រដ្ឋបាលខេត្តបាត់ដំបង ស្នើសុំស្រូវពូជជាង ០១ពាន់តោន ពីរាជរដ្ឋាភិបាលកម្ពុជា ដើម្បីចែកជូនប្រជាកសិករក្នុងខេត្ត ដែលរងការខូចខាតដោយជំនន់ទឹកភ្លៀងកន្លងមក ដើម្បីធ្វើការដាំដុះឡើងវិញ
ខេត្តបាត់ដំបង ៖ រដ្ឋបាលខេត្តបាត់ដំបង បានស្នើសុំពូជស្រូវប្រមាណជិត០១ពាន់តោន ពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជា ប្រធានគណៈកម្មាធិការប្រព័ន្ធស្បៀងបម្រុងកម្ពុជា ។ សំណើស្នើសុំពូជស្រូវសរុបចំនួន ១.១៥២.៨០០គីឡូក្រាម ដែលប៉ះពាល់លើផ្ទៃដី ១១.៥២៨ ហិកតា សម្រាប់ចែកជូនប្រជាពលរដ្ឋចំនួន ១១.៥២៨គ្រួសារ ដែលកំពុងរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅខេត្តបាត់ដំបង។
ផ្ទៃដីដាំដុះស្រូវសរុប ៤៥.០១៥ហិកតា, ផ្ទៃដីដែលខូចខាតមានចំនួន២៦.៨០៥ហិកតា លើគ្រួសារសរុប ចំនួន ១១.៥២៨គ្រួសារ។ ដោយឡែក ផ្ទៃដីដែលអាចធ្វើការស្តារឡើងវិញបាន មានចំនួនសរុប ១១.៥២៨ហិកតា។
តាមការគូសបញ្ជាក់ពី លោក ឈឹម វជិរ៉ា ប្រធានមន្ទីរកសិកម្មខេត្តបាត់ដំបងបានឲ្យដឹងថា៖ ក្នុងកិច្ចប្រជុំបន្ទាន់ជាមួយថ្នាក់ដឹកនាំមន្ទីរទទួលបន្ទុក និងមន្ត្រីការិយាល័យជំនាញ ដើម្បីពិនិត្យផ្ទៀងផ្ទាត់ទៅលើសំណើសុំ”ស្រូវពូជ គឺសម្រាប់ស្តារតែលើអ្នកខូចខាតជាក់ស្តែង ដែលជាអត្តញ្ញាណទិន្នន័យគ្រួសារប្រភេទ-ក្រ១. និងទិន្នន័យគ្រួសារប្រភេទ-ក្រ២.ដោយវាយតម្លៃលើលទ្ធភាពប្រភពទឹកដែលអាចស្តារបាន ស្របតាមលក្ខខណ្ឌបច្ចេកទេស និងដើម្បីជៀសវាងយកស្រូវពូជទៅស្តារ-តែប្រភពទឹកមិនគ្រប់គ្រាន់ ឬ គ្មានទឹកសម្រាប់ស្តារ ។
លោក ឈឹម វជិរ៉ា បន្ថែមទៀតថា៖ផ្អែកតាមរយៈនៃការចុះពិនិត្យវាយតម្លៃផ្ទាល់ ពីឯកឧត្តមថ្នាក់ដឹកនាំក្រសួង ជាមួយមន្ទីរកសិកម្ម រុក្ខា-ប្រមាញ់និងនេសាទ រដ្ឋបាលស្រុក-ឃុំពាក់ព័ន្ធ រកឃើញថា៖ តំបន់មួយចំនួននៃភូមិ ឃុំក្នុងស្រុកខ្លះតួលេខស្នើសុំស្តារឡើងវិញ មិនបានផ្អែកទៅលើប្រភពទឹកគ្រប់គ្រាន់ឡើយ។ ដែលតម្រូវធ្វើការពិនិត្យពិចារណាដើម្បីកាត់បន្ថយឬ គួរត្រូវដកចេញ ហើយចំពោះផ្ទៃដីខ្លះដែលបានប្រមូលផលរួចក៏គួរតែពិចារណាដើម្បីដកចេញពីគម្រោងស្នេសុំស្តារឡើងវិញផងដែរ។
លោកប្រធានមន្ទីរកសិកម្មខេត្ត ក៏បានគូសបញ្ជាក់ថា៖ ចំពោះគ្រួសារកសិករដែលទទួលរងផលប៉ះពាល់និងខូចខាតក្នុងផ្ទៃដីជាក់ស្តែង ត្រូវរក្សាទុកដើម្បីស្នើសុំយោបល់ឬការសម្រច ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីបង្វែរធ្វើការសុំជំនួយជាស្បៀងវិញ…។
សូមបញ្ជាក់ថា៖ គិតត្រឹមថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ទូទាំងខេត្តបាតដំបង មានផ្ទៃដីប៉ះពាល់និងខូចខាតលើដំណាំស្រូវ៖ មានស្រុកចំនួន៩, ឃុំចំនួន៤៦ ,ភូមិចំនួន ២៨២, និងគ្រួសារប៉ះពាល់ ចំនួន២ម៉ឺន៥២៥ គ្រួសារ, គ្រួសារដែលខូចខាតស្រូវ ចំនួន១១ពាន់ ៥២៨គ្រួសារ។ក្នុងនោះផងដែរផ្ទៃដីដែលទទួលរងផលប៉ះពាល់ មានចំនួន ៤៥ពាន់ ០១៥ហិកតានិងផ្ទៃដីខូចខាតមានចំនួន ២៦ពាន់៨០៥ហិកតា៕ អ៊ុក សំអាន