ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត៖ សម្តេចតេជោ ហ៊ុន សែន តែងបានតម្កល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋជាកត្តាអាទិភាពចម្បង និងបម្រើការពារក្នុងគ្រប់កាលៈទេសៈ
ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា តែងបានតម្កល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋជាកត្តាអាទិភាពចម្បង ហើយតែងនៅបម្រើការពារក្នុងគ្រប់កាលៈទេសៈ ដោយមិនដែលមានពេលម្តងណាបានរត់ចោល និងបោះបង់ប្រជាពលរដ្ឋឡើយ។ ការលះបង់ដ៏ធំធេងនេះ បានធ្វើឱ្យប្រជាពលរដ្ឋមានការស្រលាញ់ គាំទ្រ និងជឿជាក់លើ សម្តេចតេជោ ជារៀងរហូតមក។ ដរាបណាប្រជាជនកម្ពុជានៅតែគោរពស្រឡាញ់ និងផ្តល់ការទុកចិត្តមកលើគណបក្សប្រជាជនកម្ពុជា នោះសម្តេចតេជោ និងមន្ត្រីគណបក្សគ្រប់ជាន់ថ្នាក់ នឹងនៅតែស្មោះត្រង់ បម្រើ និងការពារប្រជាពលរដ្ឋ និងប្រទេសជាតិឱ្យបានសុខសាន្ត និងមានការអភិវឌ្ឍរីកចម្រើនលូតលាស់ជឿនលឿនទៅមុខ ជាពិសេសបន្តរួមគ្នាកលើកម្ពស់មោទនភាព និងកិត្យានុភាពជាតិឱ្យកាន់តែខ្ពស់ទ្បើងល្បីល្បាញលើឆាកអន្តរជាតិ។

ការបញ្ជាក់នេះ នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមហាប្រាសាទព្រះគន្ធកុដិ និងសមិទ្ធផលនានា ក្នុងវត្តវេទ្បុវ័ន ស្ថិតក្នុងឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២។
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា គណបក្សប្រជាជនកម្ពុជា តែងបានដុសខាត់ខ្លួនជាប់ជាប្រចាំ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការបម្រើប្រជាពលរដ្ឋ និងព្យាយាមកែប្រែ និងបំពេញនូវភាពចន្លោះប្រហោងក្នុងការអនុវត្តការងារទាំងទ្បាយ ដើម្បីធានានូវការស្រលាញ់ពេញចិត្តពីប្រជាពលរដ្ឋម្ចាស់ស្រុក ហើយក៏នៅតែបន្តប្រកាន់នូវការអនុវត្តគោលនយោបាយប្រកបដោយធម៌ តាមរយៈការផ្តល់សិទ្ធិសេរីភាព និងឱកាសគ្រប់បែបយ៉ាង ដើម្បីពង្រឹងកម្លាំងសាមគ្គីជាតិខ្មែរឱ្យកាន់តែមានភាពរឹងមាំ ខ្លាំងក្លា ស្អិតរមួត និងសិ្ថតស្ថេរយូរអង្វែងតរៀងទៅ។

ជាមួយគ្នានេះ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែតបានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋនៅក្នុងស្រុកកោះធំ និងខេត្តកណ្តាល ក៏ដូចជានៅទូទាំងប្រទេស ដែលតែងជឿជាក់លើគណបក្សប្រជាជនកម្ពុជា និងបានចូលរួមក្នុងការថែរក្សាសន្តិភាព និងស្ថិរភាពរបស់ប្រទេសជាតិយើង។ ជាមួយគ្នានេះផងដែរ ក៏សូមអរគុណចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការរដ្ឋបាលខេត្តកណ្តាល និងមន្ទីរជុំវិញខេត្ត អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងលោកគ្រូអ្នកគ្រូ ដែលបាន និងកំពុងយកចិត្តទុកដាក់លើការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋបានកាន់តែល្អប្រសើរ និងសូមអរគុណគណៈកម្មាធិការគណបក្សខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់ និងសាខាបក្សភូមិ ព្រមទាំងក្រុមការងារចុះមូលដ្ឋានគ្រប់យន្តការ ដែលបាននៅកៀកជិតស្និទ្ធបម្រើប្រជាជន ដោយមិនគិតពីការនឿយហត់ និងបានលះបង់គ្រប់បែបយ៉ាង ដើម្បីផ្តល់ភាពកក់ក្តៅ និងស្នាមញញឹមជូនប្រជាពលរដ្ឋតាមមូលដ្ឋាន រហូតទទួលបាននូវទំនុកចិត្តដ៏លើសលប់ក្នុងគ្រប់អាណត្តិនៃការបោះឆ្នោតកន្លងមក៕
ដោយ៖ពលជ័យ
រូបភាព៖ហ្វេសប៊ុកឯកឧត្តម ហ៊ុន ម៉ាណែត






