អាល្លឺម៉ង់កំពុងបញ្ជូនប្រព័ន្ធការពារដែនអាកាសទៅឱ្យអ៊ុយក្រែន ក្រោយរងការវាយប្រហារដោយមីស៊ីលពីរុស្ស៊ី
ប៊ែរឡាំង៖ ទីភ្នាក់ងារព័ត៌មាន Ukrinform របស់អ៊ុយក្រែន បានរាយការណ៍ក្នុងថ្ងៃចន្ទសប្តាហ៍នេះ ដោយបានដកស្រង់សម្តីក្រសួងការពារជាតិអាល្លឺម៉ង់ថា ប្រទេសអឺរ៉ុបមួយនេះកំពុងបញ្ជូនប្រព័ន្ធការពារដែនអាកាស IRIS-T SLM ដំបូងបង្អស់ចំនួនបួនគ្រឿងទៅកាន់អ៊ុយក្រែន។
ក្រសួងការពារជាតិអាល្លឺម៉ង់បានបង្ហោះសារនៅលើបណ្តាញសង្គមធ្វីតធើថា ការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីនាពេលថ្មីៗនេះទៅលើរដ្ឋធានីកៀវ និងទីក្រុងផ្សេងទៀត បានបង្ហាញពីសារៈសំខាន់ នៃសមត្ថភាពការពារដែនអាកាសសម្រាប់អ៊ុយក្រែន។ IRIS-T SLM គឺជាប្រព័ន្ធការពារដែនអាកាសដែលមានមូលដ្ឋាននៅលើដី ដែលអាចវាយប្រហារយន្តហោះ ឧទ្ធម្ភាគចក្រ មីស៊ីលបញ្ជាទិស គ្រាប់កាំភ្លើងធំ យន្តហោះដ្រូន គ្រាប់មីស៊ីលប្រឆាំងរ៉ាដា និងគ្រាប់បែកជាដើម។ យ៉ាងណាមិញ ក្រសួងការពារជាតិអាល្លឺម៉ង់មិនបានបញ្ជាក់លំអិតថាតើប្រព័ន្ធការពារដែនអាកាសខាងលើនេះ នឹងត្រូវបញ្ជូនទៅកាន់អ៊ុយក្រែននៅពេលណានោះទេ។
គួរបញ្ជាក់ថា បន្ទាប់ពីទទួលរងការវាយប្រហារដោយមីស៊ីលរាប់សិបគ្រាប់របស់រុស្ស៊ីហើយនោះ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានចំណាយពេលជាច្រើនម៉ោង ដើម្បីពិភាក្សាតាមទូរស័ព្ទជាមួយមេដឹកនាំលោកខាងលិច និងជំរុញឱ្យពួកគេបញ្ជូនសព្វាវុធយោធាធុនធ្ងន់របស់ពួកគេដល់អ៊ុយក្រែន ក្នុងនោះរួមមានទាំងប្រព័ន្ធមីស៊ីលការពារដែនអាកាស។
លោក ហ្សេលេនស្គី បានអះអាងថា ការការពារដែនអាកាស បច្ចុប្បន្នគឺជាអាទិភាពដំបូង នៅក្នុងកិច្ចសហប្រតិបត្តិការការពារជាតិរបស់យើង៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា និងបុត្រា



