លិខិតមិត្តអ្នកអាន៖ តុលាការបារាំងបករបាំងមុខទណ្ឌិតរត់ចោលស្រុក សម រង្ស៊ី !
ភ្នំពេញ៖ តុលាការក្រុងប៉ារីស ប្រទេសបារាំង បានចេញសាលក្រមនៅថ្ងៃចន្ទ ទី១០ តុលានេះ ដោយបានសម្រេចផ្តល់ភាពស្អាតស្អំដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា មិនមានជាប់ពាក់ព័ន្ធនឹងការស្លាប់របស់លោក ហុក ឡងឌី ដូចការចោទប្រកាន់របស់ទណ្ឌិត សម រង្ស៊ី នោះទេ។ តុលាការបារាំងក៏បានចាត់ទុកការចោទប្រកាន់របស់ទណ្ឌិត សម រង្ស៊ី មកលើលោកនាយករដ្ឋមន្ត្រីថា ជាបទបរិហារកេរ្តិ៍យ៉ាងធ្ងន់ធ្ងរ។ ប៉ុន្តែ តុលាការបានអនុគ្រោះទោសដល់ទណ្ឌិតរូបនេះក្នុងការសងជំងឺចិត្តជានិមិត្តរូប១អឺរ៉ូ។ ទណ្ឌិតត្រកូលក្បត់ជាតិ សម រង្ស៊ី ត្រូវបានលោកនាយករដ្ឋមន្ត្រី និងលោក ឌី វិជ្ជា ប្តឹងទៅតុលាការ ប្រទេសបារាំងពីបទបរិហារកេរ្តិ៍បន្ទាប់ពីបុគ្គលនេះបានចោទប្រកាន់ដោយគ្មានមូលដ្ឋានអ្វីទាំងអស់ថា លោកនាយករដ្ឋមន្ត្រីជាអ្នករៀបចំផែនការសម្លាប់លោក ហុក ឡងឌី តាមរយៈការបំផ្ទុះឧត្ថម្ភាគចក្រ។
ទីបំផុត តុលាការក្រុងប៉ារីសក៏បានផ្តល់យុត្តិធម៌ជូនលោកនាយករដ្ឋមន្ត្រី និងបានផ្តល់ភាពស្អាតស្អំដល់លោកនាយករដ្ឋមន្ត្រីដែលរងការនិយាយមួលបង្កាច់ដោយគ្មានភស្តុតាងពីសំណាក់ទណ្ឌិត សម រង្ស៊ី។ តាមពិត ការទាមទារសំណងជំងឺចិត្តមួយអឺរ៉ូបានសបញ្ជាក់ថា ដើមបណ្តឹងមិនមែនចង់បានប្រាក់នោះ ទេ ប៉ុន្តែចង់បានយុត្តិធម៌ដើម្បីលាងជម្រះការមួលបង្កាច់របស់បុគ្គលម្នាក់ដែលខ្វះការទទួលខុសត្រូវ និងតែងតែប្រើវិធីមួលបង្កាច់អ្នកដទៃជាមធ្យោបាយដើម្បីធ្វើនយោបាយតែប៉ុណ្ណោះ។ ដូច្នេះ សាលក្រមរបស់តុលាការ បារាំងនាពេលនេះ មានអត្ថន័យធំធេង និងមិនត្រឹមតែសម្រាប់ដើមបណ្តឹងប៉ុណ្ណោះទេ ប៉ុន្តែគឺសម្រាប់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសផងដែរ។
អត្ថន័យទី១៖ សាលក្រមតុលាការបារាំង គឺជាកញ្ចក់ឆ្លុះបញ្ចាំងឱ្យឃើញថា រាល់សេចក្តីសម្រេចរបស់តុលាការកម្ពុជាទាំងប៉ុន្មាននាពេលកន្លងទៅ ដែលបានផ្តន្ទាទោសទណ្ឌិត សម រង្ស៊ី គឺជាសេចក្តីសម្រេចដ៏ត្រឹមត្រូវពីព្រោះមិនថា តុលាការប្រទេសណាឡើយ ការវិនិច្ឆ័យគឺដូចគ្នាដោយផ្អែកលើអង្គហេតុនិងអង្គច្បាប់។ ជាក់ស្តែង អ្នកនយោបាយរូបនេះ ដែលតែងតែនិយាយបរិហារ មួលបង្កាច់អ្នកដទៃដោយគ្មានភស្តុតាង គឺត្រូវតែចាញ់ក្តីដោយចៀសមិនផុត។ កន្លងទៅ ជននេះតែងចោទតុលាការកម្ពុជាថាស្ថិតក្រោមសម្ពាធរបស់បក្សកាន់អំណាច! ចុះឥឡូវពេលតុលាការបារាំងសម្រេចបែបនេះ តើបុគ្គលនេះហ៊ានចោទតុលាការបារាំងថា ស្ថិតក្រោមអំណាចលោក ហ៊ុន សែន ដែរឬទេ?
អត្ថន័យទី២៖ សាលក្រមតុលាការ បារាំងបានបករបាំងមុខជនប្រជាធិបតេយ្យក្លែងក្លាយឱ្យគេបានឃើញទូទាំងសាកលលោក។ កន្លងទៅនេះ ទណ្ឌិតសម្បូររឿងឡើងតុលាការមិនស្វាងរូបនេះតែងអះអាងនិងអួតក្អេងក្អាងថា ខ្លួនជាអ្នកប្រជាធិបតេយ្យ និងស្អប់ខ្ពើមអំពើអយុត្តិធម៌។ ប៉ុន្តែ ធាតុពិត បុគ្គលនេះហើយដែលបានបង្កភាពអនាធិបតេយ្យ និងបានសាងភាពអយុត្តិធម៌ដល់អ្នកដទៃច្រើនរាប់មិនអស់។ គិតមកទល់ពេលនេះ ទណ្ឌិត សម រង្ស៊ី ជាប់បណ្តឹងរាប់មិនអស់ និងមានទោសជាប់ខ្លួនរាប់រយឆ្នាំឯណោះ គឺទោសដោយសារមាត់ឥតគម្របនិយាយបរិហារ ចោទប្រកាន់គេដោយគ្មានភស្តុតាង និងអំពើល្មើសច្បាប់របស់ខ្លួន។ សាលក្រមតុលាការបារាំងនាពេលនេះអាចបញ្ជាក់ប្រាប់ពលរដ្ឋខ្មែរគ្រប់រូបឱ្យបានឃើញច្បាស់ថាទណ្ឌិត សម រង្ស៊ី មិនមែនជាកូនចៀមគួរឱ្យអាណិតនោះទេ ប៉ុន្តែជាចចកពាក់ស្បែកចៀម។
អត្ថន័យទី៣៖ សាលក្រមតុលាការបារាំងពេលនេះសបញ្ជាក់ថា អ្នកសាងអំពើអាក្រក់ ទោះជារត់ទៅដល់ក្រហែងមេឃណា ក៏នៅតែមិនអាចគេចផុតពីសំណាញ់ច្បាប់បានដែរ រីឯមាសទឹកដប់ ទោះទៅដល់ទីណា ក៏នៅតែជាមាសទឹកដប់ដដែលដោយមិនខ្លាចភ្លើងនោះឡើយ។ ជាក់ស្តែង ទណ្ឌិត សម រង្ស៊ី ដែលតែងតែអួតក្អេងក្អាងថា ខ្លួនរស់នៅលើទឹកដីបារាំងហើយអាចនិយាយអ្វីតាមអំពើចិត្តពីព្រោះតែអាជ្ញាធរកម្ពុជាមិនអាចធ្វើអ្វីខ្លួនបាននោះ ទីបំផុតត្រូវជាប់ក្នុងសំណាញ់ច្បាប់ប្រទេសបារាំងដោយចៀសមិនផុតឡើយ ដូចសុភាសិតមួយពោលថា «កុកអាចភ្លេចជុង តែជុងមិនដែលភ្លេចកុកឡើយ»។
អត្ថន័យទី៤៖ សាលក្រមតុលាការបារាំងពេលនេះបានបង្ហាញពីក្តីអាម៉ាស់យ៉ាងខ្លាំងចំពោះទណ្ឌិត សម រង្ស៊ី ដែលកន្លងទៅ ម៉ាត់ណាក៏និយាយរិះគន់បន្តុះបង្អាប់តុលាការកម្ពុជា។ ប៉ុន្តែពេលនេះ តុលាការបារាំងក៏ចាត់ទុកសម្តីចោទប្រកាន់របស់ទណ្ឌិតរូបនេះថា ជាបទបរិហារកេរ្តិ៍ធ្ងន់ធ្ងរដែរ។ ដូច្នេះ ទណ្ឌិតរត់ចោលស្រុកដោយសារសម្តីគ្មានការទទួលខុសត្រូវរូបនេះ ត្រូវតែទទួលយកការពិតទាំងក្តីអាម៉ាស់នេះដោយមិនអាចចៀសវាងបាន។ គឺជាក្តីអាម៉ាស់លើកទី២ហើយរបស់ទណ្ឌិត សម រង្ស៊ី បន្ទាប់ពីលើកទី១បានចាញ់ក្តីលោក ហោ ណាំហុង ក្នុងរឿងបរិហារកេរដោយគ្មានភស្តុតាងដូចគ្នានេះដែរ។
សរុបទៅ ទណ្ឌិត សម រង្ស៊ី បានក្លាយជាមនុស្សអស់លក្ខណ៍ អស់តម្លៃ និងអស់សេចក្តីថ្លៃថ្នូរ ជាអ្នកនយោបាយតាំងពីរយូរមកហើយដោយសារតែការបំពានច្បាប់ បំពានអ្នកដទៃ និងបំភ្លៃការពិត ភូតកុហកពលរដ្ឋខ្មែរជារៀងរហូតមក។ ប្រការដែល សម រង្ស៊ី ចាញ់ក្តីក្នុងបណ្តឹងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅតុលាការបារាំងពេលនេះ គឺជាទីអវសាន្តនៃជីវិតនយោបាយរបស់សម រង្ស៊ី ហើយ។ វាំងននបានរូតបិទផ្លូវចំពោះទណ្ឌិតរូបនេះជារៀងរហូតដោយគ្មានថ្ងៃអាចវិលចូលឆាកនយោបាយវិញបានឡើយ ហើយក៏គ្មាននរណានឹកគិតដល់ជនក្បត់ជាតិរូបនេះទៀតដែរមិនថាក្នុងឆាកនយោបាយជាតិ ឬសហគមន៍អន្តរជាតិឡើយជាពិសេស បន្ទាប់ពីតុលាការបារាំងបានបករបាំងមុខបុគ្គលរូបនេះនាពេលនេះ៕
ដោយ៖អ្នកនយោបាយតុកាហ្វេ

