សម្តេចតេជោនាយករដ្ឋមន្ត្រីប្រាប់រដ្ឋមន្ត្រីអប់រំ ចាប់គិតគូរពីកុមារ ចំណាកស្រុកដើម្បីពួកគេមានឱកាសរៀនសូត្រ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ថ្លែងពីវេទិកាចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យ PPIU ជាងពីរពាន់នាក់ នៅថ្ងៃទី១១ ខែតុលាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានរំឭកក្រសួងអប់រំយុវជននិងកីឡា គិតគូរផ្ដល់ការសិក្សាដល់កុមារចំណាកស្រុក មិនថាចំណាកពីខេត្ត ឡើងមកក្រុង ឬពីប្រទេសកម្ពុជាទៅប្រទេសថៃ ដើម្បីកុំឱ្យពួកគេ នៅក្រៅចរន្តនៃការអប់រំ។

សម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍បន្ថែម៖ «ខ្ញុំនិយាយពី ចំណាកស្រុកក្នុងស្រុកមុន។ កម្មករសំណង់មួយចំនួនដែល មករក ការងារធ្វើនៅទីក្រុងភ្នំពេញបាននាំទាំងប្រពន្ធនិងកូនមកជាមួយ។ តើយើងត្រូវស្រាយបញ្ហានេះយ៉ាងម៉េច? ដើម្បីឱ្យកូនបានរៀន? គឺត្រូវរកវិធី។ ខ្ញុំយល់ថា អាចដោះស្រាយបាន ឧទាហរណ៍ថា ម្ដុំណាមួយដែលមានការដ្ឋានសំណង់ ហើយមានសាលាក្បែរហ្នឹង ជំរុញឱ្យក្មេងចូលរៀននៅសាលាក្បែរហ្នឹង។

សម្រាប់អ្នកចំណាកស្រុកមកធ្វើការនៅភ្នំពេញតែផ្ញើកូនទុកនៅស្រុកជាមួយសាច់ញាតិ យើងប្រាប់អាជ្ញាធរមូលដ្ឋានជួយយកចិត្តទុក ដាក់លើកុមារដែលឪពុក-ម្ដាយចំណាកស្រុក»។

បើតាមសម្តេចតេជោ ហ៊ុន សែន ច្រកចេញមួយទៀតដែលល្អ ដើម្បីឱ្យ កុមារមានឱកាសបានរៀនសូត្រ គឺបង្កើតសាលារៀន នៅនឹង កន្លែង ឬបង្កើតជាសាលារៀនចល័ត អាស្រ័យលើស្ថានភាព ជាក់ស្ដែង។

ចំណែកលក្ខខណ្ឌចំណាកស្រុកទៅក្រៅប្រទេសជាពិសេសប្រទេសថៃ សម្តេចតេជោនាយករដ្ឋមន្ត្រីជំរុញឱ្យក្រសួងអប់រំ និងក្រសួង ការងារ ធ្វើការងាររួមគ្នា ដើម្បីផ្ដល់ឱកាសដល់កុមារដែលឪពុក-ម្ដាយនាំទៅជាមួយ បានសិក្សារៀនសូត្រដូចគ្នាអ៊ីចឹងដែរ។សម្តេចតេជោនាយករដ្ឋមន្ត្រីបន្ថែមថា៖ «សម្រាប់អ្នកទៅប្រទេសថៃ ខ្ញុំយល់ថា មិនថារៀនថៃឬរៀនខ្មែរទេ រៀនទៅឱ្យតែកុមារយើង បានរៀន។ យើងត្រូវគិតឱ្យគ្រប់ កុំឱ្យនរណាម្នាក់នៅក្រៅចរន្ត នៃការអប់រំ។ នេះជាវិធីមួយដែលយើងត្រូវយកចិត្តទុកដាក់»។

លោក យី គឹមថាន នាយករងប្រចាំប្រទេសទទួលបន្ទុកកម្មវិធី នៃ អង្គការភ្លែនអន្តរជាតិកម្ពុជាស្វាគមន៍ចំពោះការជំរុញរបស់ប្រមុខរដ្ឋាភិបាលយ៉ាងដូច្នេះ ព្រោះបញ្ហាកុមារដែលឪពុក-ម្ដាយនាំទៅ ជាមួយ ពេលធ្វើចំណាកស្រុក កំពុងក្លាយជាកង្វល់សម្រាប់អង្គការក្រៅ រដ្ឋាភិបាលដែលធ្វើការងារទាក់ទងនឹងការអប់រំកុមារ។

លោកថា៖ «យើងឃើញថា ពួកគាត់ដែលទៅតាមឪពុក-ម្ដាយហ្នឹង ភាគច្រើនបាត់ឱកាសក្នុងការសិក្សា ហើយកន្លងមកអង្គការ សង្គម ស៊ីវិលយើងក៏បានគិតគូរដែរ។ សម្រាប់អង្គការភ្លែន បើទោះបីជា ការងាររបស់យើងមិនបានផ្ដោតលើកុមារចំណាកស្រុកក៏ពិតមែន តែករណីស្រដៀងគ្នានេះបានកើតឡើងលើកុមារដែលរស់នៅភូមិភាគឦសាន ដែលឪពុក-ម្ដាយបានផ្លាស់ទីលំនៅក្នុងរដូវវស្សាដើម្បី ប្រកបកិច្ចការផ្សេងៗនៅទីឆ្ងាយៗអង្គការភ្លែនបានរៀបចំជាមតេ្តយ្យចល័តសហគមន៍សម្រាប់កុមារចាប់ពី១០នាក់ឡើងទៅ ឱ្យពួកគេ បានរៀនសូត្រដោយមានការបង្រៀនពីគ្រូនៅម្ដុំតំបន់គេរស់នៅ»។
ពាក់ព័ន្ធនឹងការចំណាកស្រុកទៅប្រទេសថៃ លោក យី គឹមថាន បានឱ្យដឹងទៀតថា អង្គការភ្លែនអន្តរជាតិកម្ពុជានិងអង្គការភ្លែន ប្រចាំនៅប្រទេសថៃ បានធ្វើការរួមគ្នាដើម្បីបង្កើតឱ្យមាន សាលារៀន សហគមន៍ ដែលការបង្រៀននោះមានទាំងភាសាថៃនិងភាសាខ្មែរ។

លោកបន្ថែម៖ «បញ្ហានៅត្រង់ថា កុមារយើងរៀនភាសាថៃ ពេលមក ដល់ស្រុកខ្មែរវិញ តើក្រសួងអប់រំយើងទទួលស្គាល់ការសិក្សា របស់គេ នៅប្រទេសថៃក្នុងកម្រិតណាមួយ»។
ចំណែកលោក សន ជ័យ ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាព សង្គមកម្ពុជា ចាត់ទុកការជំរុញរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដូច្នេះ ថាមានភាពស្របគ្នាក្នុងគម្រោងអនុវត្តមួយចំនួនរបស់ អង្គការសង្គមស៊ីវិលរួចស្រេចទៅហើយ។ លោកថា៖ «អាជ្ញាធររដ្ឋ គួរបន្តនិរន្តភាពនៃគម្រោងល្អៗមួយចំនួនរបស់សង្គមស៊ីវិលពាក់ព័ន្ធនឹងវិស័យអប់រំ ដែលគេបានអនុវត្តដោយជោគជ័យ»។

លោកបានឱ្យជាយោបល់ទៀតថា ការផ្ដល់ឱកាសរៀនសូត្រដល់ កុមារចំណាកស្រុកគួរផ្ដោតលើតម្រូវការជាក់ស្ដែង ថាតើអ្វីទៅជា តម្រូវការពិតប្រាកដរបស់កុមារ នៅក្នុងកម្រិតមួយលើសពីអ្វីដែល សិស្សទូទៅចង់បាន។
នៅកម្ពុជា មិនមានតួលេខផ្លូវការណាមួយបង្ហាញថា កុមារកម្ពុជា ប៉ុន្មានភាគរយដែលបាត់បង់ឱកាសសិក្សាដោយសារការចំណាកស្រុកតាមឪពុក-ម្ដាយនោះទេ។ ប៉ុន្តែផ្អែកតាមការលើកឡើងដោយឡែករបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងអប់រំក្នុងពេលកន្លងមកគឺអត្រាបោះបង់ការសិក្សានៅសាលាបឋមសិក្សាបានធ្លាក់ចុះ និងមានកំណើនការចូលរៀនទៀងទាត់ បន្ទាប់ពី មានកម្មវិធីផ្តល់ស្បៀងអាហារតាមសាលា ដែលមកដល់ពេលនេះ មានសាលាគោលដៅជាង ១ ០០០ សាលាក្នុងខេត្តចំនួន ១០ បាននិងកំពុងអនុវត្តកម្មវិធីនេះ។ នេះបើតាមឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា៕
ដោយ៖អេង រាជនី

ads banner