គម្រោងជួសជុលផ្លូវជាតិលេខ៣ពីត្រពាំងរពៅទៅវាលរេញ គឺរង់ចាំកម្ចីសម្បទានពីប្រទេសចិន

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ប្រទេសកម្ពុជាកំពុងរង់ចាំការផ្ដល់ប្រាក់កម្ចីសម្បទានពីប្រទេសចិន ក្នុងគម្រោងជួសជុលនិងស្តារឡើងវិញនូវកំណត់ផ្លូវជាតិលេខ៣ពីចំណុចត្រពាំងរពៅ ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត ទៅដល់ផ្លូវបំបែកវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលមានចម្ងាយផ្លូវប្រវែងជាង២០គីឡូម៉ែត្រ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ថ្លែងក្នុងជំនួបជាមួយអគ្គកុងស៊ុលចិនប្រចាំខេត្តព្រះសីហនុ លោក Wang Zhiquan កាលពីថ្ងៃទី១២ខែតុលា។

អភិបាលខេត្តព្រះសីហនុបានមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល និងប្រជាពលរដ្ឋនៃប្រទេសទាំងពីរកាន់តែល្អដោយផ្តើមចេញពីគោលនយោបាយផ្លូវមួយ ខ្សែក្រវាត់មួយ របស់ឯកឧត្តម ស៊ី ជិនពីន ប្រធានាធិបតីចិន និងយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ធ្វើឱ្យខេត្តព្រះសីហនុ ទទួលបានសមិទ្ធផលជាច្រើន។ឯកឧត្តមបានបន្ថែមថា ៖«សូមស្នើសុំឱ្យកុងស៊ុលចិន ជួយសម្របសម្រួលការងារមួយចំនួនមាន ដូចជា ជួយពន្លឿនហិរញ្ញប្បទាន លើគម្រោងជួសជុលស្តារឡើងវិញផ្លូវជាតិលេខ៣ ពីវាលរេញ ទៅត្រពាំងរពៅដែលកំពុងរងការខូចខាតធ្ងន់ធ្ងរ។ ស្នើសុំជួយជំរុញអ្នកវិនិយោគ និងអ្នកទេសចរចិនមកខេត្តព្រះសីហនុ ឱ្យបានកាន់តែច្រើននាពេលខាងមុខ និងបន្តកិច្ចសហប្រតិបត្តិការល្អ»។

អគ្គកុងស៊ុលចិនប្រចាំខេត្តព្រះសីហនុលោក Wang Zhiquan តបថា លោកនឹងខំខិតថែមទៀតដើម្បីចំណងមិត្តភាពនៃប្រទេសទាំងពីរ។ លោកថានឹងនាំយកសំណើររបស់ភាគីកម្ពុជាទៅកាន់ថ្នាក់លើបន្ត ដើម្បីបង្ហាញពីការបេ្តជ្ញាចិត្ត បន្តកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែល្អប្រសើរបន្ថែមទៀតនៅពេលខាងមុខ និងបង្កើនយន្តការទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ។

ទាក់ទងនឹងកំណាត់ផ្លូវជាតិលេខ៣នេះដែរ ក្រសួងសាធារណការនិងដឹកជញ្ជូនបានផ្សាយថា កំណាត់ផ្លូវជាតិលេខ៣ពីចំណុចត្រពាំងរពៅ ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត ទៅដល់ផ្លូវបំបែកវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានខូចខាតធ្ងន់ធ្ងរ ដោយចម្ងាយផ្លូវត្រឹម២០គីឡូម៉ែត្រនេះរថយន្តត្រូវចំណាយពេលជាងពីរម៉ោងទើបឆ្លងផុត។

កាលពីថ្ងៃទី៧ខែតុលា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អមដំណើរដោយឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចុះទៅពិនិត្យដោយផ្ទាល់ពីស្ថានភាពកំណាត់ផ្លូវនោះ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ប្រាប់អ្នកកាសែតនិងក្រុមការងារបច្ចេកទេសថា លោកបានធ្វើសំណើរួចហើយទៅកាន់រដ្ឋាភិបាលចិន ឱ្យជួយផ្តល់កម្ចីសម្រាប់សាងសង់កំណាត់ផ្លូវនេះ។ លោកថា៖« កម្ពុជាបានស្នើរដ្ឋាភិបាលចិនបង្វែរគម្រោងថវិកាឆ្នាំ២០២៣ ដែលត្រូវផ្ដល់ឱ្យកម្ពុជាប្រើប្រាស់សម្រាប់សាងសង់ហេដ្ឋារចនាសម្ព័ន្ធដទៃនោះ មកសាងសង់កំណាត់ផ្លូវនេះជំនួសវិញ ព្រោះវាមានភាពចាំបាច់សម្រាប់ការប្រើប្រាស់។ ប៉ុន្តែលទ្ធផលយ៉ាងណានោះ គឺត្រូវរង់ចាំការឆ្លើយតបពីខាងរដ្ឋាភិបាលចិន»។

តាមគម្រោងកម្ពុជាត្រូវការខ្ចីប្រាក់ពីចិនប្រមាណ៧០លានដុល្លារសម្រាប់សាងសង់កំណាត់ផ្លូវជាតិនេះ។ក្រុមការងារបច្ចេកទេសរបស់ក្រសួងសាធារណការនិងដឹកជញ្ជូនលើកឡើងថា តាមបច្ចេកទេសដើម្បីសង់ផ្លូវនេះឱ្យជាប់មានគុណភាព ចាំបាច់យកដីស្អុយចេញបន្ទាប់មកត្រូវសង់ស្ពានក្រោមថ្នល់ប្រវែង១៨គីឡូម៉ែត្រតែម្ដង។ ទោះជាយ៉ាងណាប្រជាពលរដ្ឋរង់ចាំមើលនិងទទួចឱ្យពន្លឿនពីដំណើរការជួសជុលផ្លូវជាតិនេះ៕ ដោយ៖ វណ្ណ ស័ក្តិ

ads banner