ថ្ងៃនេះ រាជរដ្ឋាភិបាល ប្រារព្ធព្រះរាជពិធីគម្រប់ខួប ១០ឆ្នាំ នៃការសោយទិវង្គត និងគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេច នរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ (១៥ តុលា ២០១២ – ១៥ តុលា ២០២២)

ភ្នំពេញ៖ នៅថ្ងៃសៅរ៍ ០៥រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ រាជរដ្ឋាភិបាល ប្រារព្ធព្រះរាជពិធីគម្រប់ខួប ១០ឆ្នាំ នៃការសោយទិវង្គត និងគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេច នរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ (១៥ តុលា ២០១២ – ១៥ តុលា ២០២២)។

សូមជម្រាបថា ព្រះរាជពិធីថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធគម្រប់ខួប ១០ឆ្នាំ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” នៅមណ្ឌបសួនច្បារខាងកើតវិមានឯករាជ្យ រៀបចំឡើងដើម្បីបួងសួងសុំសេចក្ដីសុខ សន្តិភាព វឌ្ឍនភាព និងចម្រុងចម្រើនថែមទៀតកើតមានដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ព្រមទាំងសម្តែងនូវការគោរពដឹងគុណចំពោះស្នាព្រះហស្ថដ៏ថ្លៃថ្លា និងមហាសាលក្នុងការស្វែងរកឯករាជ្យជូនជាតិមាតុភូមិ ការការពារបូរណភាពទឹកដី ការបង្រួបបង្រួមជាតិ និងការអភិវឌ្ឍជាតិ ដែលស្នាព្រះហស្ថទាំងនេះ បានបន្សល់ទុកជាកេរ្តិ៍ដំណែលជូនកូនចៅជំនាន់នេះ និងជំនាន់ក្រោយៗទៀត ឱ្យបន្តអភិរក្ស និងអភិវឌ្ឍឱ្យសម្បូរសប្បាយអមតៈ។

គួរកត់សម្គាល់ផងដែរថា៖ គិតមកដល់ពេលបច្ចុប្បន្ន កម្ពុជា ទទួលបានឯករាជ្យពេញបរិបូណ៍បាន ៦៧ឆ្នាំហើយ ពីអាណានិគមនិយមបារាំងនាថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ តាមរយៈការតស៊ូដ៏ស្វិតស្វាញ និងក្លាហានបំផុតក្រោមព្រះរាជ្យកិច្ចដឹកនាំដោយព្រះបរមរតនកោដ្ឋ។

សូមជម្រាបជូនផងដែរថា៖ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះអង្គប្រសូតនៅថ្ងៃអង្គារ ១១កើត ខែកត្ដិក ឆ្នាំច ចត្វាស័ក ព.ស.២៤៦៦ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩២២ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា និងបានយាងចូលទីវង្គតនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ត្រូវនឹងថ្ងៃចន្ទ ១៥កើត ខែភទ្របទ ឆ្នាំរោង ចត្វាស័ក វេលាម៉ោង១ និង២០នាទីយប់ (ម៉ោងនៅកម្ពុជា) នាទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ក្នុងព្រះជន្ម ៩០ព្រះវស្សាដោយជរាពាធ។

គួរកត់សម្គាល់ថា៖ កាលនៅមានព្រះជន្ម ព្រះអង្គគឺជាឥស្សរជនលេចធ្លោបំផុតក្នុងឆាកនយោបាយកម្ពុជាក្នុងរយៈកាលប្រមាណ៧ទសវត្សរ៍កន្លងទៅ ព្រះអង្គបានឡើងគ្រងរាជបល្ល័ង្កជាព្រះមហាក្សត្រខ្មែររហូតដល់២លើក និងបានដាក់រាជ្យ២លើក ព្រះអង្គជាតួអង្គ និងជាសាក្សីដ៏ចម្បងបំផុតនៃប្រវត្តិសាស្រ្តខ្មែរសម័យទំនើបរាប់ចាប់តាំងពីកម្ពុជាស្ថិតក្រោមអាណានិគមបារាំង សម័យរុងរឿង ក្រោយឯករាជ្យ ទំព័រខ្មៅងងឹតនៃរបបខ្មែរក្រហម រហូតដល់យុគសម័យសន្តិភាព ការផ្សះផ្សាជាតិ និងការបង្កើតរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញនៅក្នុងទសវត្សរ៍ទី៩០៕ ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner