ឱកាសនិងបញ្ហាប្រឈមរបស់រដ្ឋមន្ត្រីកសិកម្មថ្មីក្នុងក្រសែភ្នែកអ្នកជំនាញកសិកម្មនៅកម្ពុជា
ភ្នំពេញ៖អ្នកជំនាញកសិកម្មបានមើលឃើញពីសក្តានុពលនៃរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទថ្មី ដែលជាយុវជនបន្តវេនវ័យក្មេងឆ្លងកាត់ការអប់រំខ្ពស់ ជាបញ្ញវន្តដែលមានចក្ខុវិស័យវែងឆ្ងាយសម្រាប់វិស័យកសិកម្ម ដែលជាទីសង្ឃឹមថ្មីសម្រាប់ប្រជាកសិករកម្ពុជា ។ប៉ុន្តែអ្នកជំនាញយល់ថា រដ្ឋមន្រ្តីថ្មីនេះត្រួវចាយពេលវេលាយូរ និងជាកិច្ចការលំបាកមួយក្នុងការសម្រេចនូវការកែប្រែវិស័យកសិកម្មនៅកម្ពុជា តាមការប្តេជ្ញារបស់រដ្ឋមន្ត្រីថ្មីនេះ។
លោកសុខ រ៉ាដែន ប្រធានសមាគមវារីវប្បកម្ម មានប្រសាសន៍ថា ទោះបីជាឯកឧត្តម ឌិត ទីណា គ្មានបទពិសោធន៍ច្រើនលើផ្នែកកសិកម្មក្តី តែលោកយល់ថា រដ្ឋមន្ត្រីថ្មីនេះជាបញ្ញវន្តជាន់ខ្ពស់ដែលអាចជាទីពឹងបានសម្រាប់កសិករ។សម្រាប់លោក សុខ រ៉ាដែន មានសុទិដ្ឋិនិយមខ្ពស់ណាស់ សម្រាប់ការចូលកាន់ដំណែងជារដ្ឋមន្រ្តីក្រសួងកសិកម្មថ្មី ។ លោកថា រដ្ឋមន្ត្រីថ្មីវ័យពេញកម្លាំង និងមានចក្ខុវិស័យថ្មី ហើយជាមនុស្សដែលមានឆន្ទៈខ្ពស់ ជាកត្តានាំមកភាពរីកចម្រើនដល់កសិកម្មកម្ពុជា។
លោកសុខ រ៉ាដែន ៖« បងប្អូនវារីវប្បករយើងចេះតែទំនាក់ទំនងមកតាមរយៈបណ្តាញទំនាក់ទំនងសង្គម ចេះតែឱ្យយោបល់ ហើយពួកគាត់ចាំសម្លឹងមើល ហើយខ្ញុំក៏សង្ឃឹមដែរ ព្រោះរដ្ឋមន្ត្រីថ្មី ជាអ្នកបន្តវេនវ័យក្មេង ជាបញ្ញវន្តមានគំនិតថ្មី ដែលជាក្តីសង្ឃឹមយ៉ាងមុតមាំរបស់យើង »។
លោកសុខ រ៉ាដែន គូសបញ្ជាក់ថា អ្វីដែលប្រជាកសិករខ្មែរភាគច្រើនចង់បាន ពីរដ្ឋមន្ត្រីកសិកម្មថ្មីនេះ គឺតម្លាភាពរវាងការនាំចូល និងនាំចេញ ផលិតផលកសិកម្ម និងការត្រួតពិនិត្យពីសុខសុវត្ថិភាពកសិផល តាមទីផ្សារនានា ។
ចំណែក លោក ស្រ៊ុន ពៅ ប្រធានសមាគចិញ្ចឹមសត្វវិញ លើកឡើងថា លោកមានក្តីសង្ឃឹមចំពោះ រដ្ឋមន្ត្រីក្រសួងកសិកម្មថ្មីនេះ ក្នុងការចូលខ្លួនមកដោះស្រាយបញ្ហាកសិកម្មកម្ពុជាដែលកំពុងកកស្ទះ ទោះបីមានវ័យក្មេងក្តី កាលណាទទួលដំណែងហើយនឹងក្លាយជាអាណាព្យាបាលប្រជាកសិករហើយ។
លោកស្រ៊ុន ពៅ បានគូសបញ្ជាក់ពីកម្សោយនៃប្រព័ន្ធទីផ្សារកសិផលខ្មែរ ជាពិសេសផ្នែកកសិផលសាច់សត្វ ដែលលោកសង្កត់ធ្ងន់ថា៖« កសិករចិញ្ចឹមសត្វកំពុងពិបាកស្វែងរកទីផ្សារផលិតផលខ្លួនខ្លាំងណាស់។ខ្ញុំសង្ឃឹមថា រដ្ឋមន្ត្រីក្រសួងកសិកម្មថ្មី ក៏ដូចជាភាគីពាក់ព័ន្ធស្វែងរកដំណោះស្រាយ និងជ្រោមជ្រែងវិស័យចិញ្ចឹមសត្វនៅកម្ពុជាឲ្យមានភាពប្រសើរឡើង កុំឲ្យស្រុតចុះ»។
លោកថេង សាវឿន ប្រធានប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) បញ្ជាក់ថា នៅកម្ពុជាសព្វថ្ងៃកំពុងប្រឈមបញ្ហាចំនួនបួនធំៗ រួមមាន៖ ទី១ .បញ្ហាទឹក ឬប្រព័ន្ធធារាសាស្ត្រសម្រាប់ការធ្វើកសិកម្ម ,ទី២. ការកែច្នៃ វេចខ្ចប់ ផលិតផលកសិកម្ម ,ទី៣. បញ្ហាទីផ្សារកសិផលដែលត្រូវរៀបចំ និងទី៤. គឺ កង្វះទុនសម្រាប់កសិករ ឬសហគ្រាសខ្នាតតូច ដែលរងចាំវត្តមានរដ្ឋមន្ត្រីក្រសួងកសិកម្មថ្មីមកដោះស្រាយ។
លោក ថេង សាវឿន គាំទ្រលើការប្តេជ្ញាចិត្តរបស់ឯកឧត្តម ឌិត ទីណា ចំពោះបញ្ហាកសិកម្ម បញ្ហាទីផ្សារកសិកម្ម និងបញ្ហាព្រៃឈើជាដើម ។លោកសាវឿន៖« ការលើកឡើងរបស់រដ្ឋមន្ត្រីថ្មីនេះ ជារឿងល្អ ក៏ប៉ុន្តែ ជាកិច្ចការងារលំបាកទាមទាររយៈពេលយូរអង្វែងក្នុងការដោះស្រាយស្របនឹងលោកឌិត ទីណា មានបទពិសោធន៍ក្មេងខ្ចីលើវិស័យកសិកម្មផងនោះ»។
មិនសូវខុសពីលោកថេង សាវឿន ប៉ុន្មានឡើយ លោក យ៉ង សាំងកុមារ ប្រធានគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងជាអ្នកជំនាញខាងកសិកម្មមួយរូប បានលើកឡើងថា វ័យក្មេង ឬវ័យចាស់ គឺមិនសំខាន់ឡើយ ប៉ុន្តែត្រូវធ្វើយ៉ាងកំណត់គោលនយោបាយឲ្យបានត្រឹមត្រូវ និងយល់ដឹងពីតម្រួវការរបស់ប្រជាកសិករច្បាស់លាស់។
លោកយ៉ង សាំងកុមារ៖« ទី១ គឺគោលនយោបាយនិងយុទ្ធសាស្រ្តតម្រង់ទិសក្នុងការលើកកម្ពស់ជីវភាពប្រជាកសិករដែលកំពុងមានវិបត្តិ ជាពិសេសកសិករតូចតាច។ ទី២ គឺថវិកាជាតិដើម្បីទ្រទ្រង់គោលនយោបាយវិស័យកសិកម្ម ដើម្បីដោះស្រាយបញ្ហាប្រឈមតួយ៉ាង បញ្ហាទុន បច្ចេកទេសកសិកម្ម ប្រព័ន្ធធារាសាស្រ្ត និងទីផ្សារកសិកម្ម។ ទី៣ បញ្ហាធនធានទឹក ដែលកំពុងរាំងស្ទះផលិតភាពរបស់កសិករ ជាពិសេសនៅតាមទីជនបទ»។
ពីឯកឧត្តម ឃុន សាវឿន អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ទោះបីឯកឧត្តម ឌិត ទីណា មានបទពិសោធន៍តិចផ្នែកកសិកម្មក្តី ក៏មិនមែនជាឧបសគ្គក្នុងដំណើរការការងារនោះដែរ ព្រោះក្នុងឋានៈជារដ្ឋមន្ត្រី ជាកិច្ចការផ្តោតសំខាន់លើការងារនយោបាយ ខុសពីមន្ត្រីជំនាញដែលទាមទារបទពិសោធន៍និងចំណេះដឹងតាមវិស័យផ្សេងៗ។
លោក ឃុន សាវឿន ថា ៖ «ទាំងខ្ញុំនិងគេ មានក្តីសង្ឃឹមណាស់ ចំពោះវត្តមានលោកឌិត ទីណា ហើយយើងសង្ឃឹមថា ថ្ងៃអនាគត យើងនឹងមានដំណោះស្រាយដ៏ប្រសើរមួយ ដែលគេហៅថា កំណែទម្រង់ក្នុងវិស័យកសិកម្ម ព្រោះកសិកម្មមិនមែនតែជាការដាំដុះ និងចិញ្ចឹមសត្វតែប៉ុណ្ណោះទេ វាមានច្រើនណាស់ »។
កាលពីថ្ងៃទី១៧ ខែតុលានោះនៅក្នុងសន្និសីទសារព័ត៌មានមួយធ្វើឡើងនៅទីស្តីការក្រសួងកសិកម្ម រដ្ឋមន្ត្រីក្រសួងកសិកម្មថ្មី ឯកឧត្តម ឌិត ទីណា បានលើកឡើងថា ប្រយោជន៍របស់ប្រជាពលរដ្ឋខ្មែរគឺជាអាទិភាពនៃការចូលមកកាន់ការងារថ្មីរបស់លោក។
លោកបានបន្តថា បើទោះលោកមិនទាន់មានបទពិសោធន៍ក្នុងវិស័យកសិកម្មក្តី តែលោកជាអតីតមន្ត្រីជាន់ខ្ពស់នៅក្រសួងចំនួន២ រួចទៅហើយ នោះគឺក្រសួងរ៉ែ និងថាមពល ព្រមទាំងក្រសួងពាណិជ្ជកម្ម ផង ដែលលោកប្តេជ្ញាថានឹង ជួយជ្រោមជ្រែងកសិករ និងវិស័យកសិកម្មកម្ពុជាឲ្យមានភាពរីកចម្រើនលើកិច្ចការសំខាន់ៗមួយចំនួន ដែលរួមមានការស្វែងយល់ពីទីផ្សារកសិកម្ម និងតម្រូវការសម្រាប់ផលិតផលកសិកម្មជាដើម។
ឯកឧត្តម ឌិត ទីណា ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យតែងតាំងជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី១៤ តុលា និងបានចូលកាន់តំណែងនៅថ្ងៃទី១៧ តុលា។ លោក ឌិត ទីណា ជាអតីតរដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល៕
ដោយ៖ សំបាន ច័ន្ទដារ៉ា