សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្តូរព័ត៌មានថ្ងៃខែឆ្នាំកំណើត ក្នុងបញ្ជីបោះឆ្នោតនៅព្រឹកស្អែកនេះ
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញ ប្តូរព័ត៌មានថ្ងៃខែឆ្នាំកំណើតក្នុងបញ្ជីឈ្មោះបោះឆ្នោត ដោយប្តូរពី ថ្ងៃទី០៤ ខែមេសា ឆ្នាំ១៩៥១ ទៅថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៥២វិញ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែតុលាស្អែកនេះ។
សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន បានយកថ្ងៃទី០៤ ខែមេសា ឆ្នាំ១៩៥១ ប្រើប្រាស់ជាថ្ងៃខែឆ្នាំកំណើតក្នុងឯកសារផ្សេងៗចាប់ តាំងពីក្រោយថ្ងៃរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ថ្ងៃទី៤ ខែមេសា ជាថ្ងៃដែលសម្តេចចូលព្រៃតស៊ូវាយផ្តួលរបប សាធារណរដ្ឋខ្មែរ តាមការអំពាវនាវរបស់សម្តេច នរោត្តម សីហនុ។ រីឯឆ្នាំកំណើត ឆ្នាំ១៩៥១ គឺជាឆ្នាំដែលអ្នកវាយអង្គុលីលេខ វាយ ខុស។
ទើបតែឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានស្នើទៅ តុលាការ ដើម្បីផ្លាស់ប្តូរថ្ងៃខែឆ្នាំកំណត់ មកថ្ងៃខែឆ្នាំកំណើតពិតវិញ គឺថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៥២។ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ លោក តាំង ស៊ុនឡាយ ប្រធានសាលាដំបូង និងជាចៅក្រមសាលា ដំបូងរាជធានី សម្រេចឱ្យប្រើប្រាស់ថ្ងៃខែឆ្នាំកំណើតពិត និងបង្គាប់ ឱ្យមន្ត្រីអត្រានុកូលដ្ឋានមានសមត្ថកិច្ច ព្រមទាំងអាជ្ញាធរ និងស្ថាប័ន មានសមត្ថកិច្ចពាក់ព័ន្ធកែតម្រូវគល់បញ្ជីសំបុត្របញ្ជាក់កំណើតលេខ២៤១ ចុះថ្ងៃទី០៣ ខែសីហា ឆ្នាំ២០០៦ ក្នុងសៀវភៅបញ្ជាក់ កំណើតលេខ០៣/២០០៦ ចេញដោយមន្ត្រីអត្រានុកូលដ្ឋាន សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រមទាំងឯកសារ បញ្ជាក់អត្តសញ្ញាណពាក់ព័ន្ធផ្សេងទៀតរបស់សម្តេចតេជោ ហ៊ុន សែន។
សូមរំលឹកថា សម្តេចតេជោ ហ៊ុន សែន បានប្រសូតនៅម៉ោង ១២យប់ ថ្ងៃអង្គារ ១៥កើត ខែស្រាពណ៍ ឆ្នាំរោង ចត្វាស័ក ព.ស ២៤៩៦ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ១៩៥២។
ការប្តូរព័ត៌មានផ្សេងៗនៅលើបញ្ជីឈ្មោះបោះឆ្នោតឱ្យត្រូវទៅតាមអត្តសញ្ញាណបណ្ណ គឺមានសារៈសំខាន់ណាស់ ដើម្បីទទួលបាន សិទ្ធិបោះឆ្នោត។ ការប្តូរព័ត៌មាននេះ អាចធ្វើទៅបាននៅពេលដែល គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះបញ្ជីឈ្មោះបោះឆ្នោត ដែលធ្វើឡើងជារៀងរាល់ឆ្នាំ។
នៅឆ្នាំ២០២២នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ចាប់ផ្តើមពិនិត្យបញ្ជីឈ្មោះ និងចុះបញ្ជីឈ្មោះបោះឆ្នោតចាប់ពី ថ្ងៃទី២០ ខែតុលា រហូតដល់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ ដែល មានរយៈពេល ៥០ថ្ងៃ។
ការចុះឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតនៅឆ្នាំ២០២២នេះ គឺ មានសារៈសំខាន់ខ្លាំងណាស់ ដើម្បីទទួលបានសិទ្ធិចូល រួម បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅឆ្នាំ២០២៣។ អ្នកគ្រប់អាយុចូលរួមបោះឆ្នោត បើមិនទៅចុះឈ្មោះបោះឆ្នោតទេ មិនមានសិទ្ធិចូលរួមបោះឆ្នោតឆ្នាំ២០២៣នោះឡើយ។ អ្នកមានអាយុ ១៨ឆ្នាំឡើង ឬ អ្នកកើតមុន ឬ កើតត្រឹមថ្ងៃទី២៤ ខែកក្កដាឆ្នាំ២០០៥សុទ្ធតែអាចចុះឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត។
សូមជម្រាបថា គិតត្រឹមឆ្នាំ២០២២ ប្រជាពលរដ្ឋខ្មែរមានឈ្មោះ ក្នុងបញ្ជីឈ្មោះបោះឆ្នោតមានចំនួន ៩,២០៥,៦៨១នាក់៕
ដោយ៖ វណ្ណលុក