ការបង្កើនជីវភាពសហគមន៍តំបន់ការពារធម្មជាតិ គឺជាការយក ចិត្ត ទុកដាក់របស់ក្រសួងបរិស្ថាន
កំពង់ធំ៖លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថានបាន អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលជាភ្នាក់ងារ ពេទ្យ សត្វនៅតាមមូលដ្ឋានដល់ប្រជាពលរដ្ឋជាសមាជិកសហគមន៍តំបន់ការពារធម្មជាតិនៅក្នុងខេត្ត កំពង់ធំ។
ក្នុងពិធីដែលប្រព្រឹត្តិទៅកាលពីថ្ងៃទី១៥ខែតុលាលោកជំទាវ បាន បញ្ជាក់ ថា វគ្គបណ្តុះបណ្តាលធ្វើជាភ្នាក់ងារ ពេទ្យសត្វនាពេលនេះ បានបង្កើតឡើងតាមរយៈគម្រោងពិព័រណ៍សហគមន៍របស់ក្រសួងបរិស្ថានដែលរៀបចំឡើង សហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធដើម្បី បង្កើនជម្រើសមុខរបរដែលជួយឱ្យជីវភាពសហគមន៍តំបន់ការពារធម្មជាតិ មានការរីកចម្រើន។
លោក សេង សោត អគ្គនាយករងនៃអគ្គនាយកដ្ឋានសហគមន៍ មូលដ្ឋានបានឱ្យដឹងថាតាមរយៈគម្រោងពិព័រណ៍សហគមន៍ របស់ ក្រសួងបរិស្ថានបងប្អូនសហគមន៍តំបន់ការពារធម្មជាតិនៅក្នុងខេត្តកំពង់ធំបានសម្រេចជ្រើសរើសយកមុខរបរចំនួនប្រាំបួន ដើម្បីធ្វើការ អភិវឌ្ឍជីវភាព រស់នៅរបស់ពួកគាត់។ក្នុងចំណោមមុខរបរទាំងនោះ មានការអភិវឌ្ឍផ្នែកកសិកម្ម ដូចជា ការចិញ្ចឹមសត្វ ការដាំដុះ និង ការព្យាបាលជំងឺសត្វ ឬពេទ្យសត្វនេះតែម្តង។
លោកបានបន្តថាពិព័រណ៍សហគមន៍ គឺយន្តការគាំទ្រយ៉ាងរឹង មាំ ជួយអភិវឌ្ឍន៍ សមត្ថភាពរបស់ប្រជាពលរដ្ឋ ដែលរស់នៅក្នុង និង ក្បែរតំបន់ការពារធម្មជាតិ តាមរយៈការបណ្តុះបណ្តាលចំណេះ ជំនាញផ្សេងៗ ប្រកបដោយ សក្តានុពលដែលឆ្លើយតបទៅនឹង តម្រូវ ការទីផ្សារការបង្កើតទំនាក់ទំនងស្អិតរមួតរវាងសហគមន៍និងដៃគូអភិវឌ្ឍន៍នានា ។ក្នុងនោះគឺ “ស៤” ដែលមានន័យថា ១.សហគមន៍ ២.សហការ ៣.សហគ្រិន និង៤.សមិទ្ធផល។
ចំណែកលោក ចាន់ តារា អភិបាលរងខេត្តកំពង់ធំបានលើកឡើងថា ការរៀបចំបើកវគ្គបណ្តុះបណ្តាលនេះជាផ្នែកមួយ ដើម្បីឆ្លើយតបទៅ នឹង គោលដៅជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើក កម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃ របស់បងប្អូនក្នុងសហគមន៍មូលដ្ឋាន ដែលចូលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិផងនិងបង្កើតការងារក្នុងកំរិតមូលដ្ឋានផងដែរ។
លោកថា គម្រោងនេះពិតជាមានសារសំខាន់ និងផ្តល់នូវផល ប្រយោជន៍ ច្រើនបែបយ៉ាង ដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុង និងក្បែរតំបន់ការពារធម្មជាតិ ដែលជាសហគមន៍តំបន់ការពារ ធម្មជាតិ ជាអ្នកចូលរួមជួយថែរក្សា ការពារ និងអភិរក្សធនធាន ធម្មជាតិ និងអភិរក្សមរតកវប្បធម៌ ដែលមានក្នុងសហគមន៍ផងដែរ ។
សូមបញ្ជាក់ថា ក្រសួងបរិស្ថាន បានសម្រេចរៀបចំបង្កើតជា សហគមន៍ តំបន់ការពារធម្មជាតិ ដែលគិតរហូតមកដល់បច្ចុប្បន្ននេះ មានចំនួន១៩០សហគមន៍ នៅតាមតំបន់ការពារធម្មជាតិនានា ហើយក្នុងចំណោមនោះ ខេត្តកំពង់ធំ មានសហគមន៍តំបន់ ការពារ ធម្មជាតិ សរុបចំនួន១៧ ដែលសហគមន៍មួយចំនួន មានបងប្អូនជន ជាតិដើមរស់នៅទីនោះផងដែរ៕
ដោយ ៖គ្រី សម្បត្តិ