សិស្សជាច្រើនដែលរៀននៅសាលារដ្ឋ នៅតែត្រូវរៀនបន្ថែមក្រៅម៉ោង
ភ្នំពេញ៖ បច្ចុប្បន្នសិស្សជាច្រើនបានបន្តកន្ទុយគ្នារៀន បន្ថែមក្រៅម៉ោង ដើម្បីត្រៀមប្រលងសញ្ញាបត្រមធ្យមសិក្សាទាំងពីរកម្រិត និងរៀនបំពេញបន្ថែមនូវចន្លោះខ្វះខាតដែលពួកគេរៀននៅម៉ោងរដ្ឋ។
យុវតី អ៊ីមរ៉ា ចាន់ធានី ជាសិស្សនៅវិទ្យាល័យ ប៊ុនរ៉ានីហ៊ុនសែនផ្សាដើមថ្កូវ រៀបរាប់ថា ជាទូទៅការសិក្សានៅសាលារដ្ឋនៅមានភាពខ្វះខាតច្រើនដែលតម្រូវឱ្យសិស្សត្រូវស្វែងរកការរៀនសូត្របន្ថែម ដូចជារៀនបន្ថែមដែលគេនិយមថា រៀនគួរជាដើម ។
យុវតីចាន់ធានី៖« សម្រាប់ខ្ញុំ មិត្តភក្តិខ្ញុំពួកគាត់ក៏រៀនបន្ថែមដែរ ដោយក្នុងមួយមុខវិជ្ជាអស់ប្រាក់ប្រមាណ ៥០.០០០រៀល ទៅ ៦០.០០០រៀលក្នុងមួយខែៗ ។ គេរៀន បួនមុខក្នុងនេះមាន មុខវិជ្ជាគណិតវិទ្យា រូបវិទ្យា គីមីវិទ្យា និងភាសាខ្មែរ» ។ ចាន់ធានី បន្ថែមថា សិស្សសាលាឯកជនមិនសូវរៀនក្រៅម៉ោងដូចសិស្សសាលារដ្ឋទេ។ ម្យ៉ាងការបង្រៀននៅតាមសាលាឯកជន គ្រួមកបង្រៀនជាប់មិនងាយអវត្តមានឡើយ។
យុវជនម្នាក់សុំមិនបង្ហាញឈ្មោះបានមានមតិថា សាលារដ្ឋមិនសូវមានវិន័យតឹងតែងប៉ុន្មាន ការបង្រៀនការពន្យល់មិនមានការក្បោះក្បាយអ្វីទេ ដោយសារកត្តាពេលវេលានិងស្ថានភាពបន្ទប់ចង្អៀតជាដើម។យុវជនរូបនេះបន្ថែមទៀតថា ការបង្រៀនម៉ោងរដ្ឋគឺមិនសូវជាយល់ច្បាស់ដូចរៀន ម៉ោងគួរឡើយ ។
យុជនជននេះនិយាយ៖ « ជាទូទៅរៀនម៉ោងរៀនគួរបន្ថែមតែងតែមាន លំហាត់ផ្សេងៗ និងងាយយល់ ហើយជាទូទៅខ្ញុំបានរៀនបន្ថែមក្រៅម៉ោង ជីវៈវិទ្យា គណិតវិទ្យា គីមី រូបវិទ្យា ។ ដោយក្នុងមួយមុខ ១៥ដុល្លារ និងមុខវិជ្ជាខ្លះ ២០ដុល្លារ ក្នុងមួយខែ ៥៥ដុល្លារ» ។
គ្រូបង្រៀនវិទ្យាល័យ ហ៊ុន សែន សេរីភាពលោក គ្រិន ប៊ុនលី មានប្រសាសន៍ថា ការអប់រំនៅសាលារដ្ឋភាគច្រើន មានភាពពេញលេញទាំងអស់ ទាំងបំណិន ទាំងឥរិយាបថ ទាំងសីលធម៌ ពេញលេញទាំងអស់។
លោក គ្រិន ប៊ុនលី៖ «រៀនរាល់ថ្ងៃគឺមិនបែងចែកវណ្ណៈស្ថិតនៅក្នុងវណ្ណៈត្រកូលបែបណានោះទេ។មករៀននៅសាលានេះគឺទទួលបានការអប់រំ ការយកចិត្តទុកដាក់ពីសំណាក់លោកគ្រូអ្នកគ្រូទាំងអស់ ។ ជាទូទៅសិស្សសាលារដ្ឋមានការអប់រំ បណ្ដុះបណ្ដាលបានល្អ និងទទួលខុសត្រូវបានល្អ»។
លោកគ្រូបង្រៀនអក្សរសាស្រ្ត ដ៏មានថ្វីមាត់រូបនេះក៏បានបន្ថែមថា ការរៀនបន្ថែមក្រៅម៉ោងគឺលោកគ្រូអ្នកគ្រូមិនបានបង្ខំសិស្សណាម្នាក់នោះទេ ប្រសិនបើគាត់ចង់ពង្រឹងមុខវិជ្ជាណាមួយដែលគាត់ខ្វះខាតគឺគាត់ស្វះស្វែងរកកន្លែងដែលគាត់អាចរៀនប៉ះប៉ូវកន្លែងដែលគាត់ខ្វះខាត។ លោកបញ្ជាក់ថា ជាទូទៅមករៀនរាល់ថ្ងៃសិស្សសាលារដ្ឋគឺខ្លះមានជីវភាពធូរធារ តែអ្នកខ្លះគឺខ្វះខាត ហើយមិនមែនសុទ្ធតែការរៀនបំប៉នក្រៅម៉ោងគឺត្រូវយកលុយទាំងអស់នោះទេ។
លោកគ្រិន ប៊ុនលី៖ « អ្វីដែលលោកគ្រូជួបប្រទះផ្ទាល់ គឺមានការយោគយល់ច្រើន អ្នកណាមានប្រាក់បង់ក៏បង់អ្នកណាអត់ក៏អត់ព្រោះគ្រូនិងសិស្សតែងតែមានមនោសញ្ចេតនាជាមួយគ្នា» ។
លោកបញ្ជាក់ថា ការរៀនសព្វថ្ងៃគឺនៅមានកម្រិតប្រសិនបើសិស្សមានបំណងចង់បានបួកទៅក្រៅប្រទេសដូច្នេះគាត់ត្រូវរករៀនបន្ថែមរកវិញ្ញាសាទៅក្រៅប្រទេស។ បន្ថែមពីនេះលោកក៏បញ្ជាក់ថារឿង៖ «គ្រូមិនបង្រៀនម៉ោងរដ្ឋយកពេលទៅបង្រៀនម៉ោងរៀនបន្ថែម»។ ជាទូទៅពាក្យនេះជាពាក្យចចាមអារ៉ាមតែប៉ុណ្ណោះ។ គ្រូនីមួយៗតែងតែមានមនសិការរបស់គាត់រៀងៗខ្លួន។គ្មានគ្រូណាម្នាក់ចង់ឃើញសិស្សល្ងង់គាបលុយពីសិស្សយកមកបម្រើសេចក្ដីត្រូវការរបស់ខ្លួននោះទេ។ ពីព្រោះសាលារៀនកួរផ្សេងៗទៀតបើកពេញទីក្រុងធំៗ ដែលទទួលបានអាជ្ញាប័ណ្ឌបើកតើ នោះជាអំពើពុករលួយដែរឬទេ? ចម្លើយគឺអត់ទេ»។
ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យអ្នកស្រី អ៊ុក ឆាយាវី វិញអ្នកស្រីយល់ថា ការអប់រំតាមបណ្ដាសាលារដ្ឋមួយចំនួនគឺគ្រាន់តែច្បោលៗតែប៉ុណ្ណោះ ហើយសិស្សនៅសាលាគឺមិនទទួលបានការសិក្សាពេញលេញនោះទេ។
អ្នកស្រី ឆាយ៉ាវី៖ « អ្នកខ្លះរៀនដល់ទី ១២ ហើយ អានអក្សរមិនដឹងដាច់ផង។ ការបណ្ដុះបណ្ដាលពីគ្រូ ការយកចិត្តទុកដាក់ពីគ្រូបានល្អហើយ តែអត់មានការលើកទឹកចិត្តពីថ្នាក់ដឹកនាំ ហើយសិស្សគឺមិនប្រឹងប្រែងរៀនសូត្រ» ។
ប្រធានសមាគមគ្រូបង្រៀនរូបនេះក៏បានបញ្ជាក់ដែរថា សិស្សមួយចំនួនគឺត្រូវធ្វើការយកលុយមករៀន ហើយពួកគាត់ជាអ្នកដែលមានបញ្ហាជីវភាពខ្វះខាត។
លោកបន្តថា៖«សាលារៀនបង្រៀនយកតែបរិមាណមិនយកគុណភាពនោះទេ ប្រសិនបើគុណភាពប្រាកដណាស់សិស្សនឹងប្រឹងប្រែងរៀនសូត្រហើយ។ ប្រសិនបើជាបន្តការរៀនបន្ថែមក្រៅម៉ោងនោះយុវជនខ្មែរនឹងមិនទទួលបានការអប់រំពេញលេញឡើយ» ។
ទោះជាយ៉ាងណាក្ដី អ្នកស្រី ចាត់ទុកថាការរៀនបន្ថែមក្រៅម៉ោងមិនមែនជាអំពើពុករលួយនោះទេ។
ក្រសួងអប់រំធ្លាប់បានចេញសេចក្ដីណែនាំជាច្រើនដងច្រើនសារដើម្បីបញ្ជាឱ្យនាយកសាលានានា គ្រប់គ្រងបុគ្គលិករបស់ខ្លួនកុំឱ្យកើតមានករណីបង្ខំឱ្យសិស្សរៀនកួរក្នុងម៉ោងសិក្សារបស់រដ្ឋនិងបង្រៀនគួរក្នុងថ្ងៃឈប់សម្រាកជាដើម។ រដ្ឋមន្ត្រីក្រសួងអប់រំ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន មានធ្លាប់ប្រសាសន៍ថា ៖«បើបង្រៀនគួរ សូមបង្រៀនឱ្យបានពិត និងច្បាស់លាស់ ដោយគោរពក្រមសីលធម៌វិជ្ជាជីវៈគ្រូបង្រៀន»៕
ដោយ៖ហោ សុវិទ្យា