ខាំមិនលែង៖ អាមេរិកអះអាងថា កំពង់ផែរាមធ្វើទំនើបកម្មក្រោមជំនួយចិន ខណៈដែលកម្ពុជាថាជាដែនអធិបតេយ្យរបស់ខ្លួន
ភ្នំពេញ៖របាយការណ៍ថ្មីរបស់មជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រនិងអន្តរជាតិ នៃសហរដ្ឋអាមេរិក បានបង្ហាញថា ដំណើរទំនើបកម្មនៅកំពង់ផែរាម មូលដ្ឋានទ័ពជើងទឹកកម្ពុជា កំពុងមានសកម្មភាពវិវត្តន៍យ៉ាងលឿនរហ័សនៅរយៈពេលបីខែចុងក្រោយនេះ។ប៉ុន្តែរដ្ឋមន្ត្រីការពារជាតិកម្ពុជាលោកទៀបាញ់ថា កំពង់ផែរាមជាដែនអធិបតេយ្យភាពរបស់ខ្លួន។
របាយការណ៍របស់អាមេរិកចេញផ្សាយនៅថ្ងៃទី១៨ខែតុលាឆ្នាំ២០២២ អះអាងថា ផ្ទៃដី២៨ហិកតា ដែលស្មើនឹង១៥ភាគរយនៃផ្ទៃដីសរុបកំពង់ផែរាមត្រូវបានឈូសឆាយចាប់តាំងពីខែកក្កដាមក សម្រាប់ដំណើរការសាងសង់អគារថ្មីៗមួយចំនួនក្រោមជំនួយរបស់ចិន។
ការធ្វើទំនើបកម្មកំពង់ផែរាម ត្រូវបានភាគីអាមេរិកដាក់ការសង្ស័យជាហូរហែមកថា ជាការធ្វើទំនើបកម្មសម្រាប់ចំណុះឲ្យការប្រើប្រាស់របស់កងទ័ពចិន។របាយការណ៍ចុងក្រោយរបស់មជ្ឈមណ្ឌលសិក្សាយុទ្ធសាស្រ្ត និងអន្តរជាតិក៏បានបង្ហាញដែរថា កំពង់ផែថ្មីមួយបានចាប់ផ្តើមការសាងសង់កាលពីខែមិថុនា និងបញ្ចប់កាលពីខែកញ្ញាកន្លងទៅនេះ។ ម្យ៉ាងវិញទៀត នាវាបូមខ្សាច់មួយគ្រឿងបានបន្តសកម្មភាពនៅឈូងសមុទ្រ ដើម្បីជីកជម្រៅកំពង់ផែឲ្យកាន់តែជ្រៅសម្រាប់ការចូលចតនាវាធំៗ។
ក៏ប៉ុន្តែ រដ្ឋាភិបាលកម្ពុជាតែងតែទាត់ចោលការសង្ស័យរបស់អាមេរិក ដោយបានបញ្ជាក់ទៅវិញថា ការអភិវឌ្ឍនេះ គឺដើម្បីបម្រើឱ្វិស័យយោធាកម្ពុជា។ សម្តេចពិជ័យសេនា ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ កាលពីថ្ងៃ១៦សីហា បញ្ជាក់ថា៖ «ទំនើបកម្មកំពង់ផែរាម គឺជាការការពារអធិបតេយ្យភាពរបស់កម្ពុជាផ្ទាល់»។ លោកថ្លែងបែបនេះ នៅក្រោយដែលលោកបានត្រលប់មកពីបំពេញទស្សនកិច្ចនៅប្រទេសចិន ចំនួនបួនថ្ងៃ។
បើតាមសម្តេចពិជ័យសេនា ទៀ បាញ់ កម្ពុជាតែងតែស្វាគមន៍ដៃគូទាំងឡាយណា ដែលមានទឹកចិត្តជួយកម្ពុជា ក្នុងការអភិវឌ្ឍន៍វិស័យយោធា ជាពិសេសកំពង់ផែរាម ដែលជាមូលដ្ឋានកងទ័ពជើងទឹករបស់កម្ពុជា។ តែកម្ពុជាក៏នឹងមិនស្តាប់កង្វល់អ្វីដែល ព្រោះកម្ពុជាធ្វើមានតែទៅមុខជានិច្ច។
នៅក្នុងសំណុំរឿងកំពង់ផែរាមនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាធ្លាប់បានអនុញ្ញាតឱ្យអនុព័ន្ធយោធាអាមេរិកទៅពិនិត្យមើល មូលដ្ឋានកងទ័ពជើងទឹកកំពង់ផែរាម តាមសំណើ។ ជាការស្នើរបស់អនុរដ្ឋមន្ត្រីការបរទេសអាមេរិកលោកស្រី Wendy Sherman ក្រោមហេតុផលសង្ស័យថាកម្ពុជាបានអនុញ្ញាតឱ្យចិន ដាក់មូលដ្ឋានទ័ពរបស់ខ្លួននៅទីនោះ។
បើទោះជាត្រូវបានអនុញ្ញាតឱ្យបំពេញទស្សនកិច្ចក៏ពិតមែន ក៏ប៉ុន្តែភាគីអាមេរិកបានដាក់មន្ទិលបន្តទៀត ដ្បិតតំបន់មួយចំនួននៃកំពង់ផែរាម ត្រូវបានរដ្ឋាភិបាលបដិសេធមិនឱ្យដើរមើលគ្រប់កន្លែង។ ការណ៍នេះ ភាគីអាមេរិកបានធ្វើសេចក្តីស្នើជាថ្មី តែត្រូវបានប្រមុខរដ្ឋាភិបាលទាត់ចោលហើយការទាត់ចោលនេះ សម្រាប់សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា គឺសម្តេចបានអះអាងថា នឹងមិនមានការអនុញ្ញាតឱ្យមានការបំពេញទស្សនកិច្ចនៅកំពង់ផែរាម តទៅទៀតឡើយ៕ ដោយ៖ សេក ប្រាក់