ទៅកម្សាន្តនៅរមណីយដ្ឋានបឹងយក្សឡោមគួរកុំភ្លេចទិញរបស់អនុស្សាវរីយ៍ដែលធ្វើដោយបងប្អូនជនជាតិ
រតនគិរី៖បឹងយក្សឡោមជារមណីយដ្ឋានធម្មជាតិដ៏ស្រស់ត្រកាលហើយក៏ជាទីកន្លែងកម្សាន្តមួយលេចធ្លោជាងគេក្នុងចំណោមតំបន់ទេសចរណ៍ដទៃទៀតក្នុងខេត្តរតនគិរី។ទីនោះមានផ្ទៃបឹងធំ ល្វឹង ល្វើយ ជាមួយនឹងទឹកពណ៌ខៀវស្រងាត់គួរឱ្យចង់ហែល លេង។
បើគេមើលពីទិដ្ឋភាពក្នុងបឹងយក្សឡោមស្ទើរដាច់កន្ទុយភែ្នក មាន ព្រៃព្រឹក្សា ដុះអមជុំវិញបឹងដែលផ្តល់ជាម្លប់ សម្រាប់ជ្រក គេចពី កម្ដៅ។ នៅតាមផៃ្ទទឹកមានពណ៌ខៀវស្រងាត់ ទឹកត្រជាក់ថ្លាយង់ ស្ទើរតែ អាចឆ្លុះមុខបាន ។អ្នកទេសចរមួយចំនួនកាលបើ ទៅដល់ផ្ទៃ បឹងនេះតែងថតរូបនិងអ្នកខ្លះបានងូតទឹកកម្សាន្តយ៉ាងសប្បាយរីករាយ។
បច្ចុប្បន្នរមណីយដ្ឋានធម្មជាតិបឹងយក្សឡោមកំពុងតែទាក់ទាញចំណាប់អារម្មណ៍ពីភ្ញៀវទេសចរ ទាំងជិតឆ្ងាយមិនថា ជាតិ និង អន្តរជាតិ ឱ្យចូលមកទស្សនាឥតដាច់។ស្ទើររៀងរាល់ថ្ងៃសៅរ៍-អាទិត្យ និងថ្ងៃបុណ្យជាតិសំខាន់ៗគេតែងឃើញសហគមន៍ បឹងយក្សឡោម រៀបចំឆាកសម្តែងសិល្បៈបង្ហាញអំពី វប្បធម៌ ប្រពៃណីរបស់បងប្អូនជនជាតិទំពួន ជូនភ្ញៀវទស្សនាកម្សាន្ត។
ភ្ញៀវទេសចរជាច្រើនដែលមកដល់ទីកន្លែងកម្សាន្តខេត្តរតនៈគិរីមួយកន្លែងនេះតែងជួលសម្លៀកបំពាក់ជនជាតិភាគតិចស្លៀកពាក់ដើម្បីថតរូប ទុកជាអនុស្សាវរីយ៍ក្នុងដំណើរកម្សាន្តរបស់ពួកគេ ទៀតផង។
អ្នកស្រី ស៊ីន នាង អ្នកលក់របស់របរនៅតំបន់បឹងយក្សឡោមបាន ឱ្យដឹងថានារដូវវស្សានេះចំនួនភ្ញៀវទេសចរ តាមដែលអ្នកស្រី សង្កេត ឃើញគឺមានការធ្លាក់ចុះបន្តិចបន្តួចហើយការលក់ដូររបស់អ្នកស្រីក៏ជួបការលំបាកមួយចំនួនដែរ។
ស្រ្តីរូបនេះបានបញ្ជាក់បន្ថែមថា”ខ្ញុំលក់របស់របរដែលជារបស់ជនជាតិដើមភាគតិចក្នុងនេះមានទាំងសម្លៀកបំពាក់ របស់ប្រើប្រាស់ ស្រា ជាដើម។របស់ទាំងអស់នេះបានយកមកទីជនជាតិភាគ តិចដោយ ផ្ទាល់។សព្វថ្ងៃភ្ញៀវដែលចូលមកកម្សាន្តតែងចូលទិញស្ទើរគ្រប់គ្នា ធ្វើឱ្យខ្ញុំអាចរកចំណូលគ្រាន់ដោះស្រាយជីវភាពអញ្ចឹងដែរ”។
លោកស្រី ទិន ង៉ុយអ្នកលក់ចំណីចំណុកបែបជនជាតិនៅ រមណីយ ដ្ឋានធម្មជាតិនេះបានឱ្យដឹងដែរថា៖អ្នកស្រីលក់អាហារជូន ដល់ភ្ញៀវទេសចរនេះគឺអាចរកចំណូលគ្រាន់ដោះស្រាយជីវភាព។ក្នុងមុខរបរនេះអ្នកស្រីអាចរកចំណូលចាប់ពី៣ម៉ឺន ដល់៥ម៉ឺនរៀល ក្នុងមួយថ្ងៃ។
ស្រ្តីជនជាតិភាគតិចទំពួនរូបនេះបានរៀបរាប់ប្រាប់ថាក្នុងថ្ងៃសៅរ៍និងថ្ងៃអាទិត្យតែងមានភ្ញៀវទេសចរចូលកម្សាន្តនៅបឹងយក្សឡោមច្រើនហើយក្នុងថ្ងៃនេះដែរអ្នកស្រីតែងមកលក់នំចំណីជូនភ្ញៀវទេសចរមិនដែលខាន។អ្នកស្រីអាចរកចំណូលដើម្បីដោះស្រាយចិញ្ចឹម គ្រួសារ។
គួរបញ្ជាក់ថាបឹងយក្សឡោម ប្រៀបដូចជាអាងស្តុបទឹកដ៏ធំមួយ ដែលសម្បូរទៅដោយព្រៃព្រឹក្សាដុះអមជុំវិញ ផ្តល់ជាម្លប់ត្រជាក់ ត្រឈឹងត្រឈៃ សម្រាប់ឱ្យភ្ញៀវទាំងឡាយ ជ្រកលេងកម្សាន្ត ។បឹងមានបរិមាត្រទំហំ ២៦១៣ម៉ែត្រ អង្កត់ផ្ចិត ៨០០ម៉ែត្រ និងមានជម្រៅ ៥០ម៉ែត្រ៕ ដោយ៖ម៉ាដេប៉ូ