បន្ថយចំណាយមិនចាំបាច់ នឹងរួមចំណែកកាត់បន្ថយភាពខ្វះខាតនៅក្នុងគ្រួសារដែលរងផលប៉ះពាល់ពីអតិផរណា

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ទប់ស្កាត់ចំណាយមិនចាំបាច់អាចរួមចំណែកកាត់បន្ថយភាពខ្វះខាតនៅក្នុងគ្រួសារ ដែលបណ្ដាលមកពីបញ្ហាអតិផរណា។ អ្នកសេដ្ឋកិច្ចបានប្រាប់ពីដំណោះស្រាយនេះ នៅក្នុងពេលដែលពលរដ្ឋមួយចំនួនត្អូញត្អែរថា ពួកគេរកបានត្រឹមតែមួយទប់ការចំណាយប្រចាំថ្ងៃតែមិនសល់សម្រាប់ការបម្រុងទុកដើម្បីដោះស្រាយ​បញ្ហាបន្ទាន់មួយចំនួននៅចំពោះដូចជា បញ្ហាសុខភាព កម្មវិធីបុណ្យទាន មង្គលការជាដើម។  

លោក ង៉ែត ជូរ អ្នកស្រាវជ្រាវផ្នែកសេដ្ឋកិច្ចលើកឡើងថា «នៅក្នុងបរិបទដែលអតិផរណាកំពុងកើនឡើងពលរដ្ឋមានចំណូលទាបពួកគេរកបានគ្រាន់តែទប់ការចំណាយ ហើយពួកគេប្រឈមនឹងការខ្វះមុខខ្វះក្រោយ ដូច្នេះមានតែបង្ខំចិត្តកាត់បន្ថយចំណាយមិនចាំបាច់»។

បើតាមលោក ង៉ែត ជូរ ពលរដ្ឋមានចំណូលទាបត្រូវបង្ខំចិត្តខ្ចីបុលបន្ថែម ហើយអ្នកខ្លះដែលបញ្ចេញធនធានដែលបម្រុងទុកដើម្បីទប់ភាពខ្វះ​ខាត។ លោកបន្តថា៖«ជាយន្តការដើម្បីទប់ទល់គឺត្រូវលក់សត្វចិញ្ចឹមរបស់ខ្លួនដូចជាៈ មាន់ ទា សត្វពាហនៈអីជាដើមហ្នឹង ហើយអ្នកខ្លះទៀតគាត់ត្រូវលក់ទ្រព្យសន្សំដូចជាៈមាស ជាប្រាក់ សម្រាប់ដោះទាល់ក្នុងការព្យាបាលជំងឺនិងចំណាយចាំបាច់ ដូចជាបញ្ជូនកូនទៅសាលា ហើយខ្លះទៅក៏ពឹងពាក់បងប្អូនសាច់ញាតិក្នុងការខ្ចីប្រាក់ដើម្បីដោះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទាល់ដែរ។ មានតែធ្វើបែបហ្នឹងទេទើបអាចដោះទាល់ទាន់តាមសភាពជាក់ស្ដែង»។

ជាអ្នកលក់ម្ហូបបាយសម្លនៅទីសាធារណៈមួយកន្លែងក្នុងរាជធានីភ្នំពេញ អ្នកស្រី ស៊ឹម ផារ៉េត ប្រាប់ថា នៅចំពោះមុខទំនិញឡើងថ្លៃ។អ្វីៗសព្វមុខឡើងថ្លៃ បានប្រែក្លាយគាត់ជាកូនបំណុលទៅវិញ។ ក្នុងសំណើចហួសចិត្តពេលនិយាយដល់ចំណុចនេះអ្នកស្រីសង្កត់ធ្ងន់ថា«ពីមុនអត់ដែរខ្ចីលុយគេទេ ឥលូវទៅជាចេះខ្ចីដើម្បីបង្វិលការចំណាយលើកមួយដាក់មួយ»។

ជាង១០ឆ្នាំក្នុងរបរលើដងផ្លូវស្ត្រីរូបនេះកត់សម្គាល់ថា បើធៀបនឹងកាលពី១០ឆ្នាំមុននិងបច្ចុប្បន្នតម្លៃទំនិញឡើងអាក្រក់មិនធ្លាប់មានទោះជាតម្លៃប្រាក់ខែបច្ចុប្បន្នត្រូវបានដំឡើងក៏ដោយ។ អ្នកស្រី ផារ៉េតបន្ត«ពីមុនខ្ញុំលក់បាយដាក់សាច់តែ២ ០០០រៀលទេ ឥលូវ៤ ០០០រៀល។ ចំណែកឥវ៉ាន់សម្រាប់លក់ចំណាយធ្លាប់តែ១០ម៉ឺនកើនដល់២០ម៉ឺនដែលគិតទៅតម្លៃឡើងគុណមួយជាពីរ។ ទោះបីជាចំណូលខ្ញុំរកបានម្ងៃ២០ម៉ឺនរៀលរាប់ទាំងថ្លៃដើម ហើយត្រូវចំណាយដែលចាំបាច់ក្នុងមួយខែរង្វង់៣០០ដុល្លារដូចជា ថ្លៃសាលាកូន ផ្ទះជួល ទឹក ភ្លើង គ្មានប្រាក់សន្សំទុកទេ។ ពីមុនគ្រាន់មានប្រាក់សន្សំទុកនៅក្នុងខ្លះសម្រាប់បន្ទាន់បញ្ហាអីមួយ»។   

ចំណែកអាជីវករលក់ឥវ៉ាន់បោះដុំម្នាក់ទៀតសុំមិនប្រាប់ឈ្មោះគិតថា មិនចាំបាច់លើកឡើងថា ដើម្បីរក្សាម៉ូយអ្នកស្រីត្រូវបង្ខំចិត្តខាតថ្លៃដើម។ អ្នកស្រីបន្តថា៖«នៅពេលដែលទំនិញឡើងថ្លៃ ខ្ញុំជាអ្នកលក់ក៏ជាផលលំបាកដែរ ហើយភ្ញៀវដែលធ្លាប់មកទិញខ្ញុំនិងភ្ញៀវថ្មីគាត់តែងនិយាយថា ខ្ញុំលក់ថ្លៃអ៊ីចឹងណា។ ហើយឥវ៉ាន់ខ្លះឡើងថ្លៃអាចចុះឡើងវិញ តែឥវ៉ាន់ខ្លះឡើងថ្លៃបន្តឡើងព្រោះវានាំចូលពីក្រៅប្រទេសដែលត្រូវឆ្លងកាត់របាំងពន្ធគយ»។

នៅលើទីផ្សារបន្លែដែលធ្លាប់តែលក់ក្នុងតម្លៃថោកនិងសមរម្យបែរជាហក់ឡើងថ្លៃខ្ពស់មិនធ្លាប់មាន។ ជាក់​ស្ដែង ស្ពៃមួយគីឡូក្រាមក្នុងតម្លៃ៧ ០០០រៀល ខណៈត្រកួនមួយដុំ២ ០០០រៀល។

បញ្ហាអតិផរណា មិនបានធ្វើឱ្យរដ្ឋាភិបាលនៅស្ងៀមឡើយ ដោយបានប្រកាសពីគម្រោងផ្តល់សាច់ប្រាក់ជូនដល់ប្រជាពលរដ្ឋរងផលប៉ះពាល់ពីអតិផរណាប្រមាណ ៦០ម៉ឺន គ្រួសារ ដែលគិតជាចំនួនប្រជាជនប្រមាណពីរលាននាក់។

លោក ថេង បញ្ញាធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកអគ្គនាយកផែនការនៃក្រសួងផែនការ ពន្យល់ថា ពលរដ្ឋដែលអាចទទួលបានកញ្ចប់ជំនួយសង្គមពីផលប៉ះពាល់អតិផរណានេះ លុះត្រាតែជាប្រជាជនដែលមានបណ្ណស្នាក់នៅឬសៀវភៅគ្រួសារនៅក្នុងតំបន់ ខណៈនីតិវិធីនៃការផ្តល់ថវិកាដល់ពលរដ្ឋដែលរងផលប៉ះពាល់ដោយអតិផរណា ខុសគ្នាពីពលរដ្ឋដែលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩៕

ដោយ៖អេង រាជនី

ads banner