ពិធីបុណ្យអុំទូកនៅក្រុងតាខ្មៅខេត្តកណ្ដាលត្រូវលើកពេលទៅចុងខែតុលាវិញ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ពិធីបុណ្យអុំទូកនៅក្រុងតាខ្មៅខេត្តកណ្ដាលដែលគ្រោងធ្វើនៅថ្ងៃទី២២និង២៣ខែតុលា ត្រូវលើកពេលទៅធ្វើនៅចុងខែ។ នេះបើតាមសេខក្ដីប្រកាសព័ត៌មានរបស់រដ្ឋ​បាលខេត្តកណ្តាលដែលជូនដំណឹងស្តីពីការលើកពេលការរៀបចំពិធីប្រណាំងទូកនៅទន្លេបាសាក់ ក្រុងតាខ្មៅ ។

រដ្ឋបាលខេត្តបញ្ជាក់ថាត្បិតតែលើកថ្ងៃប៉ុន្តែ កម្មវិធីអុំទូកនឹងនៅតែរក្សាដដែលខណៈកម្មវិធីកម្សាន្តសប្បាយនានាក៏មិនផ្លាស់ប្ដូរដែរ។អភិបាល​ខេត្ត​​ កណ្ដាលឯកឧត្តម​ គង់​ សុភ័ណ្ឌ​​ មានប្រសា​សន៍ថាបញ្ហាអាកាសធាតុបណ្ដាលឱ្យពិធីទាំងមូលត្រូវលើកពេល។

ឯកឧត្តមមានប្រសាសន៍ថា ៖ « អាកាសធាតុ​មិនសូវ​អំណោយផល​ដល់​យើង​ ។ ការពន្យានេះ​មិន​មាន​ខាត​អ្វី​នោះ​ទេ​។ យើង​ពន្យា​បន្តិច​សិន​ទៅ​ដើម្បី​បង្ករ​ភាព​ងាយ​ស្រួល​សប្បាយទាំង​អស់​គ្នា​។ យើងក៏បានរៀបចំកម្មវិធីនៅថ្ងៃសៅរិ៍អាទិត្យផងដែរដើម្បីឱ្យសប្បាយទាំងអស់គ្នា។ ចុងខែទឹកអាចស្រកបន្តិចទៅបងប្អូនអ្នកស្រែចម្ការក៏អាចមកលេងបានដែរ »

​ឯកឧត្តមអភិបាល ​ក៏​បាន​រំពឹង​ថានឹង​មាន​ភ្ញៀវទេសចរ​ច្រើន​កុះករ​មកចូល​រួម​ ព្រោះ​មាន​តន្រ្តី​ តារាកំប្លែង​ តារាចំរៀង​មកចូលរួម​សម្ដែង​ច្រើន​កុះករ​ ។ លោកថា ការ​ប្រណាំង​ទូក​មាន​ទៅ​ដល់​ជាង៨០​ ​។ មិនតែប៉ុណ្ណោះ​ក៏មាន​ការ​រៀប​ចំ​ចរាចរណ៍​ សន្តិសុខ​ បាន​ល្អ​មាន​របៀប​រៀបរយ​ទៀតផង។

ឯកឧត្តម ​គង់ សុភ័ណ្ឌ​ បញ្ជាក់ថា៖ « យើងការពារអ្វីដែលជារបស់យើងការពារប្រពៃណីទំនៀមទំលាប់ពិធីបុណ្យអុំទូកទោះមានការខ្វះខាតយ៉ាងម៉េចក៏ដោយក៏យើងនៅតែខិតខំប្រឹង​ប្រែង»។

ពិធី​បុណ្យ​​អុំ​ទូក​តាមបណ្ដាខេត្តនេះ​​បា​ន​បង្ហាញ​ពី​ការ​ចូលរួម​របស់​ប្រជាពលរដ្ឋដើម្បី ​អបអរ​យើង​បាន​បញ្ចប់​រដូវ​វស្សា​ហើយ​ ​។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ទៀតថា ៖ «ពិធីបុណ្យអុំទូកបង្ហាញពីយើងចេះសាមគ្គីគ្នាបង្ហាញថាយើងមានភាពអភិវឌ្ឍបង្ហាញថាយើងអាចទប់ស្កាត់កូវីដបានហើយ«។

​ម្ចាស់​ហាង​ម្លប់ស្វាយ​ខេត្តកណ្ដាលបាន​និយាយថា​៖«នៅ​ពិធី​បុណ្យ​​អុំ​ទូក​ខាង​មុខ​នេះ​ខ្ញុំ​មិន​ហ៊ាន​​និយាយ​ទេ​ ថា​អាច​នឹងទទួល​បាន​អតិថិជន​ច្រើន​ឬយ៉ាងណា​នោះឡើយ​ ប៉ុន្តែ​មួយរយៈ​ចុងក្រោយ​នេះ​គឺ​មិនសូវ​មាន​ភ្ញៀវ​ ចំណូល​ធ្លាក់​ចុះ​ ៥០ភាគរយ​។ខ្ញុំ រងគ្រោះ​ដោយសារកូវីដ​ផង ឥឡូវទឹកជំនន់ទៀត​​។ ដូច្នេះ​មាន​តែ​ចាំ​មើល​សិន​ថា​តើ​នឹងទទួលបាន​ភ្ញៀវច្រើន​ឬក៏អត់​។

ពិធីបុណ្យអុំទូកខេត្តកណ្ដាលឆ្នាំនេះនឹងមានទូកចូលរួមប្រណាំងប្រមាណជាង៨០គូ។ក្នុងនោះក្រុមកីឡាករប្រណាំងទូកតាមបណ្ដាស្រុកនានាក៏កំពុងដុតដៃដុតជើងហ្វឹកហាត់ដើម្បីត្រៀមចូលសមរភូមិប្រកួត។នៅឆ្នាំ២០២២នេះកម្ពុជាមិនមានរៀបចំពិធីអុំទូកនៅថ្នាក់ជាតិឡើយដោយសារតែភ្នំពេញជាប់រវល់ទទួលភ្ញៀវប្រជុំអាស៊ាន៕ ដោយ៖ ហោ សុវិទ្យា

ads banner