ក្រុមមេធាវីរាជរដ្ឋាភិបាល ស្វាគមន៍សាលក្រមរបស់តុលាការព្រហ្មទណ្ឌបារាំង ដែលបានផ្តល់យុត្តិធម៌ និងភាពស្អាតស្អំជូនសម្តេចតេជោ
ភ្នំពេញ៖ក្រុមមេធាវីរាជរដ្ឋាភិបាល ស្វាគមន៍សាលក្រមរបស់តុលាការព្រហ្មទណ្ឌបារាំង ដែលបានផ្តល់យុត្តិធម៌ និង ភាពស្អាតស្អំជូន សម្តេចតេជោ នាយករដ្ឋមន្ត្រី និងរកឃើញការពិតថា សម រង្ស៊ី បានប្រព្រឹត្តអំពើបរិហារកេរ្ដិ៍ ប្រាកដមែន។ ការផ្តល់យុត្តិធម៌ និងបញ្ជាក់អំពីភាពស្អាតស្អំជូន សម្ដេចតេជោ ជាជោគជ័យសមស្របតាមបំណង ប្រាថ្នាចង់បានបំផុតរបស់សម្តេចតេជោដែលជាដើមបណ្តឹងរដ្ឋប្បវេណី។នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រុមមេធាវីរាជរដ្ឋាភិបាលនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២។
សេចក្តីថ្លែងការណ៍បង្ហាញថាក្រុមមេធាវីរាជរដ្ឋាភិបាលកត់សម្គាល់ឃើញថានៅក្នុងសំអាងហេតុនៃសាលក្រមរបស់ខ្លួន តុលាការបារាំងបានគូសបញ្ជាក់ថា ការចោទប្រកាន់របស់ សម រង្ស៊ី ចំពោះសម្តេចតេជោពាក់ព័ន្ធនឹងការធ្លាក់ ឧទ្ធម្ភាគចក្រ ដែល មានឯកឧត្ដម ហុក ឡងឌីជាជនរងគ្រោះជាការថ្លែងដោយពុំមានភស្តុតាងឬឯកសារបញ្ជាក់
ច្បាស់លាស់ ដែលអាច ឱ្យតុលាការជឿជាក់បាននោះឡើយ។ ការពោលចោទប្រកាន់គ្មានមូលដ្ឋានរបស់ សម រង្ស៊ី ត្រូវបានតុលាការកំណត់ថា ជាការបរិហារកេរ្តិ៍ចំពោះសម្ដេចតេជោ ហើយដែលសូម្បីតែជនជាប់ចោទ សម រង្ស៊ី ខ្លួនឯង ក៏មិនបានបដិសេធនោះទេ។
ក្រុមមេធាវីរាជរដ្ឋាភិបាល សង្កេតឃើញថា នៅក្នុងសំអាងហេតុដដែលនោះ តុលាការបារាំងបានពិចារណា លើគោលការណ៍សមាមាត្រនៃការបញ្ចេញមតិក៏ប៉ុន្តែតុលាការនៅតែកំណត់ថាសមរង្ស៊ីពិតជាបានថ្លែងចោទប្រកាន់ ទម្លាក់កំហុសដោយមិនត្រឹមត្រូវ ចំពោះ សម្តេចតេជោយ៉ាងពិតប្រាកដ។ តុលាការបានថ្លឹងថ្លែងថា ប្រសិនបើធ្វើ ការចោទប្រកាន់ខាងព្រហ្មទណ្ឌចំពោះសមរង្ស៊ីទំនងជាប៉ះពាល់ដល់វិសមាមាត្រនៃសិទ្ធសេរីភាពក្នុងការបញ្ចេញមតិរវាងដើមបណ្តឹងជានាយករដ្ឋមន្ត្រីកាន់អំណាច និងជនជាប់ចោទដែលពុំមានអំណាចដែលសិទ្ធិសេរីភាពនេះ ត្រូវបានការពារដោយសន្ធិសញ្ញាអឺរ៉ុបស្តីពីសិទ្ធិមនុស្ស។ ដោយមូលហេតុនេះ តុលាការបានអនុគ្រោះឱ្យ សម រង្ស៊ី រួចផុតពីបទចោទ។
ក្រុមមេធាវីរាជរដ្ឋាភិបាល សាទរសេចក្ដីសម្រេចរបស់តុលាការបារាំង ដែលបានច្រានចោលការទាមទារសំណង របស់ សម រង្ស៊ី ចំពោះរាល់ការចំណាយលើរឿងក្តីនេះ។ ចំណុចនេះបញ្ជាក់ច្បាស់ថា ថ្វីត្បិតតែ សម រង្ស៊ី ត្រូវបានតុលាការ អនុគ្រោះទោស ក៏ប៉ុន្តែ សម រង្ស៊ី ត្រូវរងភាពបរាជ័យ ដោយមូលហេតុថា តុលាការបារាំងបានទទួលស្គាល់ថា ពាក្យពេចន៍ របស់ សម រង្ស៊ី គឺជាការចោទប្រកាន់ដោយគ្មានភស្តុតាង និងជាការបរិហាកេរ្តិ៍ ហើយ សម រង្ស៊ី ត្រូវបង់ខាតចំពោះរាល់ ការចំណាយទាំងអស់៕ ដោយ៖ពលជ័យ