ប្រតិបត្តិការរុករកសពក្មេង ក្នុងឧបទ្ទវហេតុលិចទូកចម្លង ត្រូវបានបិទបញ្ចប់៖ក្នុងចំណោម១៥នាក់បាត់បង់ជីវិត១១នាក់
ភ្នំពេញ៖នៅវេលាម៉ោង ៦ព្រឹក ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ ប្រតិបត្តិការរុករកសពក្មេងៗក្នុងឧបទ្ទវហេតុលិចទូកចម្លងកាលពីថ្ងៃព្រហស្បតិ៍ នៅស្រុកលើកដែក ខេត្តកណ្តាល ត្រូវបានបិទបញ្ចប់ជាស្ថាពរ បន្ទាប់ពីបានរកឃើញសពក្មេងប្រុសចុងក្រោយ ដែលមានឈ្មោះថា មាស សុវណ្ណរាជ អាយុ ១៤ឆ្នាំ។ នេះបើតាមការបញ្ជាក់របស់លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាសេនាធិការរបស់សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ប្រាប់សារព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១៥ ខែតុលានេះ។
សរុបចុងក្រោយក្នុងឧប្បតិ្តហេតុលិចទូកនៅខេត្តកណ្តាលមួយនេះ ទាំងអស់ស្លាប់ចំនួន ១១ នាក់ និងនៅមានជីវិតចំនួន បួននាក់ ក្នុងនោះពីរនាក់ជាសិស្សសាលា និង២នាក់ទៀតជាអ្នកបើកទូកដ។ ប្រជាពលរដ្ឋបានលើកឡើងថា ទីតាំងដែលលិចទូកនេះ នៅរដូវប្រាំង ទឹករីងគោក ប្រជាពលរដ្ឋអាចធ្វើដំណើរឆ្លងកាត់ទៅមកបានធម្មតា ហើយរដូវវស្សាពីរបីឆ្នាំកន្លងមកនេះ មិនដែលមានលិចបែបនេះឡើយ។ ទើបតែរដូវវស្សាឆ្នាំនេះ ទឹកបានឡើង ទើបលិចបង្កើតជាឧបសគ្គសម្រាប់ការធ្វើដំណើររបស់ពលរដ្ឋលើលើកោះចម្រើននេះ ជាពិសេសសិស្សសាលាដែលត្រូវឆ្លងទៅវិញទៅមក។ បើតាមប្រជាពលរដ្ឋទីតាំងដែលទូកលិចនោះ មានជម្រៅប្រមាណប្រមាណតែបីម៉ែត្រប៉ុណ្ណោះ។
បន្ទាប់ពីហេតុការណ៍នេះបានកើតឡើង ប្រតិបត្តិការរុករកសពក្មេងៗក្នុងហេតុការណ៍ដ៏តក់ស្លុតមួយនេះ ត្រូវបានចាប់ផ្ដើមតាំងពីយប់កើតហេតុ ដោយលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានដឹកនាំកម្លាំងនគរបាលចុះរុករក ជនរងគ្រោះទាំងយប់។
មិនត្រឹមតែប៉ុណ្ណោះឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានបញ្ជាឱ្យអគ្គលេខាធិការគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដឹកនាំដោយលោក គីម រីរៈ អគ្គលេខាធិការ នាំកម្លាំងចុះទៅសហការជាមួយកម្លាំងសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ជួយរុករកក្មេងជួបគ្រោះលិចទូកចម្លងនៅក្នុងខេត្តកណ្តាលទាំងយប់ផង។ ក្នុងប្រតិបត្តិការនេះ ឯកឧត្តមឧត្តមសេនីយ៍ទោ គីម សុផារុណ នាយរងសេនាធិការចម្រុះ និងជាអនុប្រធានកងប្រតិបត្តិការសង្គ្រោះ និងរុករក ក៏បានដឹកនាំកម្លាំងចូលរួមក្នុងប្រតិបត្តិការនេះផងដែរ។
គួរដឹងដែរថា កិច្ចអន្តរាគមន៍ជួយសង្គ្រោះជនរងគ្រោះដោយសារលិចទូកនេះ អង្គភាពគយ និងរដ្ឋាករសាខាខេត្តកណ្ដាល ក្រោមបញ្ជារបស់លោក អន ស៊ីនួន ក៏បានបញ្ចេញអ៊ូប័រ និងកម្លាំងរបស់លោកជាច្រើននាក់ ដើម្បីជួយសង្រ្គោះ និងដឹកអ្នកជួយសង្រ្គោះ ដឹកថ្នាក់ដឹកនាំផងដែរ ដែលនេះជាការសហការចូលរួមជួយរបស់អង្គភាពគយសាខាខេត្តកណ្ដាល ក្រោយទទួលដំណឹងភ្លាមៗ ពីអភិបាលស្រុកលើកដែកអំពីការលិចទូកដនេះ។
គួរបញ្ជាក់ថា ករណីលិចទូកនេះបានកើតឡើងនៅយប់ថ្ងៃទី១៣ ខែតុលាហើយត្រូវបានឱ្យដឹងថា សរុបមានមនុស្សនៅលើទូក ១៥នាក់ ក្នុងនោះម្ចាស់ទូកពីរនាក់ និងសិស្សសាលា ១៣នាក់។ សិស្សទាំង ១៣នាក់នោះ បានចេញពីរៀនគួរនៅភូមិកំពង់ចម្លង ឃុំទន្លាប់ ស្រុកលើកដែក ហើយបានជិះទូកដឆ្លងទៅកាន់ផ្ទះរបស់ពួកគេ ដែលស្ថិតនៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល។ ពួកគេមានអាយុចន្លោះពី ១១ ទៅ១៤ឆ្នាំ។ រីឯអ្នកដែលបើកទូកមានអាយុ ១៥ឆ្នាំ ហើយអ្នកដែលចាំទាញខ្សែក្បាលទូកមានអាយុ ២៣ឆ្នាំ៕
ដោយ៖ធា សុខណា