នាយកអង្គការសុខភាពពិភពលោកព្រមានពីស្ថានភាពជំងឺរាតត្បាតនៅលើពិភពលោក ដែលនៅតែបន្តកើតមាន
អន្តរជាតិ៖អគ្គនាយកអង្គការសុខភាពពិភពលោក(WHO)លោក Tedros Adhanom Ghebreyesus បានព្រមានថា មិនគួរវាយតម្លៃទាបចំពោះស្ថានភាពជំងឺរាតត្បាតនៅលើពិភពលោកនោះទេ ទោះបីជាបរិមាណអ្នកស្លាប់ដោយជំងឺកូវីដ-១៩ បានធ្លាក់ចុះយ៉ាងណាក៏ដោយ។ការថ្លែងរបស់ប្រមុខWHOនេះធ្វើឡើងក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍អាល្លឺម៉ង់កាលពីថ្ងៃទី១៨ខែតុលា។
លោក Tedros Adhanom Ghebreyesus បានអះអាងថា ពិភពលោកនៅតែប្រឈមមុខនឹងការឆ្លងជំងឺផ្សេងៗទៀត ពោលគឺជំងឺរាតត្បាតកូវីដ-១៩ មិនទាន់បញ្ចប់ ជំងឺអ៊ុតស្វានៅតែរីករាលដាលជំងឺអេបូឡានៅក្នុងប្រទេសអ៊ុយហ្គង់ដា ហើយជំងឺអាសន្នរោគត្រូវបានរាយការណ៍ពីប្រទេសចំនួន២៧ ក្នុងនោះប្រទេសចំនួន ១១ មិនធ្លាប់មានតាំងពីមុនមក។
បើតាមប្រមុខ WHO បានឲ្យដឹងថា៖«ជំងឺដែលមិនឆ្លងរាលដាល ដូចជាជំងឺទាក់ទងនឹងសុខភាពផ្លូវចិត្ត ក៏បានក្លាយជាក្តីកង្វល់កាន់តែធំធេងផងដែរ»។
ទាក់ទងនឹងជំងឺរាតត្បាតកូវីដ-១៩ លោក Tedros Adhanom Ghebreyesus បានមានប្រសាសន៍ថា ជំងឺរាតត្បាតនៅតែបន្ត វីរុស SARS-CoV-2 បន្តរីករាលដាល និងពិបាកកំចាត់ទាំងស្រុង នៅពេលដែលវីរុសនេះ បានបំប្លែងខ្លួនជាបន្តបន្ទាប់។
លោកថា៖« គ្រាន់តែពិភពលោកអាចគ្រប់គ្រងជំងឺឲ្យបានល្អក្នុងកម្រិតអប្បបរមា និងកំណត់ចំនួនអ្នកស្លាប់នោះ មនុស្សជាតិនឹងអាចរួមរស់ជាមួយវីរុសបង្កជំងឺនេះបាន»។
សេចក្តីថ្លែងការណ៍របស់នាយកWHO ចំពេលដែលមានការរកឃើញប្រភេទវីរុសបំប្លែងខ្លួនថ្មីៗដូចជាករណីមេរោគOmicron និងចំនួនករណីឆ្លងជំងឺថ្មីកំពុងមាននិន្នាការកើនឡើងជាថ្មីម្តងទៀតនៅក្នុងប្រទេសមួយចំនួន៕ ដោយ៖ វណ្ណ ស័ក្តិ