បុរសម្នាក់ ត្រូវតុលាការកំពូល ជម្រះបណ្តឹងសាទុក្ខ ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន ជិត ២គីឡូក្រាម

ភ្នំពេញ ៖ តុលាការកំពូល នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ បានធ្វើការ ជំនុំជម្រះលើបណ្ដឹងសាទុក្ខរបស់ បុរសម្នាក់ ជាជនជាប់ចោទ ដែលតុលាការថ្នាក់ក្រោម កាត់ទោសដាក់ពន្ធនាគារ ២០ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការ រក្សាទុក និងជួញដូរគ្រឿងញៀន ជិត ២គីឡូក្រាម ប្រព្រឹត្តនៅគោលដៅ ២ផ្សេងគ្នា កាលពីអំឡុងឆ្នាំ ២០១៩ នាពេលកន្លងទៅ។ ក្នុងនោះ គោលដៅទី១: នៅចំណុចចំណុចផ្ទះហ្គេមអ៊ីនធើណេត ៧៧៧៧ ខាងក្រោយផ្សារសុវណ្ណា សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។ គោលដៅទី២: នៅចំណុចក្នុងផ្ទះលេខ២៨AZ ផ្លូវលេខ២៧៨ សង្កាត់អូឡាំពិក ខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ នៃតុលាការកំពូល លោក និល ណុន បានឱ្យដឹងថា ជនជាប់ចោទខាងលើរូបនេះ មានឈ្មោះ អាន វាសនា ភេទប្រុស អាយុ ៣៧ ឆ្នាំ កើតឆ្នាំ១៩៨៤។

ក្នុងសំណុំរឿងនេះ ជនជាប់ចោទ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ កាត់ទោស ដាក់ពន្ធនាគារកំណត់ ២០ឆ្នាំ និងពិន័យជាប្រាក់ចំនួន៤០លានរៀល សម្រាប់បង់ចូលថវិការដ្ឋ ក្រោមការចោទប្រកាន់ពីបទ: រក្សាទុក និងជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន មាត្រា៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។ តែជនជាប់ចោទ បានប្តឹងឧទ្ធរណ៍ តែសាលាឧទ្ធរណ៍ រាជធានីភ្នំពេញ បានតម្កល់សាលក្រមរបស់តុលាការថ្នាក់ក្រោម តែបានកែប្រែទោសរបស់គាត់ ពីត្រូវជាប់គុក២០ឆ្នាំ មកត្រឹម ១៧ឆ្នាំវិញ។ តែបើកផ្លូវឱ្យគាត់ ប្តឹងសាទុក្ខទៅកាន់តុលាការកំពូល តាមនីតិវិធីច្បាប់។

សបញ្ជាក់ថា ជនជាប់ចោទ ត្រូវបានសមត្ថកិច្ចជំនាញចាប់ឃាត់ខ្លួន នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩។ បន្ទាប់ពីឃាត់ខ្លួន សមត្ថកិច្ចជំនាញ ធ្វើការដកហូតបាន គ្រឿងញៀន ជាប្រភេទមេតំហ្វេតាមីន គ្រាប់(WY) ទម្ងន់១៧៧.៤៦ក្រាម និងអ៊ិចស្តាស៊ីគ្រាប់ និងម្សៅទម្ងន់ ១,៩៣៣.៩៦ក្រាម សរុបទម្ងន់២.១១១គីឡូក្រាម។ ចំពោះ ក្នុងសំណុំរឿងនេះ ត្រូវបានតុលាការកំពូលនឹងប្រកាសដីកា នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ នាពេលខាងមុខ៕ ដោយ៖ ឆៃហួត និងប៊ុនធី

ស៊ូ ប៊ុនធី
ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។
ads banner
ads banner
ads banner