ម្ហូបអាហារឡើងថ្លៃខ្លាំង ជំរុញឱ្យអតិផរណាអង់គ្លេសឡើងខ្ពស់បំផុតក្នុងពេល៤០ឆ្នាំ

អង់គ្លេស៖ការកើនឡើងដ៏ខ្ពស់បំផុតនៃតម្លៃម្ហូបអាហារ ដែលមិនធ្លាប់មានតាំងពីឆ្នាំ១៩៨០មក បានរុញច្រានឲ្យអតិផរណារបស់អង់គ្លេសឡើងពីរខ្ទង់ កាលពីខែកញ្ញា។ ជាកម្រិតអតិផរណា ដែលខ្ពស់បំផុតមួយ ក្នុងរយៈពេល៤០ឆ្នាំចុងក្រោយ​។ អតិផរណាក្នុងប្រទេសនេះកំពុងបង្កផលប៉ះពាល់លើគ្រួសារ ដែលកំពុងប្រឈម នឹងវិបត្តិហិរញ្ញវត្ថុស្រាប់។

ការិយាល័យស្ថិតិជាតិអង់គ្លេសបាននិយាយថាសន្ទស្សន៍តម្លៃអ្នកប្រើប្រាស់(CPI) បានកើនឡើង ១០.១ភាគរយកាលពីខែកញ្ញាកន្លងទៅ។ ទិន្នន័យនេះ មិនខុសគ្នាប៉ុន្មានពីការស្ទង់មតិរបស់សារព័ត៌មាន Reuters ដែលបានចង្អុលបង្ហាញពីកើនឡើង ១០ភាគរយសម្រាប់ខែកញ្ញា ក្រោយពីអត្រាអតិផរណាមានកំណើន ៩.៩ភាគរយកាលពីខែសីហា។  

បើក្រឡេកមើលតម្លៃនៃប្រាក់ផោនរបស់អង់គ្លេសវិញ បានធ្លាក់ចុះមកតម្លៃ ១.១៣ដុល្លារ/ផោន ឬ០.២ភាគរយបន្ទាប់ពីព័ត៌មាននៃអត្រាអតិផរណារបស់អង់គ្លេសត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃទី១៩​​ ខែតុលានេះ​។

តម្លៃម្ហូបអាហារ និងគ្រឿងភេសជ្ជៈគ្មានជាតិអាល់កុលបានកើនឡើងខ្ពស់បំផុត ដោយសារតែអតិផរណា ពោលគឺ ម្ហូបអាហារ និងគ្រឿងភេសជ្ជៈបានឡើងថ្លៃប្រមាណ ១៤.៥ភាគរយ។ ជាអត្រាកើនឡើងដ៏ខ្ពស់បំផុតមួយចាប់តាំងពីខែមេសា ឆ្នាំ១៩៨០មក។ នេះបើយោងតាមទិន្នន័យសន្ទស្សន៍តម្លៃអ្នកប្រើប្រាស់។

លោក ប៉ូល ដេលីស(Paul Dales) ប្រធានសេដ្ឋវិទូនៃក្រុមហ៊ុនផ្នែកប្រឹក្សា Capital Economics បាននិយាយថា “តាមរយៈការចេញផ្សាយនៅថ្ងៃនេះ បង្ហាញពីគ្រោះថ្នាក់ដែលអតិផរណាមូលដ្ឋាននៅតែរឹងមាំ(ខ្ពស់) ទោះបីជាសេដ្ឋកិច្ចធ្លាក់ចុះក៏ដោយ។

លោកក៏បានចង្អុលបង្ហាញពីការកើនឡើងអតិផរណាស្នូល ដែលជាអត្រាអតិផរណាមិនរាប់បញ្ចូលតម្លៃអាហារ និងថាមពល គឺបានកើនឡើងដល់កម្រិតខ្ពស់ថ្មី នារយៈពេល ៣០ឆ្នាំចុងក្រោយ ពោលគឺមានអត្រាគ៦.៥ភាគរយកាលពីខែមុន។

ចក្រភពអង់គ្លេសបានទទួលរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារការកើនឡើងនៃតម្លៃឧស្ម័នធម្មជាតិនៅអឺរ៉ុប។ ការកើនឡើងនៃតម្លៃឧស្ម័នធម្មជាតិ ដែលបណ្តាលមកពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន។ បញ្ហានេះក៏បានបន្ថែមបន្ទុកនៅក្រោយវិបត្តិកូវិដ១៩ ដែលវិបត្តិនេះបានបង្កការរាំងស្ទះខ្សែសង្វាក់ផ្គត់ផ្គង់ និងកង្វះកម្លាំងពលកម្ម។ ជារួមបញ្ហាទាំងអស់នេះ បានធ្លាក់ទៅលើប្រជាជន ដែលបង្កការប៉ះពាល់ដល់កម្រិតជីវភាពរស់នៅរបស់ពួកគេ។

ជុំវិញបញ្ហាអតិផរណានេះដែរ, តាមរយៈសារព័ត៌មាន BBC រដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក James Cleverly បានទទួលស្គាល់ថា តួលេខអតិផរណាគឺគួរឲ្យបារម្ភ សម្រាប់ប្រជាជនទូទាំងប្រទេស។ លោកបញ្ជាក់ថា តួលេខ ១០.១ភាគរយ គឺជាអ្វីដែលរដ្ឋាភិបាលបានរំពឹងទុក ដោយលោកបានបន្ថែមថាការជួយជ្រោមជ្រែងលើតម្លៃថាមពលពីរដ្ឋាភិបាលនឹងជួយកាត់បន្ថយអតិផរណាជារួម៕

ដោយ៖យ៉ាន អាន/ CPA

ads banner