ភាពតានតឹងរវាងតៃវ៉ាន់-ចិន អាមេរិក-ចិន បង្កើតបញ្ហាប្រឈមធ្ងន់ធ្ងរដល់ឧស្សាហកម្មឈីប
តៃវ៉ាន់៖ ការកើនឡើងភាពតានតឹងរវាងតៃវ៉ាន់-ចិន និងសហរដ្ឋអាមេរិក-ចិន បាននាំមកនូវបញ្ហាប្រឈម “កាន់តែធ្ងន់ធ្ងរ” សម្រាប់ឧស្សាហកម្ម semiconductorរបស់តៃវ៉ាន់។ នេះបើតាមការបញ្ជាក់របស់ប្រធានក្រុមហ៊ុនផលិតបន្ទះឈីបតៃវ៉ាន់ TSMC នាថ្ងៃពុធ ទី១៩ ខែតុលានេះ។
តៃវ៉ាន់គឺជាអ្នកផលិតបន្ទះឈីបដ៏ធំរបស់ពិភពលោក ដែលបន្ទះឈីបរបស់ក្រុមហ៊ុនតៃវ៉ាន់ត្រូវបានប្រើស្ទើរគ្រប់ឧបករណ៍រាប់ចាប់ពីរថយន្ត ស្មាតហ្វូន រហូតដល់មជ្ឈមណ្ឌលទិន្នន័យ និងយន្តហោះចម្បាំងជាដើម។ ក្រុមហ៊ុនតៃវ៉ាន់ Semiconductor Manufacturing Co Ltd (TSMC) គឺជាក្រុមហ៊ុនផលិតបន្ទះឈីបដ៏ធំជាងគេរបស់ពិភពលោក និងជាក្រុមហ៊ុន ដែលមានតម្លៃបំផុតនៅផ្សារហ៊ុនអាស៊ី។
ខណៈពេលដែលវិស័យបន្ទះសៀគ្វីកំពុងត្រៀមខ្លួនចំពោះតម្រូវការធ្លាក់ចុះ ដោយសារតែកម្រិតអតិផរណាជុំវិញពិភពលោកកើនឡើងនោះ តៃវ៉ាន់កំពុងប្រឈមមុខនឹងស្ថានភាពកាន់តែតានតឹង។ ការប្រឈមទាំងនោះគឺកើតឡើងរវាងចិនដែលជាទីផ្សារនាំចេញដ៏ធំបំផុតរបស់តៃវ៉ាន់ និងអ្នកផ្គត់ផ្គង់អាវុធអន្តរជាតិដ៏សំខាន់របស់តៃវ៉ាន់ គឺសហរដ្ឋអាមេរិក។ ការប្រឈមមួយទៀតនោះ គឺទីក្រុងប៉េកាំងបង្កើនកម្លាំងយោធាដាក់សម្ពាធបង្ខំឱ្យតៃប៉ិស្ថិតក្រោមអធិបតេយ្យភាពរបស់ចិន។
ថ្លែងនៅក្នុងសន្និបាតប្រចាំឆ្នាំរបស់សមាគមឧស្សាហកម្ម Semiconductor តៃវ៉ាន់ ប្រធានក្រុមហ៊ុន TSMC លោក Mark Liu បានលើកឡើងថា “ជម្លោះពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន និងការកើនឡើងនៃភាពតានតឹងក្នុងច្រកសមុទ្រតៃវ៉ាន់ បាននាំមកនូវបញ្ហាប្រឈមកាន់តែធ្ងន់ធ្ងរដល់ឧស្សាហកម្មទាំងអស់ រួមទាំងឧស្សាហកម្មផលិតបន្ទះឈីបផង។“
លោកបន្តថា ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលរបស់ប្រទេសចិនមិនដែលផ្អាកការលើកកម្ពស់ឧស្សាហកម្មផលិតបន្ទះឈីបក្នុងស្រុករបស់ខ្លួនឡើយ។ ចិនលើកកកម្ពស់ឧស្សាហកម្មនេះ រួមបញ្ជូលទាំងការរចនាបន្ទះឈីប ការផលិត និងការវេចខ្ចប់ជាដើម។ លោក Liu បន្តថានៅសហរដ្ឋអាមេរិកវិញ រដ្ឋាភិបាលបានដាក់ចេញច្បាប់ CHIP Act ដើម្បីគាំទ្រការស្រាវជ្រាវវិស័យបន្ទះឈីប និងផលិតនៅក្នុងប្រទេសតែម្តង។
លោក Liu បានបញ្ជាក់ថា លោកទន្ទឹងរង់ចាំមើលរដ្ឋាភិបាល និងបណ្ឌិត្យសភាតៃវ៉ាន់ក្នុងការអភិវឌ្ឍវិធានការជាក់ស្តែង និងមានលក្ខណៈស្ថាបនាចំពោះគោលនយោបាយឧស្សាហកម្ម ទាក់ទងនឹងការច្នៃប្រឌិត ការស្រាវជ្រាវ និងការអប់រំទេពកោសល្យ ដើម្បីរក្សាគុណសម្បត្តិឧស្សាហកម្ម semiconductor ដែលជាឧស្សាហកម្មសំខាន់បំផុតរបស់តៃវ៉ាន់។
TSMC ដែលជាក្រុមហ៊ុនផលិតបន្ទះសៀគ្វីភាគដ៏ធំនៅតៃវ៉ាន់ កាលពីសប្តាហ៍មុនបានកាត់បន្ថយថវិកាវិនិយោគប្រចាំឆ្នាំរបស់ខ្លួនយ៉ាងហោចណាស់១០ភាគរយ សម្រាប់ឆ្នាំ២០២២ និងបានត្រៀមខ្លួនចំពោះតម្រូវការរបស់ទីផ្សារនាពេលខាងមុខ៕ ដោយ៖ យ៉ាន អាន/CPA