ខ្សែភាពយន្តរឿង «វិលវិញសេអ៊ូល» ដឹកនាំដោយលោក ជូ ដេវី ត្រូវជ្រើសរើសឱ្យតំណាងកម្ពុជា ទៅប្រកួតយកពានរង្វាន់អូស្កាលើកទី៩៥
ភ្នំពេញ៖ខ្សែភាពយន្ត «Return to Seoul ឬ វិលវិញសេអ៊ូល» របស់សមិទ្ធករភាពយន្តកូនខ្មែរកាត់បារាំង ជូ ដេវី ត្រូវបានគណៈកម្មាធិការជម្រើសភាពយន្តកម្ពុជា ជ្រើសរើសជាខ្សែភាពយន្តតំណាងប្រទេសកម្ពុជា ទៅប្រកួតប្រជែងយកពានរង្វាន់ពិភពលោក ក្នុងកម្មវិធីពានរង្វាន់អូស្កាលើកទី៩៥។ ពានរង្វាន់អូស្កាលើកទី៩៥ ដែលនឹងត្រូវរៀបចំធ្វើនៅថ្ងៃអាទិត្យ ទី១២ ខែមីនា ឆ្នាំ២០២៣។ នេះបើតាមសេចក្ដីប្រកាសរបស់ផលិតកម្ម Anti-Archive ចេញផ្សាយនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២។
ភាពយន្ត «វិលវិញសេអ៊ូល» ឆ្លុះបញ្ចាំងពីខ្សែជីវិតរបស់នារីជនជាតិបារាំងដើមកូរ៉េម្នាក់ឈ្មោះ ហ្វ្រេតឌី។ ហ្វ្រតឌីត្រូវបានគ្រួសារបារាំងយកទៅចិញ្ចឹមតាំងពីតូច ហើយអំឡុងពេលដែលរូបនាងវិលត្រឡប់មកប្រទេសកូរ៉េវិញជាលើកដំបូង ហ្វ្រេតឌី បានសម្រេចចិត្តតាមស្វែងរកដើមកំណើតខ្លួន។ ដ្បិតតែជាមានដើមកំណើតជាជនជាតិកូរ៉េ នារីរូបនេះស្គាល់តិចតួចណាស់ពីវប្បធម៌របស់កូរ៉េ។
បើតាមការគូសបញ្ជាក់របស់ផលិតកម្ម Anti-Archive ភាពយន្តនេះនិពន្ធឡើងដោយផ្អែកទៅលើខ្សែជីវិតពិតខ្លះៗរបស់មិត្តភក្តិជិតស្និទ្ធផ្ទាល់របស់លោក ជូ ដេវី។ បន្ថែមពីលើនោះ អ្នកដឹកនាំរឿង គឺលោក ជូ ដេវី ក៏បានដកស្រង់នូវបទពិសោធន៍ផ្ទាល់ខ្លួនក្នុងជំហរជាកូនខ្មែរ ចាប់កំណើតនៅប្រទេសបារាំង ហើយបានត្រឡប់មកនៅកម្ពុជាវិញជាងមួយទសវត្សមកនេះ។
«វិលវិញសេអ៊ូល» ផលិតដោយមានកិច្ចសហការរួមគ្នារវាងផលិតកម្មភាពយន្តបារាំង Aurora Films រួមសហការផលិតជាមួយផលិតកម្មភាពយន្តខ្មែរ Anti-Archive ផលិតកម្មអាល្លឺម៉ង់ Vandertastic Films ផលិតកម្មបែលហ្ស៊ិក Frakas Pictures និងផលិតកម្មកូរ៉េ នៃ MereCinema។
បន្ទាប់ពីបានចាក់បញ្ចាំងជាផ្លូវការលើកដំបូងនៅក្នុងមហោស្រពភាពយន្តទីក្រុងកាន ប្រទេសបារាំង នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ នៅផ្នែក Un Certain Regard រួចមក «វិលវិញសេអ៊ូល» បានបន្តចាក់បញ្ចាំងនៅតាមមហោស្រពភាពយន្តធំៗនៅទូទាំងពិភពលោក រួមមាន ទីក្រុងតូរុនតូ ញូវយ៉ក និង ប៊ូសាន។ ថ្មីៗនេះ ភាពយន្តវិលវិញសេអ៊ូល បានទទួលពានរង្វាន់ប្រជាប្រិយភាពនៅមហោស្រពភាពយន្តអន្ដរជាតិហាំតុន ក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក និងទទួលបានរង្វាន់ខ្ពស់បំផុតនៅមហោស្រពភាពយន្តអន្ដរជាតិទីក្រុងអាថែន ក្នុងប្រទេសក្រិក។ ខ្សែភាពយន្តដដែលនេះ ត្រូវបានជ្រើសរើសឈរឈ្មោះប្រកួតយកពានរង្វាន់ពីរ គឺខាងផ្នែកខ្សែភាពយន្តឆ្នើមជាងគេ និងអ្នកដឹកនាំឆ្នើមជាងគេ នៅក្នុងការប្រគល់ពានរង្វាន់ភាពយន្តអាស៊ីប៉ាស៊ីហ្វិក ដែលនឹងធ្វើឡើងនៅខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខ។
នៅប្រទេសកម្ពុជា ទស្សនិកជននឹងអាចទស្សនាខ្សែភាពយន្តវិលវិញសេអ៊ូលនៅតាមរោងភាពយន្តទូទាំងប្រទេស នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ និងជាការចាក់បញ្ចាំងតាមរោងកុនជាលើកដំបូងក្នុងពិភពលោក។ ចំណែកនៅអាមេរិកខាងជើង ក្រុមហ៊ុន Sony Pictures Classics បានទទួលទិញសិទ្ធិផ្ដាច់មុខទៅលើភាពយន្តនេះ ហើយនឹងមានគម្រោងចែកចាយនៅសហរដ្ឋអាមេរិកនាពេលខាងមុខ។
លោក ជូ ដេវី ដែលជាអ្នកនិពន្ធ ជាអ្នកដឹកនាំ និងជាផលិតករពាក់ព័ន្ធនៃខ្សែភាពយន្តវិលវិញសេអ៊ូល បានបង្ហាញពីចំណាប់អារម្មណ៍បន្ទាប់ពីខ្សែភាពយន្តរបស់លោកត្រូវបានជ្រើសតំណាងប្រទេសកម្ពុជា ក្នុងព្រឹត្តិការណ៍ Academy Awards ឬ អូស្កា យ៉ាងដូច្នេះ៖ «ខ្ញុំពិតជាមានកិត្តិយសជាខ្លាំងដែលគណៈកម្មាធិការជម្រើសភាពយន្តកម្ពុជាសម្រាប់ពានរង្វាន់អូស្កា (COSC) បានជ្រើសយកភាពយន្តមួយនេះ។ វាពិតជាមានន័យណាស់សម្រាប់ខ្ញុំ ដែលអាចនឹងតំណាងប្រទេសកម្ពុជាជាមួយខ្សែភាពយន្តមួយនេះ»។ លោក ដេវី បន្ត៖ «ខ្ញុំសង្ឃឹមថា ខ្សែភាពយន្តខ្មែរក្រោយៗ នឹងមានភាពជោគជ័យបន្តទៀតនៅលើឆាកអន្ដរជាតិ»។
ដោយឡែក លោក នាង កាវិច ដែលជាផលិតករពាក់ព័ន្ធនៃភាពយន្តនេះ ហើយក៏ជាប្រធានផលិតកម្ម Anti-Archive បានសម្ដែងក្ដីមោទកភាពចំពោះដំណឹងដ៏រីករាយនេះ។ លោក នាង កាវិច៖ «ពួកយើងពិតជាមានមោទកភាពណាស់ ដែល ដេវី និងភាពយន្តថ្មីរបស់គាត់បានទទួលស្គាល់ពីគណៈកម្មការអូស្កា។ នេះជារឿងទីពីររបស់ផលិតកម្ម Anti-Archive ដែលបានបញ្ជូនទៅអូស្កាសម្រាប់តំណាងកម្ពុជា បន្ទាប់ពីខ្សែភាពយន្ត ប៊ូឌីញ ស ឬ White Building កាលពីឆ្នាំមុន»។ សម្រាប់លោក នាង កាវិច នេះគឺជាកិត្តិយសដ៏ធំសម្រាប់ផលិតកម្ម Anti-Archive ដែលទើបនឹងចាប់ផ្ដើម ហើយលោកបានប្ដេជ្ញាបន្តផលិតខ្សែភាពយន្តដែលឆ្លុះបញ្ចាំងអំពីប្រទេសកម្ពុជា និងបង្ហាញពីអត្តសញ្ញាណខ្មែរ តាមរយៈទិដ្ឋភាពដែលមិនធ្លាប់ឃើញពីមុនមក។
គួរបញ្ជាក់បន្ថែមថា ក្រោយពីការដាក់ឯកសារទៅ The Academy ខ្សែភាពយន្ត វិលវិញសេអ៊ូល នឹងត្រូវទទួលការពិចារណាក្នុងការឈរឈ្មោះសម្រាប់ពានរង្វាន់អូស្កាផ្នែកភាពយន្តឆ្នើមអន្ដរជាតិ ជាមួយនឹងភាពយន្តដទៃទៀតមកពីទូទាំងពិភពលោក។ ក្នុងចំណោមនោះ ភាពយន្តចំនួន៥ នឹងត្រូវឈរឈ្មោះបោះឆ្នោតពីសមាជិក The Academy ដើម្បីជ្រើសរើសយកភាពយន្តជ័យលាភីអូស្កា ដែលនឹងត្រូវប្រារព្ធឡើងនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣៕
ដោយ៖កែវ កិរិយា