គ.ជ.ប ជំរុញឱ្យពលរដ្ឋដែលមិនទាន់មានឈ្មោះក្នុងបញ្ជីទៅចុះឈ្មោះបោះឆ្នោតនៅឃុំសង្កាត់ដែលខ្លួនរស់នៅ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ជំរុញឱ្យពលរដ្ឋដែលមិនទាន់មានឈ្មោះក្នុងបញ្ជីទៅចុះឈ្មោះបោះឆ្នោតនៅឃុំសង្កាត់ដែលខ្លួនរស់នៅ។នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់គ.ជ.ប ដែលចេញផ្សាយនៅរសៀលថ្ងៃទី១៩ខែតុលា។

សមាជិកគ.ជ.ប លោក មាន សទិ ឱ្យដឹងថា  ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ មានរយៈពេល ៥០ថ្ងៃ គឺចាប់ពីថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២។ លោកបញ្ជាក់ថា ៖«ការចុះឈ្មោះបោះឆ្នោត ត្រូវធ្វើការជារៀងរាល់ថ្ងៃ រួមទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ពេលព្រឹកចាប់ពីម៉ោង ៧:០០នាទី ដល់ម៉ោង ១១:៣០នាទីថ្ងៃត្រង់ និងពេលរសៀលចាប់ពីម៉ោង ២:០០ ដល់ម៉ោង ៥:៣០ល្ងាច នៅតាមសាលាឃុំ សង្កាត់ និងទីតាំងមួយចំនួនក្នុងឃុំ សង្កាត់ទាំងអស់នៅទូទាំងប្រទេស»។

លោកបានបន្តថា ក្នុងរយៈពេលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនេះ ក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវបិទការិយាល័យចុះឈ្មោះរៀងរាល់ ១៥ថ្ងៃម្តង ដើម្បីប្រជុំជាមួយក្រុមចុះឈ្មោះបោះឆ្នោត ពិភាក្សាលើការងារដែលបានអនុវត្តកន្លងមក និងរៀបចំការងារដែលត្រូវធ្វើបន្តទៅទៀត។ ការបិទការិយាល័យចុះឈ្មោះបោះឆ្នោត ត្រូវធ្វើនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ និងនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២។

គ.ជ.បបញ្ជាក់ថា ប្រជាពលរដ្ឋអាចអញ្ជើញទៅពិនិត្យមើលឈ្មោះនៅតាមឃុំ សង្កាត់ ឬតាមគេហទំព័ររបស់ គ.ជ.ប voterlist.nec.gov.kh ឬតាមរយៈ App-NEC KH ក្នុងទូរស័ព្ទដៃ។

លោក មាន សទិ បានបន្ថែមថា៖« ប្រជាពលរដ្ឋខ្មែររស់នៅក្នុងឃុំ សង្កាត់ ដែលមានអាយុយ៉ាងតិច ១៨ឆ្នាំ គិតដល់ថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣គឺអ្នកកើតមុន ឬត្រឹមថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០០៥ ហើយដែលមិនទាន់មានឈ្មោះក្នុងបញ្ជីបោះឆ្នោតនៃឃុំ សង្កាត់ ដែលខ្លួនកំពុងរស់នៅ អាចសុំចុះឈ្មោះបោះឆ្នោតបាន»។

លោកបន្ថែមថា ឯកសារដែលត្រូវយកទៅចុះឈ្មោះបោះឆ្នោត គឺអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ។ ប្រសិនបើអាសយដ្ឋានក្នុងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរស្ថិតនៅក្នុងឃុំ សង្កាត់ ដែលប្រជាពលរដ្ឋកំពុងរស់នៅ នោះក្រុមចុះឈ្មោះបោះឆ្នោតនឹងរៀបចំចុះឈ្មោះជូនតាមនីតិវិធីរបស់ គ.ជ.ប។ ប្រសិនបើអាសយដ្ឋានក្នុងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ខុសពីឃុំ សង្កាត់ ដែលប្រជាពលរដ្ឋសុំចុះឈ្មោះ នោះប្រជាពលរដ្ឋត្រូវយកបន្ថែមនូវសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ឬលិខិតបញ្ជាក់ទីលំនៅក្នុងឃុំ សងា្កត់ ដែលស្នើសុំចុះឈ្មោះ។

លោកបានបន្តថា នីតិវិធីនៃការចុះឈ្មោះ មានភាពងាយស្រួល និងច្បាស់លាស់។ ការបិទផ្សាយត្រូវធ្វើនៅថ្ងៃតែមួយ គឺថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ដែលមានបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីឈ្មោះអ្នកបោះឆ្នោតផងដែរ។ ចំពោះប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅក្រៅប្រទេស អាចចុះឈ្មោះបោះឆ្នោតបាន គឺគាត់ត្រូវតែវិលមកប្រទេសកម្ពុជា ដើម្បីចុះឈ្មោះបោះឆ្នោតក្នុងឃុំ សង្កាត់ ដែលគាត់រស់នៅ ស្របតាមឯកសារដែលគាត់មាន៕ ដោយ៖ វណ្ណ ស័ក្ដិ

ads banner