សម្ដេចតេជោ ហ៊ុន សែន បានផ្ដល់ស្បៀងជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់ ៤៥០គ្រួសារ នៅក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ
ខេត្តកំពង់ធំ៖ អភិបាលខេត្តកំពង់ធំ ឯកឧត្តម ងួន រតនៈ បានដឹកនាំមន្ត្រីខេត្ត ក្រុង ស្រុក មន្ទីរជំនាញពាក់ព័ន្ធ និងអង្គភាពកងកម្លាំងទាំង៣ ចុះសួរសុខទុក្ខ និងការនាំយកអំណោយ ដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុន សែន ទៅចែកជូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ ៤៥០គ្រួសារ ស្ថិតនៅក្នុងឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្ត កំពង់ធំ នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២នេះ នៅក្នុងបរិវេណសាលាឃុំព្រៃគុយ ។
អំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុន សែន ដែលត្រូវចែកជូនប្រជាពលរដ្ឋទាំង ៤៥០គ្រួសារ នៅក្នុងពេលនេះ ក្នុង១គ្រួសារទទួលបាន អង្ករ មីកញ្ចប់ ត្រីខកំប៉ុង ទឹកត្រី ទឹកស៊ីអ៊ីវ និងទឹកសុទ្ធផងដែរ ។
អភិបាលស្រុកកំពង់ស្វាយ លោក អ៊ុត វណ្ណរ៉ា បានបង្ហាញរបាយការណ៍ថា នៅក្នុងស្រុកកំពង់ស្វាយ មានឃុំចំនួន ៥ ,មាន ៣៤ភូមិ និងមានប្រជាពលរដ្ឋ ១ពាន់ ៨៩១គ្រួសារ ដែលរងគ្រោះ និងជួបការខ្វះខាតស្បៀងអាហារ ដោយសារជំនន់ទឹកភ្លៀង។ លោកថា ឃុំដែលរងគ្រោះដោយទឹកជំនន់មាន ៥ឃុំ គឺ ឃុំកំពង់ស្វាយ ឃុំព្រៃគុយ ឃុំក្តីដូង ឃុំកំពង់គោ និងឃុំផាត់សណ្ដាយ។
អភិបាលខេត្តកំពង់ធំ លោក ងួន រតនៈ បានថ្លែងថា នៅក្នុងរដូវភ្លៀងធ្លាក់នេះ បានធ្វើឲ្យផ្លូវជនបទរងការខូចខាតអស់ជាង ៤០គីឡូម៉ែត្រ និងដាច់ស្ពាន ២កន្លែង នៅក្នុងមូលដ្ឋាននេះ ចំពោះទឹកជំនន់ដែលបានហូរចូលក្រោមផ្ទះ និងហូរកាត់ផ្លូវ បានធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ផលដំណាំផ្សេងៗ និងមិនអាចប្រកបមុខរបរចិញ្ចឹមជីវិតបាននោះទេ ។ លោកថា អំណោយដែលបាននាំយកមកចែកជូន បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ទាំងអស់នៅក្នុងពេលនេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុន សែន ទុកដោះស្រាយការខ្វះខាតរបស់បងប្អូនបានមួយគ្រាដែរ ដោយសម្តេចទាំងពីរ មិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ ស្លាប់ដោយសារអត់អាហារជាដាច់ខាត ទោះបីជាជួបគ្រោះរាំងស្ងួត ទឹកជំនន់ និងបញ្ហាផ្សេងៗទៀត នៅក្នុងសង្គម ត្រូវតែដោះស្រាយឲ្យបានទាន់ពេលវេលា ។
លោកអភិបាលខេត្តកំពង់ធំ បានណែនាំដល់អាជ្ញាធរមូលដ្ឋាន និងថ្នាក់ដឹកនាំមន្ទីរជំនាញ ត្រូវធ្វើការសិក្សា អំពី ផលប៉ះពាល់ដំណាំស្រូវ នៅក្នុងភូមិសាស្រ្ត ដែលទទួលរងគ្រោះដោយសារជំនន់ទឹកភ្លៀង ដើម្បីត្រៀមផ្តល់ពូជស្រូវ និងដំណាំរួមផ្សំផ្សេងៗទៀត ជូនដល់ប្រជាពលរដ្ឋ សម្រាប់ស្តារជីវភាពឡើងវិញ បន្ទាប់ពីទឹកបានស្រកចុះអស់ទៅវិញ ៕ ដោយ៖ឡុង សំបូរ