អាមេរិក៖ ចិនពន្លឿនផែនការកាន់កាប់តៃវ៉ាន់ ក្រោមការដឹកនាំរបស់លោក ស៊ី ជីនពីង

អាមេរិក៖រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អ៊ែនថូនី ប្ល៊ីងកែន បានថ្លែងកាលពីថ្ងៃចន្ទ ទី ១៧ ខែតុលា ថា រដ្ឋាភិបាលចិនកំពុងបន្តផែនការកាត់បញ្ចូលកោះតៃវ៉ាន់ឱ្យស្ថិតនៅក្រោមការកាន់កាប់របស់ខ្លួន ក្នុងល្បឿនកាន់តែលឿនជាងមុន ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ស៊ី ជិនពីង។

ការលើកឡើងរបស់លោកប្ល៊ីងកែន ធ្វើឡើងនៅខណៈដែលគណបក្សកុម្មុយនីស្តចិន កំពុងរៀបចំសមាជបក្សដ៏សំខាន់សម្រាប់ការរៀបចំរចនាសម្ព័ន្ធថ្នាក់ដឹកនាំប្រទេសឡើងវិញ។មួយថ្ងៃមុននេះ លោក ស៊ី ដែលគេរំពឹងថានឹងបន្តអាណត្តិ៥ឆ្នាំជាលើកទី៣នោះ បានបញ្ជាក់ក្នុងពិធីបើកសមាជថា កោះតៃវ៉ាន់នៅតែជាស្នូលនៃផែនការស្ដារប្រទេសចិនឡើងវិញ។

ក្នុងកិច្ចសន្ទនាជាមួយអតីតរដ្ឋមន្រ្តីការបរទេសលោក Condoleezza Rice នៅសាកលវិទ្យាល័យ Stanford កាលពីថ្ងៃចន្ទ លោក ប្ល៊ីងកែន បានអះអាងថា៖ «យើងបានឃើញហើយថា ចិនមានការខុសប្លែកគ្នាយ៉ាងខ្លាំង ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រោមការដឹកនាំរបស់ លោក ស៊ី ជិនពីង។ ចិនកាន់តែគាបសង្កត់នៅក្នុងស្រុកនិងកាន់តែគឃ្លើននៅបរទេស។ក្នុងករណីជាច្រើន ចិនបង្កបញ្ហាដល់ផលប្រយោជន៍ផ្ទាល់ខ្លួនរបស់យើង ក៏ដូចជាតម្លៃផ្ទាល់ខ្លួនរបស់យើង»។

លោក ប្ល៊ីងកែន បានបន្តថា ចិនបានបង្កើនភាពតានតឹងក្នុងតំបន់យ៉ាងខ្លាំង ដើម្បីធ្វើការទាមទារថា កោះឯករាជ្យតៃវ៉ាន់ គឺជាផ្នែកមួយនៃដែនអធិបតេយ្យភាពរបស់ខ្លួន បើទោះបីជាមានការរក្សាសន្តិភាព និងស្ថិរភាពរវាងចិន និងកោះតៃវ៉ាន់ ដោយជោគជ័យអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយក៏ដោយ។

រដ្ឋមន្រ្តីការបរទេសអាមេរិកដដែលបានបន្ថែមថា៖ «ជំនួសឱ្យការប្រកាន់ខ្ជាប់នូវស្ថានភាព ដែលបង្កើតឡើងក្នុងវិធីវិជ្ជមាន (ទីក្រុងប៉េកាំងបានធ្វើ) ការសម្រេចចិត្តជាមូលដ្ឋាន ដែលស្ថានភាពបច្ចុប្បន្នមិនអាចទទួលយកបានទៀតទេ ហើយទីក្រុងប៉េកាំងប្តេជ្ញាបន្តការបង្រួបបង្រួមឡើងវិញ ទៅតាមពេលវេលាយ៉ាងលឿនជាងមុន»។

លោក ប្ល៊ីងកែន បានបន្តថា៖ «ប្រសិនបើមធ្យោបាយដោយសន្តិវិធីមិនដំណើរការទេ នោះ(ចិន)នឹងប្រើប្រាស់មធ្យោបាយបង្ខិតបង្ខំហើយប្រសិនបើមធ្យោបាយបង្ខិតបង្ខំមិនដំណើរការទេ នោះ(ចិន)នឹងប្រើការបង្ខំដោយកម្លាំងយោធា ដើម្បីសម្រេចគោលបំណងរបស់ខ្លួន ហើយទាំងនោះហើយ គឺជាអ្វីដែលកំពុងរំខានយ៉ាងខ្លាំងដល់ស្ថានភាពបច្ចុប្បន្ន និងបង្កើតភាពតានតឹងយ៉ាងខ្លាំង»។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បក្សកុម្មុយនិស្តចិននិងកងទ័ពរំដោះប្រជាជន (PLA) បានបង្កើនសកម្មភាពយោធាបំភិតបំភ័យកោះតៃវ៉ាន់ ដែលបដិសេធការទាមទាររបស់ចិន។ ដើម្បីឆ្លើយតបនឹងដំណើរទស្សនកិច្ចទៅក្រុងតៃប៉ិរបស់ប្រធានសភាអាមេរិក លោកស្រី ណាន់ស៊ី ប៉េឡូស៊ី កាលពីដើមខែសីហា កងយោធាចិនបានធ្វើសមយុទ្ធយោធាដ៏ធំមិនធ្លាប់មាននៅជុំវិញកោះតៃវ៉ាន់ និងបង្កើនការហោះយន្តហោះចម្បាំងហួសបន្ទាត់កណ្ដាលនៃច្រកសមុទ្រតៃវ៉ាន់ ជាច្រើនលើកច្រើនសារ។

គ្រប់វោហាសាស្ត្រនិងសកម្មភាពចំពោះតៃវ៉ាន់របស់ប្រទេសចិន ដែលចោទប្រកាន់អាមេរិកថាបង្កើតភាពតានតឹងក្នុងតំបន់ និងមិនគោរពគោលនយោបាយចិនតែមួយ សុទ្ធតែបានបញ្ជាក់យ៉ាងច្បាស់ថាខ្លួនមានមហិច្ឆតាយកកោះតៃវ៉ាន់។ ការឈ្លានពានអ៊ុយក្រែនរបស់រុស្ស៊ី ដែលជាសម្ព័ន្ធមិត្តប្ដូរផ្ដាច់របស់ចិន បានបង្កើនឱ្យមានការភ័យខ្លាចកាន់តែខ្លាំងថាទីក្រុងប៉េកាំងអាចនឹងព្យាយាមធ្វើសកម្មភាពដូចគ្នានឹងក្នុងពេលឆាប់ៗ ខណៈចិនក៏បានអះអាងថា ខ្លួននឹងប្រើកម្លាំងទ័ពប្រសិនបើចាំបាច់។

ក្នុងសេណារីយ៉ូបែបនេះឥស្សរជនយោធាជាន់ខ្ពស់របស់សហរដ្ឋអាមេរិកនិងតៃវ៉ាន់ បានព្រមានថា យោធា PLA របស់ចិន អាចនឹងវាយយកកោះតៃវ៉ាន់ក្នុងរយៈពេល ២-៣ ឆ្នាំខាងមុខ។ ប៉ុន្តែអ្នកវិភាគបានចង្អុលបង្ហាញពីគោលដៅរបស់លោក ស៊ី ក្នុងការស្តារប្រទេសចិនឡើងវិញ ដោយលុកលុយកោះតៃវ៉ាន់នៅឆ្នាំ ២០៤៩ ពោលគឺនៅក្នុងខួបមួយសតវត្ស នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ដែលជាពេលវេលាកំណត់ដ៏មានសក្តានុពល។

អ្នកស្រាវជ្រាវនៃសាលាគោលនយោបាយសាធារណៈ Lee Kuan Yew និងជាអតីតមន្ត្រីក្រសួងការបរទេសអាមេរិក លោក Drew Thompson បានអះអាងប្រាប់កាសែត ឌឹ ហ្គាល់ឌៀន ថា៖ «វាអាចទៅរួចដែលលោករដ្ឋមន្រ្តី ប្ល៊ីងកែន មានការព្រួយបារម្ភអំពីល្បឿន និងវិសាលភាពនៃទំនើបកម្មយោធារបស់ចិន ដែលច្បាស់ណាស់គឺផ្តោតលើតៃវ៉ាន់ ប៉ុន្តែសមត្ថភាពយោធារបស់ចិន មិនបង្ហាញពីចេតនាចិន ក្នុងការប្រើប្រាស់កម្លាំងនាពេលដ៏ខ្លីខាងមុខនេះទេ»។

លោក Thompson បានបន្តថា ចេតនារបស់លោក ស៊ី ជិនពីង អាចផ្លាស់ប្តូរភ្លាមៗ ប៉ុន្តែសមត្ថភាពយោធារបស់ចិន ត្រូវចំណាយពេលច្រើនឆ្នាំក្នុងការអភិវឌ្ឍន៍ ដែលដូចគ្នានឹងការកសាងប្រព័ន្ធការពារតៃវ៉ាន់ និងសហរដ្ឋអាមេរិក ដើម្បីទប់ទល់កម្លាំងរបស់ PLA នៅថ្ងៃខាងមុខផងដែរ។

គួរបញ្ជាក់ថា តៃវ៉ាន់ គឺជាចំណុចជម្លោះដ៏ក្ដៅរវាងអាមេរិក និងចិន។ ប៉ុន្តែទោះបីជាមន្ត្រីរដ្ឋបាលលោក បៃដិន បានចោទប្រកាន់ចិនជារឿយៗ អំពីបង្កើនអំណាចរបស់ខ្លួននៅក្នុងច្រកសមុទ្រតៃវ៉ាន់ដោយគ្មានតុល្យភាពក៏ដោយ ក៏ការលើកឡើងអំពីចេតនារបស់ទីក្រុងប៉េកាំងទាក់ទងនឹងការឈ្លានពានតៃវ៉ាន់ មិនសូវជាត្រូវបានអាមេរិក និយាយក្ដែងៗដែរ។ ជុំវិញការអត្ថាធិប្បាយរបស់លោក ប្ល៊ីងកែន កាលពីថ្ងៃចន្ទ ក្រសួងការបរទេសអាមេរិក មិនបានបកស្រាយភ្លាមៗយ៉ាងណាទេ ខណៈមានចម្ងល់ថាតើការអត្ថាធិប្បាយរបស់លោក ឆ្លុះបញ្ចាំងអំពីការវាយតម្លៃជាផ្លូវការ ឬព័ត៌មានស៊ើបការណ៍សម្ងាត់ណាមួយឬយ៉ាងណា។

ទន្ទឹមនឹងការលើកឡើងរបស់លោក ប្ល៊ីងកែន កាលពីថ្ងៃអាទិត្យ អ្នកវិភាគក៏វិភាគលើសុន្ទរកថាកាលពីថ្ងៃអាទិត្យរបស់លោក ស៊ី ដែលបង្ហាញពីចក្ខុវិស័យរបស់លោក ស៊ី សម្រាប់អាណត្តិបន្ទាប់ ដោយមើលពីសញ្ញានៃផែនការរបស់លោកសម្រាប់កោះតៃវ៉ាន់។ លោក ស៊ី ថ្លែងនៅថ្ងៃអាទិត្យថា៖ «យើងនឹងបន្តខិតខំសម្រាប់ការបង្រួបបង្រួមដោយសន្តិវិធី ជាមួយនឹងភាពស្មោះត្រង់ និងកិច្ចខិតខំប្រឹងប្រែងបំផុត។ ប៉ុន្តែ យើងនឹងមិនសន្យាថានឹងបោះបង់ការប្រើកម្លាំងនោះទេ ហើយយើងរក្សាជម្រើសនេះ ក្នុងការចាត់វិធានការទាំងអស់ដែលចាំបាច់»។

អតីតលេខាធិការអចិន្ត្រៃយ៍នៅក្រសួងការបរទេសសិង្ហបុរីលោក Bilahari Kausikan បាននិយាយថា លោក ស៊ី មិនមានបំណងចង់យកកោះតៃវ៉ាន់ ដោយកម្លាំងទ័ពនោះទេ ទោះបីជាលោកបាននិយាយនៅក្នុងសុន្ទរកថារបស់លោកថា លោកមិនបោះបង់ចោលវិធីសាស្រ្តនោះក៏ដោយ។ លោក Kausikan អះអាងថា៖ «ខ្ញុំពិតជាមិននឹកស្មានថា ចិនពិតជាចង់ចាប់ផ្តើមការបង្រួបបង្រួមតៃវ៉ាន់ឡើងវិញដោយកម្លាំងនោះទេ។ ពីព្រោះប្រសិនបើចិនចាប់ផ្តើមនោះ ចិនត្រូវតែឈ្នះ»។

អ្នកជំនាញជាន់ខ្ពស់ផ្នែកគោលនយោបាយការបរទេស និងសន្តិសុខជាតិ នៅមជ្ឈមណ្ឌលវិភាគគោលអំពីចិននៃវិទ្យាស្ថានគោលនយោបាយសង្គមអាស៊ី លោក Lyle J. Morris បានយល់ព្រមស្រដៀងនេះថា៖ «លោក ស៊ី មិនបានផ្តល់សញ្ញាដល់សហគមន៍អន្តរជាតិថា លោកចង់ឈ្លានពានតៃវ៉ាន់ ឬថាលោកកំពុងអស់ការអត់ធ្មត់សម្រាប់ការផ្សះផ្សានយោបាយនោះទេទេ»។ លោក Morris លើកឡើងបែបនេះ ដោយចង្អុលបង្ហាញការប្រើប្រាស់ពាក្យថា បង្រួបបង្រួមដោយសន្តិវិធី របស់លោក ស៊ី៕ ដោយ៖ ហួន ឌីណា

ads banner