ធនាគារជាតិនៃកម្ពុជាប្រកាសគោលការណ៍អនុគ្រោះចំពោះអ្នកខ្ចីប្រាក់ដែលបានរងផលប៉ះពាល់ដោយទឹកជំនន់

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជាបានចេញសេចក្ដីជូនដំណឹងស្ដីពីការអនុគ្រោះចំពោះអ្នកខ្ចីប្រាក់ ដែលបានរងផលប៉ះពាល់ជាក់ស្ដែង ដោយសារទឹកជំនន់ធ្ងន់ធ្ងរ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ធនាគារជាតិនៃកម្ពុជាចេញផ្សាយនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២។

ធនាគារជាតិនៃកម្ពុជាលើកឡើងថា ក្នុងស្ថានភាពដែលខេត្តមួយចំនួននៅកម្ពុជា បាននិងកំពុងជួបប្រទះបញ្ហាទឹកជំនន់ធ្ងន់ធ្ងរ និងអនុវត្តតាមប្រសាសន៍អំពាវនាវរបស់ សម្តេចតេជោនាយករដ្ឋមន្តី្រកាលពីព្រឹកថ្ងៃទី១៧ខែតុលានិងក្រោយពីបានពិភាក្សាជាមួយសមា​គមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ធនាគារជាតិនៃកម្ពុជា ស្នើឲ្យគ្រឹះ​ស្ថានធនាគារនិងហិរញ្ញវត្ថុ បន្តចូលរួមសហការល្អក្នុងក្របខណ្ឌ កិច្ចការពារអតិថិជន និងបន្តការអនុគ្រោះតាមរយៈការរៀបចំឥណទានឡើងវិញ។

ធនគារជាតិឯកភាពគ្នា កាត់បន្ថយចំនួនប្រាក់ដើមឥណទាន ឬចំនួនដែលត្រូវសងនៅឥណប្រតិទាន ។ បន្ថយអត្រាការប្រាក់ទាបជាងលក្ខខណ្ឌនៃកិច្ចសន្យាដើម។ ពន្យារពេលទូទាត់សងប្រាក់ដើម ឬការប្រាក់ ឬការធ្វើមូលធនកម្មការប្រាក់។  ពន្យារឥណប្រតិទាន បន្ថែម និង/ឬ ការផ្លាស់ប្ដូរអ្នករួមខ្ចី និង/ឬ អ្នកធានា ។ ផ្លាស់ប្តូរពីឥណទានមានការទូទាត់សងតាមការបង់រំលស់ ទៅជាការទូទាត់តែការប្រាក់ហើយទូទាត់សងប្រាក់ដើមទាំងអស់នៅឥណប្រតិទាន (Bullet Loan)។   ការលើកលែង ឬ បន្ថយទ្រព្យធានា។ ការបន្ថយលក្ខខណ្ឌកិច្ចសន្យា និង/ឬការផ្តល់រយៈពេលអនុគ្រោះដោយគ្មានការទូទាត់សង (Grace period) ដែលអាចមានរយៈពេលរហូតដល់៦ខែ គិតចាប់ពីថ្ងៃប្រសិទ្ធភាពនៃកិច្ចសន្យាថ្មី។

ធនាគារជាតិនៃកម្ពុជាបញ្ជាក់ថា ៖« ដើម្បីរួមចំណែកសម្រាលបន្ទុក ក៏ដូចជាជួយស្តារជីវភាពរបស់អ្នកខ្ចីប្រាក់ គ្រឹះស្ថានគួរពិចារណា ផ្តល់ការអនុគ្រោះ ដូចជា ការបន្ធូរបន្ថយការប្រាក់និងកម្រៃផ្សេងៗពាក់ព័ន្ធនឹងឥណទាននិង/ឬ លើកលែងការផាកពិន័យ និងជៀសវាងការរឹបអូសទ្រព្យធានារបស់អ្នកខ្ចីប្រាក់ជាដើម»។ធនាគារជាតិនៃកម្ពុជា សង្ឃឹមយ៉ាងមុតមាំថា គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ នឹងបន្តចូលរួមសហការអនុវត្ត ប្រកបដោយការយោគយល់ និងអធ្យាស្រ័យខ្ពស់ ស្របតាមស្ថានភាពជាក់ស្តែងរបស់អ្នកខ្ចីប្រាក់។

អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុ លោក កាំង តុងងី មានប្រសាសន៍ ក្រុមការងារសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានធ្វើការវិភាគពីទំហំនៃផលប៉ះពាល់ដែលអាចនឹងកើតឡើង ដោយផ្អែកតាមទិន្នន័យឆ្នាំកន្លងៗមក ហើយនៅសប្តាហ៍កន្លងទៅសមាគមក៏បានកោះប្រជុំសមាជិកដើម្បីជជែកគ្នាពីបញ្ហានេះ ដើម្បីត្រៀមរៀបចំជួយដល់បងប្អូនកសិករដែលរងផល់ប៉ះពាល់។

លោកបញ្ជាក់ថា ៖ «វិស័យមីក្រូហរិញ្ញវត្ថុទាំងមូល បានឯកភាពគ្នាជាគោលការណ៍ថា នឹងជួយដល់បងប្អូនកសិករដែលរងផលប៉ះពាល់ តាមរយៈការផ្តល់នូវលក្ខខណ្ឌអនុគ្រោះផ្សេងៗ  និងសម្របតាមការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាល »

បើតាមការបញ្ជាក់របស់ប្រមុខរាជរដ្ឋាភិបាលឱ្យដឹងថា ប្រជាពលរដ្ឋប្រមាណជាង១៩.០០០គ្រួសារបានរងផលប៉ះពាល់បណ្ដាលមកពីទឹកជំនន់។រាជរដ្ឋាភិបាលក៏ថែមទាំងរៀបចំកញ្ចប់​ថវិកាជំនួយសង្គមជូនពលរដ្ឋដែលរងផលប៉ះពាល់ធ្ងន់ធ្ងរថែមទៀតផងដែលរដ្ឋត្រូវចំណាយថវិកាជាតិប្រមាណពីរលានដុល្លារ៕ ដោយ៖ វណ្ណ ស័ក្តិ

ads banner