ពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ នៅខេត្តកំពង់ធំស្នើសុំឱ្យអាជ្ញាធរជួយសម្របសម្រួលជាមួយស្ថាប័នកម្ចីប្រាក់

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ប្រជាពលរដ្ឋដែលរងគ្រោះទឹកជំនន់ នៅស្រុកស្ទោង ខេត្តកំពង់ធំស្នើសុំឱ្យអាជ្ញាធរជួយសម្របសម្រួលជាមួយនឹងស្ថាប័នកម្ចីប្រាក់ ដោយសារពួកគាត់បាត់បង់ផលដំណាំ។

លោក ឆាយ ចែង អាយុ ៤៣ឆ្នាំ ជាអាជីវករលក់ដូរនៅស្រុកស្ទោង បានប្រាប់ថា ស្ថានភាពទឹកជំនន់បច្ចុប្បន្ននេះ បានស្រកអស់ខ្លះហើយ ប៉ុន្តែបន្ទាប់ពីស្រកទឹកមក គឺវាប៉ះពាល់ដល់ផ្លូវ ពិបាកធ្វើដំណើរក្នុងការដឹកជញ្ជូនឥវ៉ាន់លក់ដូរជាដើម។

លោកឆាយ ចែង និយាយថា៖ «ចាប់ពីទឹកជំនន់មក គ្រួសារខ្ញុំរកអីអត់បាន នៅតែសំកុកក្នុងផ្ទះ រង់ចាំតែទឹកជំនន់ស្រក។ មាន់ ទា ជ្រូក គោ មានខ្លះគ្រប់គ្រងបាន ឯខ្លះទៀតងាប់ និងអណ្ដែតតាមទឹកទៅ»។

លោកបន្តថា បើមិនទាន់មានទឹកជំនន់ គឺគ្រួសារលោកអាចរកចំណូលបានមួយថ្ងៃបាន១០ម៉ឺន ទៅ១៥ដែរ ពីលក់ដបទឹកសុទ្ធ លក់ជី ដល់ពេលមានទឹកជំនន់គ្រួសារលោករកអត់បានទេ ពីព្រោះមិនអាចធ្វើដំណើរដឹកឥវ៉ាន់បាន។ ដូច្នេះមានតែចំណាយហើយថវិកាដែលនៅសល់ សម្រាប់តែទិញអង្ករ ទិញម្ហូបក្នុងក្រុមគ្រួសារ។ លើសពីនេះទៀត លោកថា រាល់ទំនិញដែលមានលក់ គឺត្រូវខ្ចីលុយពីធនាគារ ប៉ុន្តែត្រូវរាំងស្ទះពីទឹកជំនន់លក់ដូរអត់បានទៀត មានតែត្រូវប្រឈមនឹងការខ្វះលុយបង់ធនាគារជាដើម។

លោកបន្ថែមថា៖លោកសំណូមពរឱ្យខាងរដ្ឋាភិបាលជួយអន្តរាគមន៍ទៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងខាងធនាគារ ដើម្បីបន្ធូរបន្ថយពេលដែលប្រជាពលរដ្ឋជួបការលំបាក ពីព្រោះឥឡូវវពិបាករកស៊ី មានការខូតខាតទ្រព្យសម្បត្តិ។ ដូច្នេះមានការខ្វះខាតលុយបង់ធនាគារ។

ពលរដ្ឋម្នាក់ទៀតគឺ អ្នកស្រី ដា គុណធា អាយុ៣២ឆ្នាំប្រកបមុខរបរធ្វើស្រែចម្ការ បានប្រាប់ថាទឹកជំនន់ឆ្នាំនេះ បានធ្វើឱ្យខូចខាតដំណាំស្រូវជាង ៧០អា ដំឡូងមីត្រូវរលួយជាង ៨០ភាគរយ និងសត្វចិញ្ចឹមជាច្រើនក្បាលបានងាប់។ អ្នកស្រី ដា គុណធា លើកឡើងថា៖ «ខ្ញុំបានយកលុយ២០លានរៀលពីប្រាសាក់ ដើម្បីមកទិញក្របី និងធ្វើដំឡូងមី ប៉ុន្តែតាំងពីទឹកជំនន់មក រកលុយបង់អត់បានទេ ពីព្រោះអីចំណូលពីការចិញ្ចឹមសត្វ និងផលដំណាំ គឺវាខូតខាតចឹង។

អ្នកស្រីបន្តថា ណាមួយត្រូវបង់ប្រចាំខែ មួយខែត្រូវបង់ទាំងការនិងដើមខ្ទង់៥០ម៉ឺនជាង ហើយដូច្នេះមានតែត្រូវយកលុយពីក្រៅបន្ថែមទៀតដើម្បីមកបង់សិន ដោយបញ្ជាក់បន្ថែមថា ការពិបាកនឹងមានក្រោយពីទឹកស្រកហើយ គឺត្រូវចាប់ផ្ដើមចិញ្ចឹមសត្វ និងធ្វើកសិកម្មឡើងវិញ ហើយក៏ត្រូវការចំណាយ ដើម្បីបង្កបង្កើនផងដែរ។

ជុំវិញរឿងនេះអគ្គនាយកដ្ឋានកសិកម្ម ឯកឧត្តម ហ៊ាន វណ្ណហន បានប្រាប់ថាពាក់ព័ន្ធនឹងផលដំណាំរបស់ប្រជាកសិករ ប្រសិនជាមានការខូចខាត ដោយសារទឹកជំនន់ ហើយមិនអាចបង្កបង្កើនផលបាន គឺជាគោលការណ៍ខាងអាជ្ញាធរបានរៀបចំ ក្នុងផ្ដល់ពូជដល់ប្រជាកសិករដែលរងផលប៉ះពាល់នេះ។

ឯកឧត្តមបញ្ជាក់ថា៖ «បញ្ហាកម្ចីហិរញ្ញាវត្ថុវាអត់មានក្នុងគោលការណ៍ទេ ប៉ុន្តែខាងអាជ្ញាធរគឺមានគោលការណ៍ជួយពូជ ប្រសិនជាកន្លែងនឹងអាចមានលទ្ធភាពក្នុងការដាំស្រូវ»។

សូមបញ្ហាក់ថា តាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ស្ថានភាពជំនន់ទឹកភ្លៀងមកដល់ពេលបានបង្កឱ្យខេត្តចំនួន២៣ មាន១០៥ស្រុក-ខណ្ឌ និង៤៣៥ឃុំ-សង្កាត់។ ខេត្តដែលរងផលប៉ះពាល់ធ្ងន់ជាងគេ គឺមានខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង់។ ចំណែកការប៉ះពាល់ធ្ងន់នេះ គឺផលដំណាំស្រូវជាង ១៩ម៉ឺនហិកតា និងខូតខាតជាងប្រាំមួយម៉ឺនហិកតា ហើយមានប្រជាពលរដ្ឋប្រមាណ ១១២ ៧៦០គ្រួសារ ស្មើនឹង ៥០៧ ៤០០នាក់ ដែលរងផលប៉ះពាល់ដោយសារទឹកជំនន់៕ ដោយ៖ ជា សុខនី

ads banner