ស្នងការនគរបាលរាជធានីភ្នំពេញពិន័យលើមន្ត្រីប៉ូលីសចរាចរណ៍មួយរូបដែលប្រើសំដីមិនសមរម្យដាក់ពលរដ្ឋ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ មន្ត្រីចរាចរណ៍ម្នាក់ដែលប្រើប្រាស់ពាក្យសំដីនិងកាយវិការមិនសមរម្យ ជាមួយពលរដ្ឋដែលបើកបរល្មើសច្បាប់ ត្រូវបានកោះហៅមកធ្វើការណែនាំអប់រំ ធ្វើកិច្ចសន្យា ដាក់វិន័យកងកម្លាំង និងដកយកមកបញ្ឈរជើង។ នេះបើតាមការប្រកាសជាសាធារណៈ របស់ស្នងការនគរបាលរាជធានីភ្នំពេញកាលពីយប់ថ្ងៃទី១៥ខែតុលា។

ផេកផ្លូវការរបស់ស្នងការនគរបាលរាជធានីភ្នំពេញ ឱ្យដឹងថា ការដាក់ពិន័យចំពោះមន្ត្រីនគរបាលម្នាក់នេះគឺធ្វើឡើងតាមបញ្ជារបស់ស្នងការនគរបាលរាជធានីភ្នំពេញលោក ស ថេត។ប្រភពដដែលបន្តថា៖« បន្ទាប់ពីបានឃើញឃ្លឹបវីដេអូផ្សព្វផ្សាយនៅលើបណ្តាញសង្គមទាក់ទងទៅនឹងមន្ត្រីនគរបាលចរាចរណ៍មួយរូបឈ្មោះ ពុត ធារី បានប្រើប្រាស់ពាក្យពេចន៍ និងកាយវិការមិនសមរម្យទៅលើប្រជាពលរដ្ឋដែលបើកបរល្មើសច្បាប់ចរាចរណ៍ នៅគោលដៅផ្លូវជាតិលេខ៥។ ការិយាល័យបុគ្គលិក នៃផែនការងារធនធានមនុស្ស បានធ្វើការកោះហៅឲ្យមន្ត្រីរូបនោះចូលខ្លួនដើម្បីសួរនាំ និងអនុវត្តវិន័យកងកម្លាំង ដោយធ្វើការណែនាំអប់រំ ធ្វើកិច្ចសន្យា និងដកមកបញ្ឈរជើងរយៈពេលបីខែ ហើយត្រូវបង្ហាញមុខនៅការិយាល័យបុគ្គលិកជារៀលរាល់ថ្ងៃម៉ោងធ្វើការ»។
ការសម្រេចដាក់ពិន័យលើមន្ត្រីនគរបាលដែលបានប្រើសំដីមិនសមរម្យដាក់ពលរដ្ឋនេះទទួលបានការសាទរពីបណ្ដាជនជាច្រើនរាប់តាំងពីមន្ត្រីរាជការ ពលរដ្ឋទូទៅ រហូតដល់បញ្ញវន្ដ និងអ្នកនយោបាយផង។ អ្នកលេងហ្វេសប៊ុកជាងមួយពាន់នាក់បានបញ្ចេញមតិជុំវិញចំណាត់ការនេះ។

ស្នងការនគរបាលរាជធានីភ្នំពេញបានឆ្លើយតបចំពោះមតិយោបល់របស់ប្រជាពលរដ្ឋជុំវិញបញ្ហានេះថា៖«មន្ត្រីអនុវត្តខុសតែងតែអនុវត្តវិន័យកងកម្លាំង មន្ត្រីអនុវត្តល្អតែងតែត្រូវបានសរសើរ ផ្តល់ការលើកទឹកចិត្ត»។

នេះជាករណីដំបូងហើយនៅក្នុងឆ្នាំ២០២២ដែលស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់ពិន័យលើមន្ត្រីនគរបាលចរាចរណ៍៕ ដោយ៖ វណ្ណ ស័ក្តិ

ads banner