លោក ហ្សេលេនស្គី អំពាវនាវសុំជំនួយប្រព័ន្ធប្រឆាំងយន្តហោះបន្ថែមទៀតពីលោកខាងលិច
កៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានជំរុញឱ្យប្រទេសលោកខាងលិចផ្គត់ផ្គង់អាវុធប្រឆាំងយន្តហោះបន្ថែមទៀតដល់អ៊ុយក្រែន ដោយទទូចថា ប្រទេសរបស់លោកបច្ចុប្បន្នមានត្រឹមតែ ១០% ប៉ុណ្ណោះ នៃអ្វីដែលខ្លួនត្រូវការ។
លោក ហ្សេលេនស្គី បានថ្លែងទៅកាន់សម័យប្រជុំសភា នៃក្រុមប្រឹក្សាអឺរ៉ុប (PACE) ក្នុងថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ តាមរយៈតំណភ្ជាប់វីដេអូអនឡាញថា សមត្ថភាពរបស់យើងក្នុងការបិទការវាយប្រហារតាមដែនអាកាស គឺមិនគ្រប់គ្រាន់ទេ ហើយថា អ៊ុយក្រែនត្រូវការប្រព័ន្ធការពារប្រឆាំងយន្តហោះបន្ថែមទៀតពីលោកខាងលិច។ មេដឹកនាំអ៊ុយក្រែនរូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា ខ្ញុំស្នើឱ្យអ្នកគ្រប់កម្រិតទាំងអស់ ទាំងនយោបាយ និងប្រព័ន្ធផ្សព្វផ្សាយ គាំទ្រការផ្គត់ផ្គង់ប្រព័ន្ធការពារដែនអាកាស និងមីស៊ីលឱ្យបានគ្រប់គ្រាន់ដល់អ៊ុយក្រែន។
ការអង្វរកររបស់លោក ហ្សេលេនស្គី ខាងលើនេះ ធ្វើឡើងបន្ទាប់ពីការវាយប្រហារដោយមីស៊ីលទ្រង់ទ្រាយធំរបស់រុស្ស៊ី ប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់អ៊ុយក្រែនកាលពីដើមសប្តាហ៍នេះ។ កូដកម្មនេះកើតឡើងជាការឆ្លើយតបនឹងការផ្ទុះស្ពានគ្រីមៀកាលពីចុងសប្តាហ៍កន្លងទៅ ដោយរុស្ស៊ីបានស្តីបន្ទោសអ៊ុយក្រែនចំពោះឧប្បត្តិហេតុស្ពាននេះ ដោយបានចាត់ទុកការបំផ្ទុះនេះថា ជា “ការវាយប្រហារភេរវកម្ម” ប្រឆាំងនឹងប្រទេសខ្លួន៕ ប្រភព៖ RT ប្រែសម្រួល៖ ទីណា និងបុត្រា