អភិបាលខេត្តព្រះវិហារដឹកនាំមន្ត្រីរាជការចុះសួរសុខទុក្ខកងទ័ពអង្គភាពកងពលតូចអន្តរាគមន៍លេខ៨ ដែលកំពុងបំពេញភារកិច្ចព្រំដែនកម្ពុជា-ថៃ
ខេត្តព្រះវិហារ៖ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានដឹកនាំមន្ត្រីរាជការ និងស្ថាប័នស៊ីវិល ចុះសាកសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធ អង្គភាពកងពលតូចអន្តរាគមន៍លេខ៨ កំពុងបំពេញភារកិច្ចនៅក្នុងភូមិសាស្ត្រភ្នំត្រងោល ព្រំដែនកម្ពុជា-ថៃ ទិសទី១ប្រាសាទព្រះវិហារ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ ក្រោមការទទួលស្វាគមន៍ពីសំណាក់ឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន មេបញ្ជាការ កងពលតូចអន្តរាគមន៍លេខ៨ ។
ឯកឧត្តម គីម រិទ្ធី បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ ព្រមទាំងនាយ និងពលទាហានទាំងអស់ នៅក្នុងអង្គភាពកងពលតូចអន្តរាគមន៍លេខ៨ បាននិងកំពុងបំពេញភារកិច្ចយ៉ាងសកម្មទាំងកិច្ចការងារព្រំដែន ក៏ដូចជាការងារអភិវឌ្ឍន៍មូលដ្ឋានសេចកិច្ច ជម្រុញគ្រួសារកងទ័ពឲ្យចេះឆ្នៃប្រឌិត មានមុខរបរប្រចាំខ្លួនតាមរយៈ ធ្វើកសិកម្ម ដើម្បីឲ្យគ្រួសារមានជីវភាពធូធាឡើង។ លើសពីនោះ ក៏បានយកចិត្តទុកដាក់អភិវឌ្ឍន៍នៅក្នុងអង្គភាព ក៏ដូចជាកំពុងខិតខំកសាង នូវសមិន្ធផលបន្ថែម ដើម្បីប្រយោជន៍ជាតិមាតុភូមិ ស្របពេលដែលប្រទេសជាតិកំពុងមានការអភិវឌ្ឍន៍ និងមានសុខសន្តិភាពពេញផ្ទៃប្រទេស ក្រោមការដឹកនាំគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ។
ឯកឧត្តម ក៏បានធ្វើការផ្តាំផ្ញើរទៅកាន់បងប្អូនដែលកំពុងបំពេញភារកិច្ចជូនជាតិមាតុភូមិ ធ្វើយ៉ាងណាខិតខំថែរក្សាសុខភាពឲ្យបានជាប្រចាំ ពិសេសពេលដេកត្រូវដាក់ម៉ុង ដើម្បីកុំឲ្យមូសខាំ ការពារជម្ងឺគ្រុនចាញ់ ព្រមទាំជំងឺសង្កាត់ផ្សេងៗ ធ្វើឲ្យបង់ខាតប្រាក់ និងពេលវេលា។ ជាមួយគ្នានេះ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ព្រមទាំងប្រធានមន្ទីអង្គភាពនានាក្នុងខេត្ត បានជួយឧបត្ថម្ភនូវថវិកា ចំនួន ៧៥០០ដុល្លាសហរដ្ឋអាមេរិច ដល់អង្គភាពកងពលតូចអន្តរាគមន៍លេខ៨ សម្រាប់ទិញប្រេង ជួសជុលទំនប់ទប់ទឹកអន្លង់ក្រពើ ដែលរងការបាក់ដាច់កន្លងមកដោយសារជំនន់ទឹកភ្លៀង ឧបត្ថម្ភដល់កងកម្លាំងដែលកំពុងបំពេញភារកិច្ច ជួសជុលទំនប់ម្នាក់ ៤ម៉ឺនរៀល ៕ សួន លីណា