រុស្ស៊ីស្នើបង្កើត​មជ្ឈមណ្ឌលចែកចាយឧស្ម័ន​​នៅតួកគី សម្រាប់ការចែកចាយបន្ត​ទៅកាន់ទឹកដីអឺរ៉ុប​

រុស្ស៊ី៖ប្រធានាធិបតី​រុស្ស៊ីលោក ​វ្ល៉ាឌីមៀរ ពូទីន​ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ​២០២២ ​​បានស្នើ​ប្រធានាធិបតីតួកគី​​​លោក ​រេសេប តាយីប អ៊ែរដូហ្កាន បង្កើត​មជ្ឈមណ្ឌលចែកចាយឧស្ម័ននៅក្នុងទឹកដី​តួកគី​ សម្រាប់ការផ្គត់ផ្គង់​ការចែកចាយ​​ឧស្ម័នទៅកាន់អឺរ៉ុប។ ការចែកចាយឧស្ម័នរុស្ស៊ីទៅកាន់អឺរ៉ុប ដែលធ្លាប់​មានប្រមាណ ៤០ភាគរយ នៅពេលនេះកំពុងតែជួបភាពរអាក់រអួល​ ដោយសារការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីលោកខាងលិច និងការលេចធ្លាយ​បំពង់បង្ហូរ​ឧស្ម័ន Nord Stream ក្នុង​សមុទ្រ​បាល់ទិក។

ក្នុងជំនួបទ្វេភាគី​នៅក្រៅក្របខ័ណ្ឌសន្និសីទស្តីពីអន្តរកម្ម​និងវិធានការ​ជំនឿទុកចិត្តនៅអាស៊ី​ ដែលធ្វើឡើងក្នុងប្រទេសកាហ្សាក់ស្ថាន​ ប្រធានាធិបតីរុស្ស៊ីលោក ពូទីន បានលើកឡើងពីគម្រោងរបស់រុស្ស៊ី ទៅកាន់ប្រធានាធិបតីតួកគី​ ក្នុងការស្នើបង្កើត​មជ្ឈមណ្ឌលផ្គត់ផ្គង់​ឧស្ម័ននៅ​ក្នុងទឹកដី​តួកគី សម្រាប់​ការចែកចាយ​បន្ត​ទៅកាន់​ទឹកដី​អឺរ៉ុប។

លោកពូទីន​ បានគូសបញ្ជាក់ពី​តម្រូវការ​និងភាពចាំបាច់​នៃមជ្ឈមណ្ឌល​ផ្គត់ផ្គង់ឧស្ម័ននេះ សម្រាប់​អឺរ៉ុបទាំងមូល​។ លោកពូទីន បានប្រាប់​លោក ​អ៊ែរដូហ្កាន ថា តួកគីគឺជាច្រកផ្លូវ​ដ៏គួរឱ្យជឿជាក់មួយ​ ក្នុងការនាំចេញ​ទៅកាន់ប្រទេសអឺរ៉ុប​ និងជាពិសេសមជ្ឈមណ្ឌលនេះនឹងជួយកំណត់តម្លៃឧស្ម័ន​ ដែលកំពុងហក់ឡើងខ្ពស់នៅលើទីផ្សារអន្តរជាតិបច្ចុប្បន្ន​។

ប្រធានាធិបតីតួកគី មិនបានឆ្លើយតប​ជាផ្លូវការចេញពីជំនួបនោះទេ​ ប៉ុន្តែ​អ្នកនាំពាក្យវិមានក្រឹមឡាំង​ដែលបានដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន​រុស្ស៊ី​ RIA ឱ្យដឹងថា​ មេដឹកនាំនៃប្រទេសទាំង​ពីរ​បាន​បញ្ជាឱ្យមានការ​ពិនិត្យ​សិក្សាជាបន្ទាន់​នូវ​ការបង្កើតមជ្ឈមណ្ឌល​ឧស្ម័ននេះ។

គួរជម្រាបថា តួកគី​ជាសមាជិកអូតង់​ ដែលនៅតែបន្ត​ទិញប្រេងឧស្ម័ន​ពីរុស្ស៊ី បញ្ច្រាសពីការដាក់ទណ្ឌកម្ម​និងសម្ពាធ​របស់​លោកខាងលិច ដោយសារសកម្មភាព​ឈ្លានពានអ៊ុយក្រែនរបស់រុស្ស៊ី។ តួកគី​បានអះអាងថា តួកគី ចង់រក្សាជំហរអព្យាក្រឹត ក្នុងសំណុំរឿងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ដើម្បីទុកផ្លូវចរចារជាមួយរុស្ស៊ី​។

សម្រាប់ប្រធានាធិបតីតួកគី អ៊ែរដូហ្កាន ទំនាក់ទំនងតួកគីនិងរុស្ស៊ីនឹងអាចរំខានមនុស្សមួយចំនួន ប៉ុន្តែទំនាក់ទំនងនេះក៏នឹងអាចធ្វើឱ្យប្រទេសកំពុងអភិវឌ្ឍសប្បាយចិត្តទៅវិញ។

ក្នុង​កិច្ច​ចរចារក​សន្តិភាពអ៊ុយក្រែននិងរុស្ស៊ី តួកគី​បានដើរតួនាទីក្នុងការសម្របសម្រួល​ព្រមព្រៀងជំរុញ​ការ​នាំចេញ​ស្រូវសាលី​អ៊ុយក្រែន ជាមួយអង្គការ​សហប្រជាជាតិ កាលពីខែ​កក្កដា​កន្លងទៅ។

នៅមុនជំនួបខាងលើនេះ​ធ្វើឡើង អ្នកនាំពាក្យ​ក្រឹមឡាំង បានអះអាងថា រុស្ស៊ីបានបើកចំហត្រៀមស្តាប់ការសម្របសម្រួល​ពីភាគី​តួកគី ។ ប៉ុន្តែក្រោយមក លោកបាន​ប្រាប់ទីភ្នាក់ងារព័ត៌មានរុស្ស៊ី RIA ថាមេដឹកនាំតួកគី និងរុស្ស៊ី មិនបាននិយាយអ្វីទាំងអស់ទាក់ទងនឹងដំណោះស្រាយ ដើម្បីបិទបញ្ចប់ជម្លោះនៅអ៊ុយក្រែនក្នុងជំនួបកាលពីថ្ងៃព្រហស្បតិ៍នោះ​។

គួរដឹងដែរថា ដើម្បីទប់នឹងការ​ខ្វះខាត និងការ​ឡើងតម្លៃ​ថាមពលប្រេង​និងឧស្ម័ន​ ពិសេសនៅរដូវរងាខាងមុខ​ អឺរ៉ុបទាំង​២៧​ប្រទេស​ កាលពីចុងខែកញ្ញា ​បាន​ព្រមព្រៀង​គ្នា​ លើ​សំណើ​របស់​គណៈកម្មការអឺរ៉ុប ដែល​គ្រោង​កាត់​យក​ប្រាក់​ចំណេញ​របស់​ក្រុមហ៊ុន​ផលិតថាមពល​ មក​ចែកចាយ​ឱ្យ​អតិថិជន និងគ្រោង​បន្ថយ​តម្រូវការផ្នែកថាមពលជាដើម​៕

ដោយ៖បណ្ដូលពេជ្រ

ads banner