ចិនចោទសហរដ្ឋអាមេរិកថា បានបង្កើតគំនិតសង្គ្រាមត្រជាក់នៅក្នុងយុទ្ធសាស្រ្តសន្តិសុខជាតិរបស់ខ្លួន
ប៉េកាំង៖ រដ្ឋាភិបាលចិន នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានចោទប្រកាន់សហរដ្ឋអាមេរិកថា បានបង្កើតគំនិតសង្គ្រាមត្រជាក់ ហើយអំពាវនាវឱ្យមានការខិតខំប្រឹងប្រែង ដើម្បីជួសជុលទំនាក់ទំនងដ៏តានតឹង បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានចេញផ្សាយយុទ្ធសាស្រ្តសន្តិសុខជាតិ ដែលចាត់ទុកចិន និងរុស្ស៊ី ជាគូរប្រកួតប្រជែងដ៏សំខាន់។
ក្រសួងការបរទេសចិនក៏បានរិះគន់សហរដ្ឋអាមេរិកផងដែរ អំពីការបង្កើតច្បាប់គាំពារពាណិជ្ជកម្ម (Trade Protectionism) បន្ទាប់ពីរដ្ឋមន្ត្រីរតនាគារជាតិអាមេរិក លោកស្រី Janet Yellen បាននិយាយថា សហរដ្ឋអាមេរិកនឹងពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោករបស់ខ្លួន ដើម្បីការពារប្រឆាំងនឹងការបង្ខិតបង្ខំផ្នែកភូមិសាស្ត្រនយោបាយដោយប្រទេសចិន រុស្ស៊ី និងរដ្ឋាភិបាលផ្សេងទៀត។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ៅ នីង ថ្លែងថា ការគិតក្នុងសង្គ្រាមត្រជាក់ និងល្បែងសូន្យ (zero-sum games) ដែលបង្កឱ្យមានជម្លោះភូមិសាស្ត្រនយោបាយ និងការប្រកួតប្រជែងអំណាចដ៏ធំ គឺមិនមានប្រជាប្រិយភាព និងគ្មានការស្ថាបនានោះទេ។ ទន្ទឹមគ្នា លោកស្រីបានអំពាវនាវឱ្យសហរដ្ឋអាមេរិកសហការជាមួយចិន ហើយត្រឡប់ទៅរកការលើកកម្ពស់ទំនាក់ទំនងរវាងចិន-អាមេរិក ដែលមានសុខភាពល្អ និងស្ថិរភាពវិញ។
គួរបញ្ជាក់ថា យុទ្ធសាស្ត្រសន្តិសុខជាតិ របស់សេតវិមាន ត្រូវបានដាក់ចេញកាលពីថ្ងៃពុធទី១២ខែតុលា ដោយក្នុងនោះបង្ហាញថា សហរដ្ឋអាមេរិក ព្យាយាមទប់ស្កាត់ការកើនឡើងឥទ្ធិពលរបស់ប្រទេសចិន និងបានគូសបញ្ជាក់សាជាថ្មី អំពីសារសំខាន់ នៃការងារជាមួយសម្ព័ន្ធមិត្ត ដើម្បីដោះស្រាយបញ្ហាប្រឈមនានា ដែលប្រទេសប្រជាធិបតេយ្យកំពុងជួបប្រទះ។ ឯកសារកម្រាស់ ៤៨ទំព័រ ដែលត្រូវបានពន្យារពេលដោយការលុកលុយរបស់រុស្ស៊ីនៅអ៊ុយក្រែន គឺមិនមានការផ្លាស់ប្តូរអ្វីធំដុំ និងបង្ហាញគោលលទ្ធិនយោបាយការបរទេសថ្មីសំខាន់ៗនោះទេ។ ផ្ទុយទៅវិញ វាបង្ហាញពីទស្សនៈដែលថា ភាពជាអ្នកដឹកនាំរបស់សហរដ្ឋអាមេរិក គឺជាគន្លឹះក្នុងការយកឈ្នះលើការគំរាមកំហែងជាសកល ដូចជាបម្រែបម្រួលអាកាសធាតុ និងការកើនឡើងនៃរបបផ្តាច់ការជាដើម៕ ប្រភព៖ AP និង Reuters ប្រែសម្រួល៖ ទីណា និងបុត្រា