គ្រួសារអតីតយុទ្ធជនពលីនៅឃុំទួលគ្រើល បានទទួលខ្នងផ្ទះទី២១៧ អំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី

ខេត្តកំពង់ធំ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ និងអាជ្ញាធរដែនដី ចុះប្រគល់ខ្នងផ្ទះទី២១៧ អំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ជូនគ្រួសារអតីតយុទ្ធជនពលីនៅភូមិជន្លុស ឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្ក ខេត្ត កំពង់ធំ នៅរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ ។

លោកស្រី ព្រាប ប៊ន អាយុ៦៤ឆ្នាំ មានកូន២នាក់ ជាភរិយាលោកពលបាលឯក ប៊ិន រុន ចូលបម្រើកងទ័ពនៅឆ្នាំ១៩៧៩ នៅអង្គភាពយោធាស្រុកសណ្តាន់ ខេត្តកំពង់ធំ ពលីជីវិតឆ្នាំ១៩៨៣ ក្នុងសមរភូមិ អូរពោធិ ខេត្តព្រះវិហារ មានជីវភាពលំបាកខ្វះខាត គ្មានលទ្ធភាពសាងសង់ជម្រកស្នាក់នៅឲ្យបានសមរម្យ ក្រុមការងារនៃគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានសាងសង់ផ្ទះថ្មីខ្នងទី២១៧ តាមរយៈឯកឧត្តមទេសរដ្ឋមន្រ្តីនាយឧត្ដមសេនីយ៍ គន់ គីម សាងសង់ខ្ពស់ផុតពីដី សសរបេតុង ឆ្អឹងដែក រនាបក្តា ជញ្ជាំងស្មាតបត ដំបូលប្រក់ស័ង្កសីកិនភ្លី និងជណ្ដើរកាច់ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានសំណូមពរគ្រួសារអតីតយុទ្ធជនពលី និងប្រជាពលរដ្ឋ ចូលរួមអនុវត្តន៍ នូវគោលនយោបាយ ភូមិ.ឃុំមានសុវត្ថិភាព លុបបំបាត់ល្បែងស៊ីសង នៅក្នុងមូលដ្ឋាន ដោយផ្តើមចេញពីយើងទាំងអស់គ្នា ខិតខំដាំដំណាំ ចិញ្ចឹមសត្វ ប្រកបមុខរបររកទទួលទានដោយសុច្ចរិតទៀងត្រង់ អនុវត្តន៍ការការពារទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩៣ការពារនិង៣កុំ របស់សម្តេចតេជោ ហ៊ុន សែន ។

ពិធីប្រគល់ផ្ទះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានឧបត្ថម្ភ អំណោយឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ជូនគ្រួសារអតីតយុទ្ធជនពលី មានអង្ករចំនួន ៥០គ.ក មី២កេស ទឹកត្រី ទឹកស៊ីអ៊ីវ ២យួរ ត្រីខ ១យួរ ទឹកសុទ្ធ០១កេស ឆ្នាំង ចាន ស្លាបព្រា ចានដែក និងសម្ភារៈផ្សេងៗទៀត ព្រមទាំងថវិកាមួយចំនួនផងដែរ ។

លោកស្រី ព្រាប ប៊ន គ្រួសារអតីតយុទ្ធជនពលី បានអំណរគុណសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ និងគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ និងបានប្តេជ្ញាចិត្តបន្តគាំទ្រសម្តេចតេជោ ហ៊ុន សែនលុះអវសាន្តជីវិត ៕
ដោយ ប៊ុន រដ្ឋា

ads banner