វេទិកាសហគ្រិនស្ត្រីអាស៊ាន ធ្វើឡើងដើម្បីជំរុញសមភាពយេនឌ័រនៅក្នុងអាស៊ានទាំងមូល
ភ្នំពេញ៖«បំផុសសហគ្រិនភាពស្ត្រីនៅក្នុងអាស៊ាន» ជាប្រធានបទសំខាន់មួយនៅក្នុងកិច្ចប្រជុំកំពូលស្ត្រីអាស៊ានលើកទី២ (ឆ្នាំ២០២២) ដែលបានធ្វើឡើងនាថ្ងៃទី១៣ ខែតុលាឆ្នាំ២០២២។វេទិកាមួយនេះ ផ្ដោតសំខាន់លើការជំរុញភាពស្មើគ្នានៃយេនឌ័រ តាមរយៈការលើកទឹកចិត្តស្ត្រីនៅក្នុងវិស័យជំនួញឱ្យមានភាពប្រហាក់ប្រហែលគ្នាទៅនឹងបុរសដែរ។
ស្ថិតក្រោមការរៀបចំរបស់ក្រសួងកិច្ចការនារី វេទិកានេះបានប្រមូលយកនូវជ័យលាភីពីប្រទេសនានាក្នុងអាស៊ាន ដែលបានឆ្លងកាត់ការជ្រើសរើសយ៉ាងហ្មត់ចត់ពីគណៈកម្មការវាយតម្លៃ។តាមរយៈសមទ្ធិផលនេះដែរ ក្រសួងចង់លើកទឹកចិត្តទៅដល់សហគ្រិនជាស្ត្រីផ្សេងទៀតឱ្យបន្ថែមការខិតខំប្រើប្រាស់អាជីវកម្មរបស់ខ្លួនក្នុងការចូលរួមក្នុងកំណើនសេដ្ឋកិច្ចប្រទេសក្នុងតំបន់។
អ្នកនាង Nicha Ratanachinda ដែលមកពីព្រះរាជាណាចក្រថៃ និងជាបុគ្គលម្នាក់ក្នុងចំណោមជ័យលាភីដទៃទៀត ដែលបានប្រើប្រាស់អាជីវកម្មរបស់ខ្លួនក្នុងការជួយលើកសេដ្ឋកិច្ចជាតិ បានបង្ហាញអារម្មណ៍រីករាយ និងរំភើបក្នុងការចូលរួមកម្មវិធី។
អ្នកនាងនិយាយថា៖ «ខ្ញុំ ពិតជាមានកិត្តិយសណាស់ដែលបានចូលរួមទទួលពានរង្វាន់សហគ្រិនស្ត្រីអាស៊ាននៅថ្ងៃនេះ ហើយក៏ជារឿងដ៏គួរឱ្យអំណរដែលខ្ញុំបានក្លាយជាគំរូទៅកាន់ស្ត្រីផ្សេងទៀតក្នុងដំណើរឆ្ពោះទៅរកភាពឯករាជ្យនៃហិរញ្ញវត្ថុ»។
ចំណែកអ្នកស្រី Mailin Abiva ដែលជាជ័យលាភីមកពីប្រទេសហ្វីលីពីនឯណោះវិញយល់ថា ពានរង្វាន់ដែលអ្នកស្រីទទួលបាននេះ នឹងជួយជំរុញកម្លាំងចិត្តលោកស្រីបន្ថែមក្នុងការធ្វើអាជីវកម្មប្រកបដោយស្តង់ដារ និងផ្ដល់ប្រយោជន៍ដល់សង្គម ជាពិសេសគឺស្ត្រីតែម្ដង។
អ្នកស្រីបញ្ជាក់ថា៖ «ច្រើនឆ្នាំកន្លងមកនេះ ខ្ញុំបានប្រើប្រាស់អាជីវកម្មរបស់ខ្ញុំក្នុងការជួយពង្រឹងចំណេះដឹងផ្នែកបច្ចេកទេស ដល់ស្ត្រីនៅក្នុងប្រទេសរបស់ខ្ញុំ ។ខ្ញុំពិតជាសប្បាយចិត្តនៅពេលបានឃើញការផ្លាស់ប្ដូរផ្នែកចំណេះដឹង និងលទ្ធភាពក្នុងការស្វែងរកការងារល្អប្រសើរជាងមុនរបស់ពួកគេ»។
រីឯជ័យលាភីខ្មែរវិញគឺ អ្នកនាង ប៉ោ ជូ ដែលជាសហគ្រិនផ្នែកប្រឹក្សាយោបល់លើអាជីវកម្ម គណនី និងពន្ធដារក្នុងអាជីវកម្ម ព្រមទាំងជាជ័យលាភីម្នាក់ដែរផង បានកត់សម្គាល់ឃើញអំពីចំនួនស្ត្រីជាច្រើនដែលមិនមានឱកាសក្នុងការបំពេញការងារ ព្រោះមានភារកិច្ចជាមេផ្ទះ។
អ្នកនាងបញ្ជាក់ថា ខ្លួនបានបង្កើតជាវេទិកាមួយដែលផ្ដល់ការងារដល់ស្ត្រីទាំងនោះឱ្យពួកគាត់មានឱកាសធ្វើការងារពីចម្ងាយ (Online)។ ដូច្នេះហើយ បើទោះបីជាក្នុងកាលទេសៈណាក៏ស្ត្រីនៅតែអាចរកចំណូលចូលគ្រួសារបាន និងជាពិសេសមិនបានបាត់បង់ឱកាសធ្វើការងារ ដោយសារតែបន្ទុកគ្រួសារ។
ទាក់ទិននឹងបញ្ហានេះ លោកជំទាវ គង់ សូរីតា អនុរដ្ឋលេខាធិកាក្រសួងកិច្ចការនារីបានគូសបញ្ជាក់បន្ថែមថា៖ «ស្ត្រី មានទំនួលខុសត្រូវជាច្រើននៅក្នុងដៃ ជាហេតុធ្វើឱ្យពួកគេងាយនឹងបាត់បង់ឱកាសរកចំណូល ហើយការបាត់បង់ចំណូលនេះទៀតសោតបានរារាំងការអភិវឌ្ឍរបស់ស្ត្រីនៅក្នុងសង្គម»។
ដោយមូលហេតុនេះ ក្រសួងបានជំរុញនូវយន្ដការជាច្រើនដែលរួមមានទាំងវេទិកាសហគ្រិនស្ត្រីអាស៊ាននេះផង ដើម្បីបង្ហាញជាសាធារណៈថា ស្ត្រីនៅតែទទួលបានការគាំពារ និងមិនទុកឱ្យស្ត្រីរងគ្រោះទៀតនោះទេ។
គួររំលឹកថា វេទិកាសហគ្រិនស្ត្រីអាស៊ាន ត្រូវបានធ្វើឡើងក្រោមអធិបតីភាពរបស់លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីនៃក្រសួងកិច្ចការនារី ដោយមានការចូលរួមបន្ថែមពីបណ្ដាញសហគ្រិនស្ត្រីកម្ពុជា (Cam-WEN) ក្រុមប្រឹក្សាសហគ្រិនវ័យក្មេងអាស៊ាន (AYEAC) និងសហគ្រិនស្ត្រីផ្សេងទៀតសរុបប្រមាណជា ២០០នាក់៕
ដោយ៖ កែវ បុស្បា