បណ្ឌិត្យសភានគរបាលជាតិសម្ពោធអគារហាត់បាញ់គ្រាប់ពិតដែលមានតម្លៃជាងកន្លះលានដុល្លារ
ភ្នំពេញ៖បណ្ឌិតសភានគរបាលជាតិបើកសម្ពោធអគារហាត់បាញ់កាំភ្លើងខ្លីដែលមានតម្លៃ៦០ម៉ឺនដុល្លារ នៅថ្ងៃទី១៩ខែតុលានេះក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។
អគារទំនើបសម្រាប់ហ្វឹកហាត់បាញ់គ្រាប់ពិត ដោយប្រើអាវុធខ្លីនេះស្ថិត នៅបណ្ឌិត្យសភានគរបាលកម្ពុជានាស្រុកកៀនស្វាយ ខេត្តកណ្ដាល។
នាយឧត្តមសេនីយ៍ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានធ្វើរបាយការណ៍ជម្រាបសម្តេចក្រឡាហោមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃថា អគារទំនើបហ្វឹកហាត់បាញ់គ្រាប់ពិតអាវុធខ្លី ដែលសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃនេះ គឺជាអគារដែលទទួលសាងសង់ដោយសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ ដោយចំណាយទឹកប្រាក់ជាង៦០ម៉ឺនដុល្លារ។
លោកបន្តថា៖ «អគារនេះ ដំណើរការសាងសង់រយៈពេលជាងប្រាំខែ លើទីតាំងអគារក្បាច់គុនចាស់ ។មានលក្ខណៈទំនើបស្របតាមស្តង់ដារអន្តរជាតិ អាចហ្វឹកហាត់បាញ់គ្រាប់ពិតបាន១០នាក់ក្នុងមួយលើក ដោយមានប្រព័ន្ធការពារក្បាលគ្រាប់ និងសំឡេងចេញក្រៅ»។
ថ្លែងទៅកាន់អ្នកចូលរួមសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តីបានចាត់ទុកអគារទំនើបហ្វឹកហាត់បាញ់គ្រាប់ពិតអាវុធខ្លី ដែលប្រារព្ធពិធីសម្ពោធនាថ្ងៃនេះថាជាសមិទ្ធផលថ្មីមួយទៀតសម្រាប់បំពេញតម្រូវការបណ្ដុះបណ្ដាលកងកម្លាំងនគរបាលជាតិ ឱ្យកាន់តែមានគុណភាព និងមានសមត្ថភាពវិជ្ជាជីវៈច្បាស់លាស់ សម្រាប់ចេញទៅបម្រើប្រទេសជាតិ និងប្រជាជន បន្ថែមលើមូលដ្ឋាននៃការបណ្ដុះបណ្ដាលផ្សេងទៀតដែលមាននៅបណ្ឌិត្យសភានគរបាលកម្ពុជា។ សម្តេចបានថ្លែងអំណរគុណចំពោះ ម្ចាស់ជំនួយ ដែលបានចូលរួមឧត្ថម្ភគាំទ្រដំណើរការកសាងអគារទំនើបបាញ់គ្រាប់ពិតនេះ។
សម្តេចក្រឡាហោមបានបញ្ជាក់ថា ៖« ក្រសួងមហាផ្ទៃបានផ្ដល់អាទិភាពដល់បណ្ឌិត្យសភានគរបាលកម្ពុជា តាមរយៈការឧត្ថម្ភជាច្រើនដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងបំពាក់សម្ភារសិក្សា និងហ្វឹកហាត់នានាឱ្យស្របតាមតម្រូវការជាក់ស្ដែង និងបានផ្ដល់ការលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងគ្រូនគរបាលជាតិ ដើម្បីលើកកម្ពស់ការងារ និងស្មារតីទទួលខុសត្រូវ ដោយមានជំនឿថារាល់និស្សិត និងសិក្ខាកាមទាំងអស់នឹងក្លាយជានគរបាលជាតិប្រកបដោយសក្ដានុពល»។
សម្តេចបានបង្ហាញការកត់សម្គាល់ចំពោះភាពរីកចម្រើននៃសាលានគរបាលជាតិតាមបណ្ដាភូមិភាគនានាដោយសាលានគរបាលជាតិភូមិភាគនានាកកំពុងមានការអភិវឌ្ឍ ទាំងការសិក្សារៀនសូត្រ និងការកសាងហេដ្ឋារចនាសម្ព័ន្ធថ្មីៗ ដូចជាអគារសិក្សា អគារស្នាក់នៅ ផ្លូវ និងប្រព័ន្ធលូ ដែលជាជំនួយឧត្ថម្ភអភិបាលខេត្តពាក់ព័ន្ធ។
សម្តេចក្រឡាហោម ស ខេង បានគូសបញ្ជាក់អំពីការខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនខុសច្បាប់ អំពើជួញដូរមនុស្ស និងល្បែងស៊ីសងខុសច្បាប់ ដែលជាប្រភពនាំឱ្យកើតមានបទល្មើសផ្សេងទៀតក្នុងសង្គមនិងអាចឈានទៅពាក់ព័ន្ធដល់បទល្មើសសម្អាតប្រាក់ ដែលជាបទឧក្រិដ្ឋអន្តរជាតិ។
សម្តេចក្រឡាហោមបានសង្កត់ធ្ងន់ថាបញ្ហាទាំងនេះទាមទារការចូលរួមឱ្យបានសកម្មបំផុតពីគ្រប់ភាគី ជាពិសេសគឺកងកម្លាំងនគរបាលជាតិដែលមានចំណេះនិងជំនាញច្បាស់លាស់៕ ដោយ៖ វណ្ណ ស័ក្ដិ