ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែនស្វាគមន៍សាលក្រមរបស់តុលាការព្រហ្មទណ្ឌបារាំង ដែលបានផ្ដល់យុត្តិធម៌ និងភាពស្អាតស្អំជូនសម្តេចតេជោ
ភ្នំពេញ៖ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ស្វាគមន៍សាលក្រមរបស់តុលាការព្រហ្មទណ្ឌបារាំងដែលបានផ្ដល់ យុត្តិធម៌ និងភាពស្អាតស្អំជូន សម្តេចតេជោ នាយករដ្ឋមន្ត្រី និងរកឃើញការពិតថា សម រង្ស៊ី បានប្រព្រឹត្តអំពើ បរិហារកេរ្ដិ៍ប្រាកដមែន។ ការផ្តល់យុត្តិធម៌ និងបញ្ជាក់អំពីភាពស្អាតស្អំជូន សម្តេចតេជោ ជាជោគជ័យសមស្របតាមបំណងប្រាថ្នាចង់បានបំផុតរបស់សម្ដេចតេជោដែលជាដើមបណ្តឹងរដ្ឋប្បវេណី។នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ ។
សេចក្តីថ្លែងការណ៍បញ្ជាក់ថាក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែនកត់សម្គាល់ឃើញថានៅក្នុងសំអាងហេតុនៃសាលក្រមរបស់ខ្លួន តុលាការ បារាំងបានគូសបញ្ជាក់ថា ការចោទប្រកាន់របស់ សម រង្ស៊ី ចំពោះ សម្តេចតេជោ ពាក់ព័ន្ធនឹងការធ្លាក់ឧទ្ធម្ភាគចក្រ ដែលមានឯកឧត្ដម ហុក ឡងឌី ជាជនរងគ្រោះជាការថ្លែងដោយពុំមានភស្តុតាង ឬឯកសារបញ្ជាក់ច្បាស់លាស់ដែលអាចឱ្យតុលាការជឿជាក់បាននោះឡើយ។ការពោលចោទប្រកាន់គ្មានមូលដ្ឋានរបស់ សម រង្ស៊ី ត្រូវបានតុលាការកំណត់ថាជា ការបរិហារកេរ្តិ៍ចំពោះសម្តេចតេជោហើយដែលសូម្បីតែជនជាប់ចោទ សម រង្ស៊ី ខ្លួនឯង ក៏មិនបានបដិសេធនោះទេ។
ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន សង្កេតឃើញថា នៅក្នុងសំអាងហេតុដដែលនោះ តុលាការបារាំងបាន ពិចារណាលើគោលការណ៍សមាមាត្រនៃការបញ្ចេញមតិ ក៏ប៉ុន្តែតុលាការនៅតែកំណត់ថា សម រង្ស៊ីពិតជាបានថ្លែង ចោទប្រកាន់ទម្លាក់កំហុសដោយមិនត្រឹមត្រូវ ចំពោះ សម្តេចតេជោ យ៉ាងពិតប្រាកដ។ តុលាការបានថ្លឹងថ្លែងថា ប្រសិនបើធ្វើការចោទប្រកាន់ខាងព្រហ្មទណ្ឌចំពោះសមរង្ស៊ីទំនងជាប៉ះពាល់ដល់វិសមាមាត្រនៃសិទ្ធសេរីភាពក្នុងការបញ្ចេញមតិ រវាងដើមបណ្តឹងជានាយករដ្ឋមន្ត្រីកាន់អំណាច និងជនជាប់ចោទដែលពុំមានអំណាចដែលសិទ្ធិ សេរីភាពនេះត្រូវបានការពារដោយសន្ធិសញ្ញាអឺរ៉ុបស្ដីពីសិទ្ធិមនុស្ស។ដោយមូលហេតុនេះតុលាការបានអនុគ្រោះឱ្យ សម រង្ស៊ី រួចផុតពីបទចោទ។
ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន សាទរសេចក្ដីសម្រេចរបស់តុលាការបារាំង ដែលបានច្រានចោលការ ទាមទារសំណងរបស់ សម រង្ស៊ី ចំពោះរាល់ការចំណាយលើរឿងក្ដីនេះ។ ចំណុចនេះបញ្ជាក់ច្បាស់ថា ថ្វីត្បិតតែ សម រង្ស៊ី ត្រូវបានតុលាការអនុគ្រោះទោស ក៏ប៉ុន្តែ សម រង្ស៊ី ត្រូវរងភាពបរាជ័យ ដោយមូលហេតុថា តុលាការបារាំងបានទទួលស្គាល់ថា ពាក្យពេចន៍របស់ សម រង្ស៊ី គឺជាការចោទប្រកាន់ដោយគ្មានភស្តុតាង និងជាការបរិហាកេរ្តិ៍ ហើយ សម រង្ស៊ី ត្រូវបង់ខាត ចំពោះរាល់ការចំណាយទាំងអស់៕ ដោយ៖ពលជ័យ