មនុស្សប្រាំបីនាក់ស្លាប់និង១៨នាក់របួស ក្នុងហេតុការណ៍ផ្ទុះគ្រាប់បែកនៅខាងក្រៅពន្ធនាគារយ៉ាំងហ្គោនប្រទេសមីយ៉ាន់ម៉ា
មីយ៉ាន់ម៉ា៖យ៉ាងហោចណាស់មានគ្រាប់បែកពីរគ្រាប់បានផ្ទុះនៅខាងក្រៅពន្ធនាគារ ក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មរបស់មីយ៉ាន់ម៉ាឬភូមាកាលពីថ្ងៃពុធទី១៩ខែតុលាឆ្នាំ២០២២។ហេតុការណ៍នោះបានសម្លាប់មនុស្សប្រាំបីនាក់ និង ១៨ នាក់ផ្សេងទៀតរងរបួស។
របបយោធាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការបំផ្ទុះគ្រាប់បែកបានវាយប្រហារហ្វូងមនុស្សតម្រង់ជួរនៅមុខពន្ធនាគារ Insein កាលពីព្រឹកថ្ងៃពុធ ដោយមិនបានបញ្ជាក់ពីចំនួននៃការផ្ទុះដែលបានកើតឡើងនោះទេ។ របបយោធាបាននិយាយថា “ភេរវករ” គឺជាអ្នកប្រព្រឹត្តិអំពើនេះ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកដែលបានដកស្រង់សម្ដីមន្ត្រីពន្ធនាគារបាននិយាយថាបុគ្គលិកពន្ធនាគារយ៉ាងហោចណាស់បីនាក់ស្ថិតក្នុងចំណោមអ្នកស្លាប់។ រូបភាពនៅក្នុងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានថតទីតាំងប្រឡាក់ឈាមនៅលើឥដ្ឋជុំវិញតុបញ្ជរ និងបង្អួចដែលបែកខ្ទេចខ្ទីពីខាងក្រោយ។
តាមសាក្សីម្នាក់បានឱ្យដឹងថា កម្លាំងសន្តិសុខបានបិទបរិវេណតំបន់កើតហេតុទាំងមូលដើម្បីឆែកឆេររកជនសង្ស័យ។ ក្រុមសិទ្ធិមនុស្សនិយាយថា មានអ្នកទោសរាប់រយនាក់ត្រូវបានចាប់ឃុំខ្លួនដោយរបបយោធាក្នុងការបង្ក្រាបលើអ្នកជំទាស់។
ប្រទេសមីយ៉ាន់ម៉ាកើតមានភាពចលាចលចាប់តាំងពីយោធាបានដណ្តើមអំណាចក្នុងរដ្ឋប្រហារកាលពីឆ្នាំមុន៕ ដោយ៖ វណ្ណ ស័ក្តិ