ចំនួនអ្នកស្លាប់កើនឡើងដល់ ៥០នាក់ ក្នុងគ្រោះរអិលបាក់ដីនៅវេណេស៊ុយអេឡា
ការ៉ាកាស់៖ មន្ត្រីបាននិយាយថា ចំនួនអ្នកស្លាប់បានកើនឡើងដល់ ៥០នាក់ហើយ ពីការរអិលបាក់ដីដ៏បំផ្លិចបំផ្លាញ ដែលបានបោកបក់ពេញទីប្រជុំជនមួយ ក្បែររដ្ឋធានី Caracas ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Remigio Ceballos បានប្រាប់ប៉ុស្តិ៍ទូរទស្សន៍ក្នុងស្រុកមួយ កាលពីថ្ងៃទី១៣ តុលា ដោយធ្វើបច្ចុប្បន្នភាពចំនួនអ្នកស្លាប់ថា “រហូតមកដល់ពេលនេះ ជាផ្លូវការ យើងមានមនុស្សចំនួន ៥០ នាក់ ដែលបានបាត់បង់ជីវិតជាអកុសល ហើយ (សាកសពរបស់ពួកគេ) ត្រូវបានប្រគល់ទៅឱ្យសាច់ញាតិរបស់ពួកគេ” ។
ភ្លៀងធ្លាក់ខ្លាំងមិនធម្មតា កាលពីថ្ងៃសៅរ៍ បានបណ្តាលឱ្យទន្លេដ៏សំខាន់មួយ និងទឹកហូរជាច្រើនហូរហៀរនៅក្នុងទីក្រុង Las Tejerias ដែលជាទីក្រុងដែលមានមនុស្សប្រហែល ៥ម៉ឺន នាក់បានតាំងលំនៅនៅលើភ្នំក្បែរទីក្រុង Caracas ។
ភ្លៀងបានបង្កឱ្យមានភក់ហូរជោកពេញរថយន្ត ផ្ទះអាជីវកម្ម និងខ្សែទូរស័ព្ទ និងបានរលំដើមឈើធំៗ ។
លោក Ceballos បាននិយាយថា កម្លាំងអ្នកសង្គ្រោះប្រហែល ៣២០០0 ត្រូវបានគេដាក់ពង្រាយដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ និងសម្អាតនៅក្នុងទីក្រុង។
ប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ បាននិយាយកាលពីដើមសប្តាហ៍ថា ចំនួនអ្នកស្លាប់ដោយសារគ្រោះធម្មជាតិដ៏អាក្រក់បំផុតរបស់វេណេហ្ស៊ុយអេឡាក្នុងប៉ុន្មានទសវត្សរ៍នេះ ទំនងជាកើនឡើងដល់ ១០០នាក់៕ ប្រភពពី CNA, ដោយ៖ សារ៉ាត