អង្គការ​យូណេស្កូ​ នឹង​ពង្រីក​ដំណើរ​ការ​កម្ម​​វិធី​សម​មូល​ការ​អប់​រំ​កម្រិត​មូលដ្ឋាន​តាម​អ៊ីនធឺណិត នៅ​ក្នុង​ខេត្ត​ចំនួន​១៤ នៅកម្ពុជា

អត្ថបទដោយ៖
CPA

ភ្នំពេញ៖អង្គការ​អប់​រំ វិទ្យាសាស្ត្រ និង​វប្បធម៌​របស់​អង្គការ​សហប្រជាជាតិ (UNESCO) នឹង​ចាប់​ផ្តើម​អនុវត្ត​កម្មវិធី​សមមូល​ការ​អប់​រំ​កម្រិត​មូ​លដ្ឋាន​តាម​អ៊ីនធឺណិត(BEEP នៅ​ក្នុង​ខេត្ត​ចំនួន១៤ ដើម្បី​ផ្ដល់​ការ​អប់​រំ​ដល់​យុវជន​ក្រៅ​សាលា។

កម្ម​វិធី​សម​មូល​ការ​អប់​រំ​កម្រិត​មូល​ដ្ឋាន​តាម​អ៊ិនធឺណិត(BEEP) គឺ​ជា​គំនិត​ផ្តួច​ផ្តើម​មួយ ដែល​សហ​ការ​រវាង​អង្គការ​យូណេស្កូ ក្រសួង​អប់​រំ និង​ក្រសួង​ការ​ងារ ក្នុង​គោល​បំណង​ដោះ​ស្រាយ​បញ្ហា​អត្រា​បោះ​បង់​ការ​សិក្សា​ខ្ពស់​នៅ​កម្រិត​មធ្យម​សិក្សា​បឋម​ភូមិ​នៅ​កម្ពុជា។ នេះ​បើ​​តាម​សេចក្ដី​ប្រកាស​ព័ត៌​មានកាលពី​ថ្ងៃ​ទី១៦ ខែតុលា ឆ្នាំ២០២២។

កម្ម​វិធី​នេះ​ គឺ​ជា​ផ្នែក​មួយ​នៃ​កម្ម​វិធី​ការ​ងារ​សមរម្យ​សម្រាប់​យុវជន​នៅ​កម្ពុជា​ដំណាក់​កាល​ទី II (DEY II) ដែល​ផ្តល់​មូល​និធិ​ជា​ចម្បង​ដោយ​ទី​ភ្នាក់​ងារ​ស្វីស​សម្រាប់​ការ​អភិវឌ្ឍ និង​កិច្ច​សហប្រ​តិបត្តិការ (SDC)។ ពេល​​បញ្ចប់​​កម្ម​វិធីសិស្ស​ទទួល​បានវិញ្ញាបនបត្រ​ស្មើ​នឹង​ថ្នាក់​ទី​៩ ដែល​ទទួល​ស្គាល់​ដោយ​ក្រសួង​ទាំង​ពីរ។ កម្ម​វិធី​នេះ​នឹង​ពង្រីក​ជា​មួយ​មជ្ឈ​មណ្ឌល​សិក្សាចំនួន ២៦នៅ​ក្នុង​ខេត្ត​ចំនួន​១៤ ដើម្បី​ធ្វើ​ឱ្យ​ប្រាកដ​ថា យុវជន​នៅ​ក្រៅ​សាលា និង​ប្រជាជន​ដែល​ខ្វះ​ខាត​កាន់​តែ​ច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទទួល​បាន​ឱកាស​សម​មូល​នៃ​ការ​អប់​រំ​ជាមូ​លដ្ឋាន​សម្រាប់​ការ​បណ្តុះ​បណ្តាល​ជំនាញ​បន្ថែម​ទៀត ​ដើម្បី​គាំ​ទ្រ​ពួក​គេ​ក្នុង​ការ​ទទួល​បាន​ជីវភាពសមរម្យ និង​ការ​ងារ​ប្រកប​ដោយ​ផលិត​ភាព។

ជុំ​វិញ​រឿង​នេះ​លោ​ក លៀវ គឹមឡាយ មន្ត្រី​អប់​រំ​កម្ម​វិធី​ប្រចាំ​អង្គការ​យូណេស្កូ បាន​ប្រាប់​ថា​កម្ម​វិធី B​EEP នេះ​គឺ​មាន​សារៈ​ប្រយោជន៍​ខ្លាំង​ណាស់​សម្រាប់​អ្នក​ដែល​បោះ​បង់​ការ​សិក្សា ជា​ពិសេស​ថ្នាក់​ទី៧ ទី៨ ទី៩ សម្រាប់​ឲ្យ​ពួក​គាត់​រៀន​តាម​អ៊ីនធឺណិត ដែល​មិន​ប៉ះ​ពាល់​ដល់​ម៉ោង​ធ្វើ​ការ​របស់​ពួក​គាត់។

លោកថា ៖«ពេល​ពួក​គាត់​រៀន​ចប់​រយៈ​ពេល​៣​ខែ គឺ​ពួក​គាត់​អាច​ទទួល​បាន​វិញ្ញាបនបត្រស្មើ​នឹង​ថ្នាក់​ទី៩ ដែល​ធ្វើ​ឲ្យ​អ្នក​ដែល​បោះ​បង់​ការ​សិក្សា​ទាំង​អស់​ហ្នឹង ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​ជំនាញ​បន្ត ដែល​ស្ថិត​ក្រោម​ការ​អប់​រំ​របស់​ក្រសួង​ការ​ងារ ឫ​ក៏​នៅ​វិទ្យាល័យ​របស់​ក្រសួង​អប់​រំ»។

លោក លៀវ គឹមឡាយបន្តថា៖ «ដូច្នេះ​កម្ម​វិធី​របស់​យើង​នេះ គឺ​មាន​សារៈ​ប្រយោជន៍​ណាស់ ដែល​ជា​ស្ពាន​សម្រាប់​យុវជន​ដែល​បោះ​បង់​ការ​សិក្សា​អាច​មាន​ឱកាស​បន្ត​ការ​សិក្សា​បណ្ដុះ​បណ្ដាល​ជំនាញ»។

កម្ម​វិធី​នេះ​បាន​ជួយ​ដល់​សិស្ស​តាំង​ពី​ឆ្នាំ២០១៩មក ដែល​មាន​សិស្ស​ចំនួន​១៥០០នាក់ បាន​ចុះ​ឈ្មោះ​ចូល​រៀន ដោយ​ឡែក​សិស្ស​ដែល​ទទួល​ជោគ​ជ័យ​មាន​ចំនួន​៥០០នាក់ ដែល​ពួក​គាត់​បាន​បន្ត​នូវ​ជំនាញ​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈនៅ​ក្រសួង​ការ​ងារ។

លោក គឹមឡាយ បានបន្ថែមថា៖ «យើង​បង្កើត​កម្ម​វិធី​នេះ​ត្រូវ​មាន​ភាព​បត់​បែន ដោយ​សារ​យើង​មើល​ឃើញ​​យុវជន​​ដែល​បោះ​បង់​ការ​សិក្សា​នេះ គឺ​មាន​ភាព​លំបាក​ណាស់ ពួក​គាត់​បោះ​បង់​ការ​សិក្សា​ហើយ ត្រូវ​ទៅ​ធ្វើ​ការ​ពេញ​ម៉ោង»។  

សូម​​បញ្ជាក់​ថានៅ​ក្នុង​របាយ​ការណ៍​ចុង​ក្រោយ​របស់​ក្រសួង​អប់រំសម្រាប់​ការ​អប់​រំ​សិស្ស​កម្រិត​បឋម​សិក្សា និង​មធ្យម​សិក្សា​ទុតិយភូមិ​បាន​បង្ហាញ​ពី​និន្នាការ​ធ្លាក់​ចុះ​ក្នុង​ឆ្នាំ​សិក្សា ២០២១-២០២២ ដែល​មាន​សិស្ស​បឋម​សិក្សា​ប្រមាណ​ជាង ១៥០,០០០ នាក់​ដែល​បាន​បោះ​បង់​ការ​សិក្សា ខណៈ​ដែល​សិស្ស​នៅ​កម្រិត​មធ្យម​សិក្សា​ជាង ១១០,០០០ នាក់​បាន​បោះ​បង់​ការ​សិក្សា​របស់​ពួក​គេ៕ ដោយ៖ ជា សុខនី

ads banner