កម្ពុជារាយការណ៍ពីវឌ្ឍនភាព និងសមិទ្ធផលនានារបស់ខ្លួន ក្នុងវិស័យសិទ្ធិមនុស្ស នាកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្ស

អត្ថបទដោយ៖
ឆាយ រត្ថា

ទីក្រុងហ្សឺណែវ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ – ក្រុមប្រឹក្សាសិទ្ធិមនុស្ស បានបញ្ចប់សម័យប្រជុំលើកទី៥១ កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ បន្ទាប់ពីបានរៀបចំកិច្ចប្រជុំសរុបចំនួន ៥៣ និង បានអនុម័ត សេចក្តីសម្រេចចិត្តចំនួន ៤១ ពាក់ព័ន្ធនឹងរបៀបវារៈតាមប្រធានបទ និងប្រទេសជាក់លាក់ ។

ក្នុងអំឡុងពេលនៃកិច្ចប្រជុំរយៈពេលបួនសប្តាហ៍ (ពីថ្ងៃទី១២ ខែកញ្ញា ដល់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២) ស្ថានបេសកកម្មអចិន្ត្រៃយ៍ នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅហ្សឺណែវ បានទ្បើងថ្លែងបទអន្តរាគមន៍សរុប ២៥ លើក ដែលបានលាតត្រដាងពីវឌ្ឍនភាពនិងសមិទ្ធផលរបស់កម្ពុជា លើកិច្ចការសិទ្ធិមនុស្សជាច្រើនវិស័យ រួមទាំងសេចក្ដីថ្លែងការណ៍រួមរបស់អាស៊ានចំនួនបីផងដែរ។ ខាងក្រោមនេះគឺជាខ្លឹមសារសំខាន់ៗខ្លះ ដកស្រង់ចេញពីបទអន្តរាគមន៍របស់កម្ពុជា៖
• ក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ១៩ កម្ពុជាបានអនុវត្តកម្មវិធីគាំពារសង្គមជាច្រើនជួយដល់ស្ត្រី កម្មករ-បុគ្គលិកព្យួរកិច្ចសន្យាការងារ និងក្រុមងាយរងគ្រោះ។ ក្នុងនោះរួមមាន “កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនដល់គ្រួសារក្រីក្រនិងងាយរងគ្រោះ” ដែលបានរួមចំណែកដល់ការបន្ថយភាពក្រីក្រក្នុងអត្រា ២,៧% ក្នុងឆ្នាំ២០២០ និង ៣,៤% ក្នុងឆ្នាំ២០២១ ។
• កម្ពុជាបានខិតខំប្រឹងប្រែង ប្រកបដោយវឌ្ឍនភាព ក្នុងការលើកកម្ពស់អក្ខរកម្មឌីជីថល តាមរយៈការដាក់ចេញនូវ “ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា ឆ្នាំ២០២១-២០៣៥” និង “គោលនយោបាយរដ្ឋាភិបាលស្តីពីឌីជីថលកម្ពុជា ២០២២-២០៣៥” ជាដើម។ ដើម្បីការពារសិទ្ធិឯកជនភាពរបស់ពលរដ្ឋ ច្បាប់ការពារទិន្នន័យផ្ទាល់ខ្លួន នឹងត្រូវតាក់តែងឡើង ដោយឆ្លងកាត់កិច្ចពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធជាច្រើន។
• កំណើននៃជំនួយផ្នែកច្បាប់មិនយកកម្រៃ បានជួយការពារសិទ្ធិរបស់អ្នកជាប់ឃុំ និងក្រុមងាយរងគ្រោះ រួមមានកុមារ ស្ត្រី និងមនុស្សចាស់។ តួអង្គផ្ដល់ជំនួយផ្នែកច្បាប់ រួមមាន គណៈមេធាវី ក្រុមមេធាវីស្ម័គ្រចិត្តរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងអង្គការមិនមែនរដ្ឋាភិបាលនានា។ ដោយអនុលោមតាមអនុសាសន៍របស់អង្គការសហប្រជាជាតិ កម្ពុជាកំពុងស្ថិតក្នុងដំណាក់កាលពិគ្រោះយោបល់ជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីតាក់តែងសេចក្ដីព្រាងគោលនយោបាយជាតិស្ដីពីជំនួយផ្នែកច្បាប់។
• ដើម្បីលើកកម្ពស់សិទ្ធិមនុស្សចាស់ កម្ពុជាបានបង្កើត”គណៈកម្មាធិការជាតិដើម្បីមនុស្សចាស់”ចាប់តាំងពីឆ្នាំ១៩៩៩ និងដាក់ចេញនូវ”គោលនយោបាយជាតិ ស្តីពីមនុស្សវ័យចាស់ ២០១៧-២០៣០” និង “ក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គមឆ្នាំ ២០១៦-២០២៥”។
• កម្ពុជាបានចាប់ផ្ដើមដាក់ឱ្យមានកម្មវិធីសោធននិវត្តន៍សម្រាប់កម្មករ-និយោជិតវិស័យឯកជន និងពង្រីកវិសាលភាពគ្របដណ្ដប់របស់ ”បេឡាជាតិសន្តិសុខសង្គម” ជូនដល់គ្រួសាររបស់សមាជិកបេឡាជាតិ ហើយនាពេលថ្មីៗនេះ ក៏បានដាក់ចេញនូវ “កម្មវិធីឧបត្ថម្ភសាច់ប្រាក់សម្រាប់គ្រួសារប្រឈមស្ថានភាពលំបាកក្នុងអំឡុងអតិផរណាខ្ពស់”។
• កម្ពុជាបានដាក់ចេញនូវ “គោលនយោបាយជាតិស្ដីពីការអភិវឌ្ឍជនជាតិដើមភាគតិច” ដោយផ្ដោតលើការកំណត់អត្តសញ្ញាណជនជាតិដើមភាគតិច ការទទួលស្គាល់ជានីតិបុគ្គលនូវសហគមន៍ជនជាតិដើមភាគតិច និងកិច្ចការពារដីលំនៅឋាន ដីដាំដុះ និងទីតាំងវប្បធម៌ជនជាតិដើមភាគតិច។
• កិច្ចការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិចក៏ទទួលបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់។ នៅត្រឹមខែមិថុនា ឆ្នាំ២០២២ ប័ណ្ណកម្មសិទ្ធិដីធ្លីសមូហភាពចំនួនក្បែរ១.០០០ ត្រូវបានចុះបញ្ជីនិងផ្តល់ជូនសហគមន៍ជនជាតិដើមភាគតិចចំនួនជិត៤០ ដែលគ្របដណ្ដប់លើផ្ទៃដីជិត៤ម៉ឺនហិកតា។ រាជរដ្ឋាភិបាលបន្តបេ្តជ្ញាចិត្តក្នុងការចុះបញ្ជីសហគមន៍ជនជាតិដើមភាគតិចនិងផ្ដល់ជូនប័ណ្ណកម្មសិទ្ធិដីធ្លីសមូហភាព ឱ្យបានចំនួន១០ ក្នុងមួយឆ្នាំៗ។
• កម្ពុជាចូលរួមជាមួយគណៈប្រតិភូប្រទេសជាច្រើនផ្សេងទៀត ក្នុងការអំពាវនាវសារជាថ្មី ឱ្យការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ធ្វើការប្រកបដោយយុត្តិធម៌ និងមិនធ្វើនយោបាយូបនីយកម្ម ស្របតាមគោលការណ៍សកលភាព អព្យាក្រឹត្យ តម្លាភាព សត្យានុម័ត និងមិនជ្រើសរើសតែមួយជ្រុង។ ក្នុងការបំពេញការងារ OHCHR ត្រូវចាត់ទុកសិទ្ធិមនុស្សទាំងអស់ រួមមានសិទ្ធិពលរដ្ឋ វប្បធម៌ សេដ្ឋកិច្ច នយោបាយ និងសង្គម រួមទាំងសិទ្ធិអភិវឌ្ឍន៍ មានតម្លៃស្មើៗគ្នា ប្រកបដោយភាពយុត្តិធម៌ សមភាព និង ទទួលបានការយកចិត្តទុកដាក់ដូចៗគ្នា។
• កម្ពុជាអនុញ្ញាតឱ្យអ្នករាយការណ៍ពិសេសប្រចាំប្រទេស នូវការចេញចូលកម្ពុជាគ្រប់ទីកន្លែង ដោយគ្មានការរិតត្បិត។ ក្នុងនាមជាប្រទេសដែលមិនហាមឃាត់ និងមិនដាក់ពិន័យចំពោះសហគមន៍ស្រឡាញ់ភេទដូចគ្នា កម្ពុជានឹងទទួលទស្សនកិច្ចរបស់អ្នកជំនាញទទួលបន្ទុកកិច្ចការពារប្រឆាំងអំពើហិង្សា និងការរើសអើងដោយសារនិន្នាការភេទនិងអត្តសញ្ញាណយេនឌ័រ នៅចុងឆ្នាំនេះ ។

ក្នុងសម័យប្រជុំលើកទី៥១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សនេះ កម្ពុជាក៏បានចូលរួមគាំទ្រលើសេចក្តីថ្លែងការណ៍រួម សរុប១៣ ពាក់ព័ន្ធនឹងការបំពេញការងាររបស់ OHCHR ចម្រុះភាពវប្បធម៌ វិធានការចាប់បង្ខំជាឯកតោភាគី សកម្មភាពការប្រែប្រួលអាកាសធាតុ កិច្ចសហប្រតិបត្តិការបច្ចេកទេស។ល។ លើសពីនេះ កម្ពុជាក៏បានចូលឈ្មោះ (co-sponsor) គាំទ្រសេចក្ដីសម្រេចចិត្តចំនួន០៧ លើប្រធានបទស្តីពី កិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគាំទ្រយន្តការសិទ្ធិមនុស្សថ្នាក់ជាតិ ការអប់រំសិទ្ធិមនុស្ស យុវជននិងសិទ្ធិមនុស្ស មូលនិធិស្ម័គ្រចិត្តសម្រាប់យន្តការត្រួតពិនិត្យទៀងទាត់ជាសកល (UPR) កិច្ចសហប្រតិបត្តិការបច្ចេកទេសក្នុងវិស័យសិទ្ធិមនុស្ស ជាដើម៕ ដោយ សួង ពិសិដ្ឋ

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner