សហគមន៍អន្តរជាតិថ្កោលទោសរុស្ស៊ីចំពោះការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីទូទាំងប្រទេសអ៊ុយក្រែន
អន្តរជាតិ៖ នៅព្រឹកថ្ងៃចន្ទទី១០ខែតុលានេះ រុស្ស៊ីបានបើកការវាយ ប្រហារដោយមីស៊ីលរយៈចម្ងាយឆ្ងាយលើតំបន់ធំៗរបស់អ៊ុយក្រែនចំនួនប្រាំបីដើម្បីឆ្លើយតបទៅនឹងអ្វីដែលលោកប្រធានាធិបតី វ៉្លាឌីមៀរ ពូទីន ហៅថា ជាការវាយប្រហារភេរវកម្មលើស្ពានតភ្ជាប់ពីឧបទ្វីប គ្រីមៀទៅរុស្ស៊ីកាលពីចុងសប្ដាហ៍។
លោក ពូទីន ដែលអះអាងថា ការសងសឹករបស់រុស្ស៊ីបានធ្វើឱ្យមាន ការ ខូចខាត ហេដ្ឋារចនាសម្ព័ន្ធ ថាមពល យោធា និងទូរគមនាគមន៍ របស់អ៊ុយក្រែន បានគំរាមកំហែងបន្ថែមទៀតថា៖ «ប្រសិនបើអំពើ ភេរវកម្មនៅតែបន្តប្រឆាំងនឹងរុស្ស៊ី យើងនឹងឆ្លើយតបយ៉ាងចាស់ដៃ ហើយការឆ្លើយតបនោះ នឹងមានទំហំដូចគ្នាទៅនឹងការគំរាមកំហែង ដាក់រុស្ស៊ី។ គ្មាននរណាម្នាក់ គួរសង្ស័យអំពីរឿងនេះទេ»។
ទោះជាយ៉ាងណាក៏ដោយ សកម្មភាពយោធារបស់រុស្ស៊ី ដែលសម្លាប់ ជនស៊ីវិលរាប់សិបនាក់នេះ បានរងការថ្កោលទោសយ៉ាងខ្លាំងភ្លាមៗ ពីសហគមន៍អន្ដរជាតិ ជាពិសេសប្រទេសលោកខាងលិច ដែលជា ដៃគូផ្ដល់ជំនួយមនុស្សធម៌ សេដ្ឋកិច្ច និងយោធាដល់អ៊ុយក្រែន។
១. សហភាពអឺរ៉ុប
ក្នុងសំណេរខ្លីមួយដែលបង្ហោះលើបណ្ដាញសង្គមធ្វីតធ័រ ប្រធាន គោល នយោបាយការបរទេសសហភាពអឺរ៉ុប លោក Josep Borrel l បានធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការ ដោយអះអាងថា លោក មាន ការភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះការវាយប្រហាររបស់រុស្ស៊ីលើ ជនស៊ីវិល នៅទីក្រុងកៀវ និងទីក្រុងផ្សេងៗទៀតក្នុងប្រទេស អ៊ុយក្រែន។
លោក Borrell បានសរសេរទៀតថា៖ «ទង្វើបែបនេះ មិនមាន ក្នុងសតវត្សទី ២១ នេះទេ។ ខ្ញុំថ្កោលទោសយ៉ាងធ្ងន់ធ្ងរបំផុត ចំពោះទង្វើនេះ»។ មន្រ្តីជាន់ខ្ពស់ដដែល បានគូសបញ្ចាក់ថា សហភាពអឺរ៉ុបនៅតែឈរជាមួយអ៊ុយក្រែន ហើយធ្វើការគាំទ្រ បន្ថែមទៅលើផ្នែកយោធា។
បន្ថែមពីលើនេះ អ្នកនាំពាក្យសម្រាប់កិច្ចការខាងក្រៅរបស់សហភាព អឺរ៉ុប លោក Peter Stano បានគូសបញ្ជាក់ការថ្កោលទោសរបស់ ប្លុក ដោយអះអាងថា៖ «ការវាយប្រហារដ៏ព្រៃផ្សៃទាំងនេះ បង្ហាញថា រុស្ស៊ីកំពុងរើសយកយុទ្ធសាស្ត្រទម្លាក់គ្រាប់បែកដោយមិនរើសមុខជនស៊ីវិល»។
២.ប្រទេសសមាជិកសភាពអឺរ៉ុប
ដូចគ្នាទៅនឹងសហភាពអឺរ៉ុបដែរ រូម៉ានី ដែលជារដ្ឋសមាជិកមួយរបស់ ប្លុក បានអះអាងថា មីស៊ីលរបស់រុស្ស៊ីបានធ្លាក់ប្រមាណជាជាង ៨០០ ម៉ែត្រពីស្ថានទូតប្រចាំអ៊ុយក្រែនរបស់ខ្លួនក្នុងរដ្ឋធានីកៀវ។ តាមរយៈនេះ រដ្ឋមន្រ្តីការបរទេសរូម៉ានី លោក Bogdan Aurescu បានថ្កោលការវាយប្រហាររបស់រុស្ស៊ីយ៉ាងដាច់អហង្ការថា ជាការ រំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់មនុស្សធម៌អន្តរជាតិ ដែលឆក់ យកទាំងជីវិតមនុស្ស។
ដូចគ្នានឹងរូម៉ានីដែរ នាយករដ្ឋមន្ត្រីបែលហ្ស៊ិក លោក Alexander De Croo បានចាត់ទុកការវាយប្រហារដោយដាក់គោលដៅ លើ ជនស៊ីវិលរបស់រុស្ស៊ីនៅលើក្រុងកៀវ និងក្រុងដទៃទៀតថា ជាទង្វើ ដ៏គួរឱ្យស្អប់ខ្ពើមរបស់រុស្ស៊ី។ លោកបន្តថា សកម្មភាពបង្កើនភាព តានតឹងបែបនេះ នឹងពង្រឹងការតាំងចិត្តរបស់បែលហ្សិកលើ ការគាំទ្រ អ៊ុយក្រែន។
បារាំង និងអាល្លឺម៉ង់ ឯណោះវិញក៏មិនខុសពីនេះដែរ។ ក្នុងកិច្ច សន្ទនាបន្ទាន់តាមទូរស័ព្ទជាមួយលោកប្រធានាធិបតីអ៊ុយក្រែន លោក វ៉្លូឌីមៀរ ហ្សេលេនស្គី ក្រោយរុស្ស៊ីចាប់ផ្ដើមការវាយប្រហារ ប្រធានាធិបតីបារាំង លោក អេម៉ានូអែល ម៉ាក្រុង បានបញ្ជាក់ជាថ្មីនូវ ការ គាំទ្រពេញទំហឹងរបស់លោកចំពោះអ៊ុយក្រែន ហើយបង្ហាញពី ការប្តេជ្ញាចិត្តរបស់បារាំង ក្នុងការបង្កើនជំនួយ រួមទាំងសម្ភារ យោធា ផងដែរ។ បើតាមការបញ្ជាក់របស់លោក ហ្សេលេនស្គី ភាគីទាំងពីរ បានពិភាក្សាអំពីការពង្រឹងវិស័យការពារដែនអាកាសរបស់អ៊ុយក្រែន និងពីតម្រូវការនៃប្រតិកម្មដ៏តឹងតែងរបស់អឺរ៉ុប និងអន្តរជាតិ ក៏ដូចជា ការបង្កើនសម្ពាធលើសហព័ន្ធរុស្ស៊ី។
ចំណែក អ្នកនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់ បានអះអាងប្រាប់ អ្នកសារព័ត៌មានថា លោកអធិការបតី Olaf Scholz ក៏បាន ធានាការគាំទ្រដល់លោក ហ្សេលេនស្គី ក្នុងកិច្ចសន្ទនាទូរស័ព្ទ មួយផ្សេងទៀត ដោយបានថ្កោលទោសខ្លាំងៗចំពោះទង្វើ របស់ រុស្ស៊ី។ ដោយឡែក បើតាមអ្នកនាំពាក្យក្រសួងការបរទេសអាល្លឺម៉ង់ ស្ថានកុងស៊ុលអាល្លឺម៉ង់ប្រចាំទីក្រុងកៀវ បានត្រូវរងការវាយប្រហារ ដោយមីស៊ីលរបស់រុស្ស៊ី។
៣. អង្គការណាតូ
អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បាន ថ្កោល ទោសការវាយប្រហារចុងក្រោយនេះថា ជាសកម្មភាព យោធា ដ៏គួរឱ្យរន្ធត់ និងមិនរើសមុខរបស់រុស្ស៊ី ដែលដាក់គោល ដៅ លើ ជនស៊ីវិលនៅអ៊ុយក្រែន។
លោក Stoltenberg បានអះអាងថា លោកបានសន្ទនាជាមួយ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក ឌ្មីត្រូ គូឡេបា ហើយបាន សន្យាថានឹងបន្តការគាំទ្ររបស់ណាតូ សម្រាប់អ៊ុយក្រែន ប្រឆាំង នឹងការឈ្លានពានរបស់រុស្ស៊ី ដរាបណាអ៊ុយក្រែននៅតែ ត្រូវការ ជំនួយរបស់ខ្លួន។
៤. អង់គ្លេស និងម៉ុលដាវី
ប្រទេសលោកខាងលិច អង់គ្លេស ដែលគាំទ្រខ្លាំងក្លាចំពោះ អ៊ុយក្រែន ក៏មិនខុសពីសម្ព័ន្ធមិត្ត លោកខាងលិចផ្សេងទៀតដែរ។ រដ្ឋមន្ត្រីសន្តិសុខអង់គ្លេស លោក Tom Tugendhat បានចាត់ ទុកការវាយប្រហារលើទីក្រុងនានារបស់អ៊ុយក្រែនថាជា «ឧក្រិដ្ឋកម្មសង្គ្រាម» ខណៈដែលរដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក James Cleverly បានអះអាងថា វាជាទង្វើមិនអាចទទួលយក បាន។
រដ្ឋមន្ត្រីការបរទេសដដែល បន្តថា៖ «ការបាញ់មីស៊ីលរបស់រុស្ស៊ី ទៅតំបន់ជនស៊ីវិលនៃប្រទេសអ៊ុយក្រែនគឺមិនអាចទទួលយកបានឡើយ។ នេះជាការបង្ហាញពីភាពទន់ខ្សោយរបស់ពូទីន មិនមែន ជាកម្លាំងនោះទេ។
អ្វីដែលគួរឱ្យកត់សម្គាល់នៅគឺការប្រើប្រាស់ដែនអាកាសរបស់ប្រទេស ដទៃដើម្បីវាយប្រហារអ៊ុយក្រែន។
ទន្ទឹមនឹងសេចក្ដីរាយការណ៍ដែលថា រុស្ស៊ីយកទឹកដីបេឡារូស ដែល ជាសម្ព័ន្ធដ៏ជិតស្និទ្ធរបស់ខ្លួនដើម្បីធ្វើការវាយប្រហារចុងក្រោយទៅលើអ៊ុយក្រែននាពេលនេះ ប្រទេសសមាជិកអតីតសហភាពសូវៀត ម៉ុលដាវីឯណោះវិញបានអះអាងថាខ្លួនបានកោះហៅឯកអគ្គរដ្ឋទូតរុស្ស៊ីដើម្បីឱ្យពន្យល់ពីមូលហេតុដែលយោធារុស្ស៊ីប្រើដែនអាកាសរបស់ខ្លួន ដើម្បីបាញ់មីស៊ីលពីសមុទ្រខ្មៅទៅអ៊ុយក្រែន។
លើសពីនេះផងដែរ ប្រធានាធិបតីនៃសាធារណរដ្ឋម៉ុលដាវី លោកស្រី Maia Sandu បានសរសេរនៅលើបណ្ដាញសង្គម ធ្វីតធឺរថា៖ «(ម៉ុលដាវី) ថ្កោលទោសយ៉ាងខ្លាំង ចំពោះការវាយ ប្រហារមីស៊ីលរុស្ស៊ីទ្រង់ទ្រាយធំ លើទីក្រុងនានារបស់អ៊ុយក្រែន រួមទាំងរដ្ឋធានីកៀវ។ អំពើឃោរឃៅ ភេរវកម្ម និងការសម្លាប់ ជនស៊ីវិលស្លូតត្រង់ ត្រូវតែបញ្ឈប់ជាបន្ទាន់»។
៥. អ៊ុយក្រែន
អ៊ុយក្រែន ដែលរងការវាយប្រហារពីរុស្ស៊ីដោយផ្ទាល់វិញ បានបន្តការ ថ្កោលទោសរុស្ស៊ីដែលជាគូសត្រូវ ដោយអះអាងថា រុស្ស៊ីធ្វើ សកម្មភាព ភេរវកម្ម ប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធ និងប្រជាជនស៊ីវិល ស្លូតត្រង់របស់ខ្លួន។ លោកប្រធានាធិបតី ហ្សេលេនស្គី បានហៅការ វាយប្រហារចុងក្រោយនេះថា៖ «ពួកគេ (រុស្ស៊ី) កំពុងព្យាយាម បំផ្លាញ ពួកយើងពីផែនដី [និង] បំផ្លាញប្រជាជនរបស់យើង ដែល កំពុង សម្រាកនៅក្នុងផ្ទះរបស់ខ្លួនក្នុងទីក្រុងហ្សាប៉ូរីចា ក៏ដូចជា សម្លាប់ មនុស្សដែលចេញទៅធ្វើការនៅក្រុងនីប៉ឺរ និងរដ្ឋធានីកៀវ»។
ចារកម្មយោធាអ៊ុយក្រែនបានអះអាងថា រុស្ស៊ីបានរៀបចំផែនការវាយ ប្រហារដោយមីស៊ីលនៅព្រឹកថ្ងៃចន្ទនេះ ចាប់តាំងពីដើមខែតុលា ពោល គឺតាំងពីមុនពេលស្ពានគ្រីមៀរងការបំផ្ទុះទៅទៀត។
កងកម្លាំងចារកម្មរបស់ក្រសួងការពារជាតិអ៊ុយក្រែន បានថ្លែងក្នុង សេចក្តីថ្លែងការណ៍មួយថា កងទ័ពរុស្ស៊ីបានទទួលបញ្ជាពី វិមាន ក្រឹមឡាំង ឱ្យរៀបចំការវាយប្រហារមីស៊ីលដ៏ធំទៅ លើហេដ្ឋារចនា សម្ព័ន្ធ ស៊ីវិលរបស់អ៊ុយក្រែននៅថ្ងៃទី ០២ និង ០៣ ខែតុលា។
ស្ថិតនៅក្នុងស្ថានការណ៍ដ៏ក្ដៅគគុកនេះ អ៊ុយក្រែនបានបន្តស្នើសុំឱ្យ មាន ជំនួយសព្វាវុធបន្ថែមទៀត ដើម្បីធ្វើការប្រឆាំងនឹងកងកម្លាំង ឈ្លានពានរុស្ស៊ីនៅលើសមរភូមិសង្គ្រាមដែលបានអូសបន្លាយតាំងពីចុងខែកុម្ភៈមក៕ ដោយ៖ ហួន ឌីណា