ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សម្តែងនូវការសោកស្តាយចំពោះការលិចទូកដបណ្តាលឱ្យសិស្សចំនួន១១នាក់ស្លាប់

ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានសម្តែងនូវការសោកស្តាយ និងមរណទុក្ខដ៏ក្រៀមក្រំជាទីបំផុតជូនចំពោះក្រុមគ្រួសារនៃសព ក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងស្រុកលើកដែក ខេត្តកណ្តាល ចំពោះការបាត់បង់នូវកូនក្មួយសិស្សានុសិស្សជាទីស្រលាញ់ក្នុងឧបទ្ទវហេតុលិចទូកដ ក្នុងភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក កាលពីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ កន្លងទៅ។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានឧទ្ទិសបួងសួងឱ្យវិញ្ញាណក្ខន្ធរបស់ក្មួយៗ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លៀតទ្បើយ។ ការសម្តែងការសោកស្តាយនេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមហាប្រាសាទព្រះគន្ធកុដិ និងសមិទ្ធផលនានា ក្នុងវត្តវេទ្បុវ័ន ស្ថិតក្នុងឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២។

ករណីលិចទូកដស្ថិតនៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល កាលពីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ បានបណ្តាលឱ្យសិស្សានុសិស្សចំនួន ១១នាក់បានស្លាប់ និងចំនួន៤នាក់ទៀតត្រូវបានជួយសង្គ្រោះ។

ទាក់ទងករណីនេះ មនុស្សចំនួន ៣នាក់ ដែលជាម្ចាស់អាជីវកម្មទូកដ ស្ថិតនៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធករណីលិចទូកដបណ្តាលឱ្យក្មេងៗសិស្សសាលាស្លាប់ចំនួន ១១នាក់ និង៤នាក់ ជួយសង្គ្រោះរួចផុតពីការស្លាប់។ នេះបើតាមការបញ្ជាក់របស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្រ ស្នងការនគរបាលខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២។

ស្នងការនគរបាលខេត្តកណ្តាល បានប្រាប់ AMS នៅថ្ងៃទី១៥ ខែតុលានេះថា ជនសង្ស័យចំនួន៣នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួនមានដូចជាៈ ១.ឈ្មោះ ឆឹង វណ្ណា ភេទស្រី ២.ឈ្មោះ ឆឹង ស្រីនាង ឃាត់ខ្លួនកាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ និងទី៣.ឈ្មោះ ថេត ចន្ធី ភេទប្រុស អ្នកបើកទូកដ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

គួរបញ្ជាក់ថា រយៈពេល០២យប់០៣ថ្ងៃ គិតចាប់ពីយប់ថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ នៃកិច្ចសហប្រតិបត្តិការស្រាវជ្រាវសង្គ្រោះជនរងគ្រោះក្នុងឧបទ្ទវហេតុលិចទូកដរ ស្ថិតនៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បានដឹកនាំកម្លាំងចូលរួមសហការ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស ជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្ត កណ្តាល ដោយមានការចូលរួមសហការពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បានស្រាវជ្រាវរុករកជនរងគ្រោះចំនួន១៥នាក់ ស្រី០៤នាក់ (ស្លាប់១១នាក់ ស្រី០៣នាក់) មានដូចខាងក្រោម៖
-ជួយសង្គ្រោះបានចំនួន០៤នាក់ ស្រី០១នាក់ រួមមាន៖
១-ឈ្មោះ ថេត គន្ធី ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរ កម្មករបើកទូកដរ
២-ឈ្មោះ វណ្ណី រដ្ឋា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ កម្មករបើកទូកដរទទឹង
៣-ឈ្មោះ វី ចាន់បូរ៉ា ភេទស្រី អាយុ ១២ឆ្នាំ មុខរបរសិស្ស
៤-ឈ្មោះ សូត្រ រក្សា ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស

-រកឃើញសាកសពចំនួន១១នាក់ ស្រី៣នាក់ មុខរបរសិស្ស រួមមាន៖
១-ឈ្មោះ ចាន់ សុខជីម ភេទប្រុស អាយុ ១៤ ឆ្នាំ
២-ឈ្មោះ ភារុំ ដាវីន ភេទប្រុស អាយុ១២ឆ្នាំ
៣-ឈ្មោះ ចិន្ដា ជូលី ភេទស្រីអាយុ ១៣ឆ្នាំ
៤-ឈ្មោះ ផាត សុខហេង ភេទប្រុស អាយុ១៤ឆ្នាំ
៥-ឈ្មោះ ផាត ទីណា ភេទប្រុស អាយុ១៤ឆ្នាំ
៦-ឈ្មោះ ភ័ក្រ ភានុន ភេទប្រុស អាយុ១៤ឆ្នាំ
៧-ឈ្មោះ ឧត្តម មុន្នី ភេទប្រុស អាយុ១៣ឆ្នាំ
៨-ឈ្មោះ សុន សុផាត ភេទប្រុស អាយុ១៣ឆ្នាំ
៩-ឈ្មោះ សុវត្ថិ សក្ខិណា ភេទស្រី អាយុ១២ឆ្នាំ
១០-ឈ្មោះ រ៉ី ស្រីលីន ភេទស្រី អាយុ១២ឆ្នាំ
១១-ឈ្មោះ មាស សុវណ្ណរាជ ភេទប្រុស អាយុ១៣ឆ្នាំ៕
ដោយ៖ពលជ័យ

ads banner