បៃដិន​ នឹង​បញ្ចេញ​ប្រេង​ ១៥ លាន​បារ៉ែល​ពី​កន្លែង​ស្ដុក​ប្រេង​របស់​​អាមេរិក​

អាមេរិក៖មន្ត្រី​ជាន់​ខ្ពស់​អាមេរិក​ម្នាក់​បាន​អះ​អាង​ថា​​ លោក​ប្រធានាធិបតី​ ចូ បៃដិន​ ​នឹង​ប្រកាស​នៅ​ថ្ងៃ​​​ពុធ​ទី​ ១៩ ខែ​តុលា​នេះ​​ អំពី​ការ​បញ្ចេញ​ប្រេង​ ១៥ លាន​បារ៉ែល​ ចេញ​ពី​កន្លែង​ស្តុក​ទុក​យុទ្ធ​សាស្រ្ត​​ ហើយ​ការ​បញ្ចេញ​​បែប​នេះ​ អាច​នឹង​កើត​មាន​ជា​បន្ត​បន្ទាប់​ប្រសិន​បើ​តម្លៃ​​កើន​ឡើង​ខ្ពស់​។ ​

​មន្ត្រី​ជាន់​ខ្ពស់​អាមេរិក​ បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​ អាអេហ្វប៉េ(AFP )ដោយមិនបញ្ចេញឈ្មោះ​​កាល​ពី​ថ្ងៃ​អង្គារ​ថា​ ការ​បញ្ចេញ​​​ប្រេង​ថ្មី​ពី​កន្លែង​ស្តុក​​​បម្រុង​ជា​យុទ្ធសាស្ត្រ ​នឹង​បញ្ចប់​​ផែន​ការ​​បញ្ចេញ​ប្រេង​ ១៨០ លាន​បារ៉ែល​ ដែល​ទទួល​បាន​ការ​អនុញ្ញាត​កាល​ពី​ដើម​ឆ្នាំ​នេះ​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​ឡើង​ថ្លៃ​​នៃ​តម្លៃ​ថាម​ពល​ ដោយ​សារ​តែ​ការ​ឈ្លាន​ពាន​អ៊ុយក្រែន​​របស់​រុស្ស៊ី​។ ​

គួរ​រំឭក​ថា​ ការ​សម្រេច​ចិត្ត​បញ្ចេញ​ប្រេង​​ពី​ក្នុង​ស្ដុង​ ដែល​ទុក​សម្រាប់​​ពេល​បន្ទាន់​សំខាន់​ គឺ​ជា​យុទ្ធ​សាស្រ្ត​របស់​លោក​ បៃដិន​ ក្នុង​ការ​ធ្វើ​ឱ្យ​​​ទីផ្សារ​ថាមពល​ស្ងប់​ស្ងាត់ ​និង​ការពារ​សេដ្ឋកិច្ច​អាមេរិក​ ពី​ការ​ប៉ះ​ពាល់​ខ្លាំង​ៗ​ពី​សង្រ្គាម​នៅ​អ៊ុយក្រែន​។ ​

​​ក្រុម​ហ៊ុន​នាំ​ចេញ​ថាមពល​ដ៏​ធំ​របស់​រុស្ស៊ី​ បាន​រង​ការ​វាយ​ប្រហារ​ដោយ​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក​ និង​អឺរ៉ុប​ភ្លាម​ៗ​ បន្ទាប់​ពីរុស្ស៊ី​ចូល​លុក​លុយ​អ៊ុយក្រែន​ក្នុង​ខែ​កុម្ភៈ​ ដែល​បង្ក​ឱ្យ​មាន​ភាព​ចលាចល​លើ​ទីផ្សារ​។​ លើស​ពី​នេះ​ វិមាន​ក្រឹមឡាំង​បាន​គំរាម​ប្រើ​ប្រាស់​ឥទ្ធិពល​របស់​ខ្លួន​ លើ​ការ​ផ្គត់​ផ្គង់​ថាមពល​ជាអាវុធ​សេដ្ឋកិច្ច​ប្រឆាំង​នឹង​លោក​ខាង​លិច ​ដែល​គាំទ្រ​ដល់​ការ​ប្រយុទ្ធ​របស់​អ៊ុយក្រែន​ ដើម្បី​ទប់​ទល់​នឹង​ការ​ឈ្លាន​ពាន​របស់​ខ្លួន​។

ការ​សម្រេច​ចិត្ត​លើក​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​ក្រុម​ប្រទេស​នាំ​ចេញ​ប្រេង​កាត​អូប៉ិច​ ព្រម​ព្រៀង​គ្នា​លើ​ការ​កាត់​បន្ថយ​ផលិកម្ម​ប្រេង​ចាប់​ពីដើម​​ខែ​ក្រោយទៅ​​ ដែល​គេ​រំពឹង​ថា ​នឹង​ធ្វើ​ឱ្យ​តម្លៃ​ប្រេង​ពិភព​លោក​​ហក់​ឡើង​ខ្ពស់​ជា​ថ្មី​។

ប៉ុន្តែ​ជាមួយ​គ្នា​នោះ​ផង​ដែរ​ តម្លៃ​ប្រេងក្នុង​ស្រុកឡើង​​ថ្លៃ​ គឺ​ជា​កង្វល់​ដ៏​ធំ​សម្រាប់​លោក​ បៃដិន។ កាល​ពី​ប៉ុន្មាន​ខែ​មុន​ តម្លៃ​ប្រេង​នៅ​សហរដ្ឋ​អាមេរិក​ បាន​ឡើង​​ជា​មធ្យម​លើស​ពី​ ៥ ដុល្លារ​អាមេរិក​ក្នុង​មួយ​ហ្គា​ឡុង​ ដែល​បង្ក​ឱ្យ​មាន​កំហឹង​ទូទាំង​ប្រទេស​។​ ​ខណៈ​ពេល​ដែល​តម្លៃ​ បាន​ធ្លាក់​ចុះ​​មក​ទល់​ពេល​នេះ​

អតិផរណា​នៅ​តែ​ជា​កត្តា​ដ៏​ធំ​បំផុត​ ដែល​ជំរុញ​ឱ្យ​​​រដ្ឋ​បាល​បៃដិន​ មាន​ការ​ព្រួយ​បារម្ភ​ជា​ថ្មី​ មុន​ការ​បោះ​ឆ្នោត​ពាក់​កណ្ដាល​អាណត្តិ​នៅ​ខែ​វិច្ឆិកា​ ខាង​មុខ។​ 

ប៉ុន្តែ​បន្ថែម​ពី​នេះ​ រដ្ឋបាល​ បៃដិន​ ​បាន​អះ​អាង​ថា​ ខ្លួន​គ្រោង​នឹង​ស្តុក​ទុក​ប្រេង​ឡើង​វិញ​ភ្លាម​ៗ​ នៅ​ពេល​ដែល​តម្លៃ​ប្រេង​ធ្លាក់​ចុះ​ពី​ ៦៧​ ទៅ ​៧២ ​ដុល្លារ​ក្នុង​មួយ​បារ៉ែល​។ តម្លៃ​​ប្រេ​ង​ឆៅ​​របស់​​អាមេរិក​នា​ពេល​នេះ​ ​មាន​​​​ប្រហែល​ ៨២ ​ដុល្លារ​​ក្នុង​​មួយ​​បារ៉ែល​៕

ដោយ៖ហួន ឌីណា ​ ប្រភព៖ Biden to release 15 million barrels from US oil reserves: Official

ads banner