មេដឹកនាំហុងកុងបង្ហាញឆន្ទៈជំរុញភាពរុងរឿងឡើងវិញបន្ទាប់ពីហុងកុងញាំញីដោយបញ្ហា

ហុងកុង៖ មេដឹកនាំហុងកុងលោក ចន លី(John Lee) នឹងធ្វើសុន្ទរកថា បើកសម្ពោធគោលនយោបាយរបស់លោកនៅថ្ងៃពុធ ទី១៩ ខែតុលា ដែលត្រួវបានគេរំពឹងទុកថា នឹងផ្តោតជាពិសេសលើការស្តារឡើងវិញនូវអត្តសញ្ញាណគោលរបស់ទីក្រុងហុងកុងដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិមួយ និងបញ្ហាលំដៅឋាន បន្ទាប់ពីហុងកុងបានពង្រីកសកម្មភាពបិទទ្វារក្រុងបង្ការពីការរាតត្បាតជំងឺកូវីដ១៩ និងចលាចលនយោបាយផ្ទៃក្នុង។

លោក John Lee  ដែលមានអតីតភាពការងារជាមន្ត្រីប៉ូលីសដែលមានចំណេះជំនាញផ្នែកហិរញ្ញវត្ថុ នឹងត្រួវចូលខ្លួនទទួលភារកិច្ចដ៏ធ្ងន់ក្នុងការលើកកម្ពស់នូវភាពប្រកួតប្រជែងក្នុងតំបន់សម្រាប់ហុងកុង បន្ទាប់​ពីសេដ្ឋកិច្ចតំបន់ស្វយ័តនេះបានពើបប្រទះនឹងការធ្លាក់ចុះរង្វង់ ១,៣ភាគរយ ក្នុងត្រីមាសទី២ ឆ្នាំ២០២២ នេះ។

គិតរាប់ពីឆ្នាំ២០២០មក ការដាក់កំហិតខ្លាំងជ្រុលលើគោលការណ៍ការរឹតត្បឹតពីជំងឺកូវីដ១៩ កន្លងមក បានវាយប្រហារយ៉ាងខ្លាំងលើហាងទំនិញនានា ភោជនីយដ្ឋាន ដែលនាំឲ្យវិស័យទេសចរណ៍ត្រូវផ្អាកជាបណ្តោះអាសន្ន និងជាកត្តានាំឲ្យជនបរទេសចាកចេញពីក្រុងដែលគ្រប់គ្រងដោយរដ្ឋបាលក្រុងប៉េកាំងនេះជាបណ្តើរៗ។

លោក លី បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅថ្ងៃអង្គារថា ជាការសង្កត់ធ្ងន់លើតម្រូវការរបស់ហុងកុង ដើម្បីឲ្យក្រុងនេះអាចងើបចាប់ផ្តើមឡើងវិញដោយខ្លួន ដោយដកស្រង់សម្រង់សម្តីចេញពីសុន្ទរកថារបស់មេដឹកនាំចិនលោក ស៊ី ជីនពីង( Xi Jinping) នាពេលថ្មីៗនេះ ដែលលោកបានលើកឡើងថា រដ្ឋាភិបាលក្រុងប៉េកាំងនឹងជួយហុងកុង “ដោះស្រាយបញ្ហាស៊ីជម្រៅនិងបញ្ហាក្នុងកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គម​​​​​” និងបង្រួបបង្រួម “តួនាទីអន្តរជាតិ” របស់ហុងកុងលើផ្នែកហិរញ្ញវត្ថុ ពាណិជ្ជកម្ម និងផ្នែកនានាទៀត។

លោក លី បាននិយាយថា៖« ឥឡូវនេះ យើងកំពុងចាប់ផ្តើមបោះជំហ៊ានក្នុងជំពូកថ្មីសម្រាប់ភាពរុងរឿងបន្ថែមទៀត ហើយនេះជាដំណាក់កាលថ្មីមួយសម្រាប់ហុងកុង »។

មេដឹកនាំហុងកុងរូបនេះ បន្ថែមដោយសំដៅដល់បញ្ហាបាតុកម្មកាលពីឆ្នាំ២០១៩ ដូច្នេះថា៖«ហុងកុងបានងើបចេញពីភាពវឹកវរប្រែក្លាយទៅជាមានសណ្តាប់ធ្នាប់ ហើយឥឡូវនេះ យើងកំពុងផ្លាស់ប្តូរពីភាពមានសណ្តាប់ធ្នាប់ទៅកាន់ភាពរុងរឿង»។

គួរបញ្ជាក់ថា ការឆ្លើយតបរបស់រដ្ឋាភិបាលទីក្រុងប៉េកាំងកន្លងមក  ចំពោះការតវ៉ាពាក់ព័ន្ធនឹងការពង្រឹងច្បាប់សន្តិសុខជាតិកាលពីឆ្នាំ២០២០ បានជំរុញឲ្យមានការជម្លៀសខ្លួនពីសំណាក់ប្រជាជនហុងកុងទៅកាន់បណ្តាប្រទេសនានារួមមាន អង់គ្លេស។

មេដឹកនាំក្រុងហុងកុង លោក ចន លី នេះត្រូវបានសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មពាក់ព័ន្ធនឹងតួនាទីរបស់លោកក្នុងសកម្មភាពបង្ក្រាបលើចលនាបោះបោរ ជុំវិញការបំបិទសិទ្ធិសេរីភាព។

ផ្អែកតាមរបាយការណ៍របស់រដ្ឋាភិបាល បានឲ្យដឹងថា មានមនុស្សជាង ២សែននាក់ បានចាកចេញពីហុងកុង ជាការចាកចេញដ៏ធំនារយៈកាល ២ឆ្នាំចុងក្រោយនេះ។

យោងតាមកាសែត South China Morning Post បានបញ្ជាក់ថា ក្នុងការងាររក្សាធនធានកម្លាំងពលកម្មបរទេស គេរំពឹងថា លោក លី នឹងប្រកាសពីសំណងប្រាក់លើពន្ធប្រថាប់ត្រា ចំពោះជនបរទេសដែលជាម្ចាស់អចលនទ្រពក្នុងក្រុងហុងកុងសម្រាប់រយៈពេលជាងបីឆ្នាំ ដែលយល់ព្រមស្នាក់នៅជាអចិន្ត្រៃយ៍។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ទិដ្ឋាការថ្មីរយៈពេល ១៨ខែ ក៏នឹងត្រូវបានគេរំពឹងថា ដាក់ឲ្យដំណើរការផងដែរ សម្រាប់និស្សិតបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យកំពូលៗ ក្នុងគោលដៅផ្លាស់ប្តូរការយល់ដឹង និងបំពេញចន្លោះសមត្ថភាពធនធានមនុស្សដល់ហុងកុង។

ចំពោះបញ្ហាលំនៅឋានវិញ លោក ចន លី  បានប្តេជ្ញាថានឹង អនុវត្តជាក់ស្តែង នូវការបង្កើនការផ្គត់ផ្គង់ដីធ្លី និងផ្ទះសម្បែង។

លំនៅឋានដែលមានតម្លៃសមរម្យ តែងតែនយោបាយអាទិភាពសម្រាប់មេដឹកនាំហុងកុងទាំងឡាយ ចាប់តាំងពីសម័យកាលបញ្ចប់អាណានិគមអង់គ្លេសត្រឡប់ទៅការគ្រប់គ្រងរបស់ចិនម្ល៉េះពីឆ្នាំ១៩៩៧។ ទោះបីជាមានការខំប្រឹងប្រែងពីសំណាក់បណ្តាមេដឹកនាំទាំងនោះក្តី ក៏មនុស្សជាច្រើនត្រួវរស់នៅក្នុងសភាពផ្ទះល្វែងដែលតូចចង្អៀត​ ហើយថែមទាំងមានតម្លៃថ្លៃជាងគេបំផុតក្នុងពិភពលោកផង។

តម្លៃអចលនទ្រព្យនៅតែជាបញ្ហាចោទហើយមានភាពធន ទោះបីជាឆ្លងកាត់មហាបាតុកម្មឆ្នាំ២០១៩ និងវិបត្តិជំងឺរាតត្បាតនៅឆ្នាំ២០២០ ក្តី ប៉ុន្តែសព្វថ្ងៃ គេរំពឹងថាតម្លៃអចលនទ្រព្យនៅហុងកុងនឹងធ្លាក់ចុះក្នុងអាត្រា ១០ភាគរយ សម្រាប់ឆ្នាំនេះ៕

ដោយ៖ សំបាន ច័ន្ទដារ៉ា

ads banner