លោក ស៊ី ជិនពីង ថ្លែងថា ប្រទេសចិនប្រឆាំងនឹងចិត្តគំនិតសង្គ្រាមត្រជាក់
ប៉េកាំង៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានសម្តែងការប្រឆាំងយ៉ាងខ្លាំងចំពោះចិត្តគំនិតនៃសង្រ្គាមត្រជាក់ និងការជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសផ្សេងៗ។
លោក ស៊ី បានលើកឡើងបែបនេះ ក្នុងឱកាសថ្លែងសុន្ទរកថា ចាប់បើកសមាជលើកទី២០ នៃគណបក្សកុម្មុយនីស្តចិន នៅថ្ងៃអាទិត្យទី១៦ ខែតុលា នៅវិមានសភាប្រជាជនក្រុងប៉េកាំង។ លោក ស៊ី បន្តថា ប្រទេសចិននៅតែរឹងមាំក្នុងការបន្តគោលនយោបាយការបរទេសឯករាជ្យ នៃសន្តិភាព និងការលើកកម្ពស់ពហុភាគីនិយមពិតប្រាកដ។
លោក ស៊ី បានសង្កត់ធ្ងន់ថា ប្រទេសចិនឈរយ៉ាងម៉ឺងម៉ាត់ប្រឆាំងនឹងគ្រប់ទម្រង់នៃអនុត្តរភាព និងនយោបាយបែបប្រើអំណាច ក៏ដូចជាចិត្តគំនិតនៃសង្រ្គាមត្រជាក់ ការជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ និងស្តង់ដារទ្វេ។
មេដឹកនាំចិនរូបនេះក៏បាននិយាយផងដែរថា ប្រទេសខ្លួនប្រឆាំងគ្រប់ទម្រង់នៃឯកតោភាគីនិយម និងការបង្កើតប្លុក ហើយព្រមានថា សង្គមមនុស្សកំពុងប្រឈមមុខនឹងបញ្ហាប្រឈមដែលមិនធ្លាប់មានពីមុនមក ដូចជាការគំរាមកំហែងដោយប្រើកម្លាំង ដើម្បីបំភិតបំភ័យប្រទេសទន់ខ្សោយ និងការលេងល្បែងសូន្យ (Zero-sum games)។
ដោយមានសហរដ្ឋអាមេរិកនៅក្នុងចិត្ត លោក ស៊ី បានគូសបញ្ជាក់ថា ប្រទេសចិននឹងមិនស្វែងរកអនុត្តរភាព ឬចូលរួមក្នុងការពង្រីកលទ្ធិនិយមនោះឡើយ៕ ប្រភព៖ RT ប្រែសម្រួល៖ ទីណា និងបុត្រា