២២នេះ លើ សេចក្តីព្រាងសម្រេចថ្កោលទោសការកាត់យកតំបន់អ៊ុយក្រែនចំនួនបួន ពីសំណាក់រុស្ស៉ី។ ការជជែកដេញដោលនេះ ធ្លាក់មកនៅ ស្រប ពេលដែលមហាអំណាចលោកខាងលិច កំពុងព្យាយាមបង្ហាញ ពី ភាពឯកោរបស់រុស្ស៊ីនៅលើឆាកអន្តរជាតិ។
បញ្ហានេះត្រូវបានលើកយកទៅពិភាក្សា នៅចំពោះមុខអ.ស.ប ដែលមានសមាជិក ១៩៣ ប្រទេស បន្ទាប់ពីរុស្ស៊ីបានប្រើសិទ្ធិ វេតូរបស់ខ្លួន នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខកាលពីថ្ងៃទី ៣០ ខែកញ្ញា ដើម្បីរារាំងសំណើស្រដៀងគ្នានេះ។
«កិច្ចពិភាក្សា ពិតជាមានសារៈសំខាន់ខ្លាំងណាស់»។ នេះ គឺជាការ លើកឡើងរបស់លោក Olof Skoog ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំ អ.ស.ប ដែលបានតាក់តែងសំណេរនេះឡើង ដោយសហការ ជាមួយអ៊ុយក្រែន និងប្រទេសដទៃទៀត។
អ្នកការទូតជាតិស៊ុយអែតរូបនេះបានប្រាប់ក្រុមអ្នកយកព័ត៌មានថា ទាល់តែប្រព័ន្ធអ.ស.បនិងសហគមន៍អន្តរជាតិតាមរយៈមហាសន្និបាត មានប្រតិកម្មចំពោះការប៉ុនប៉ងខុសច្បាប់បែបនេះ បើមិនដូច្នោះទេ គេនឹងស្ថិតក្នុងកន្លែងដ៏អាក្រក់បំផុតមួយ។
សមាជិករបស់អ.ស.បនឹងបោះឆ្នោតលើសេចក្តីព្រាងសម្រេចថ្កោលទោសលើការកាត់យកទឹកដីអ៊ុយក្រែនរបស់រុស្ស៉ី នៅថ្ងៃអង្គារឬថ្ងៃ ពុធក្នុងសប្តាហ៍នេះ។ ប្រសិនបើអ.ស.ប បរាជ័យក្នុងការសម្រេច បានសេចក្តីសម្រេចរួមមួយនោះ នោះប្រទេសផ្សេងទៀត អាច នឹងយកគំរូប្រទេសរុស្ស៊ី ឬក៏អាចនឹងមានប្រទេសណា ចេញមុខ ផ្តល់ការទទួលស្គាល់នូវអ្វីដែលរុស្ស៊ីបានធ្វើក៏ថាបាន។
គួរជ្រាបថាសេចក្តីព្រាងនៃសេចក្តីសម្រេចដែលមើលឃើញដោយទីភ្នាកងារព័ត៌មានAFPថ្កោលទោសចំពោះការប៉ុនប៉ងកាត់បញ្ចូលដោយខុសច្បាប់របស់រុស្ស៊ីនូវតំបន់អ៊ុយក្រែនចំនួនបួន ដែលរួមមាន តំបន់ដូណេតស៍ លូហ្កង់ស្ក៍ ហ្សាប៉ូរីចា និងតំបន់ឃឺរសិន ព្រមទាំង បានហៅការប្រជាមតិធ្វើឡើងដោយរុស្ស៊ី ថាជាសកម្មភាពមិនមាន សុពលភាពក្រោមច្បាប់អន្តរជាតិឡើយ។
សេចក្តីព្រាងនេះអំពាវនាវឱ្យបណ្តារដ្ឋ អង្គការអន្តរជាតិនិងទីភ្នាក់ងារ ទាំងអស់មិនត្រូវទទួលស្គាល់ជាដាច់ខាតនូវការបញ្ចូលឧបសម្ព័ន្ធនេះ ហើយទាមទារឱ្យមានការដកទ័ពរុស្ស៊ីជាបន្ទាន់ចេញពីទឹកដីនៃប្រទេសអ៊ុយក្រែន៕ ដោយ៖ លី លីយ៉ា